ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! អេប៉ុងលាងចានកខ្វក់ អាចជាប្រភពមេរោគបង្កពុលអាហារ និងរាកក្អួត

2 ថ្ងៃ មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អេប៉ុងលាងចានដែលយើងប្រើរាល់ថ្ងៃ អាចក្លាយជាកន្លែងប្រមូលផ្តុំមេរោគ និងបង្កើនហានិភ័យចម្លងមេរោគទៅលើចាន ស្លាបព្រា និងអាហារ។ ដោយសារអេប៉ុងងាយស្រូបយកទឹក សំណល់អាហារ និងជាតិខ្លាញ់ មេរោគអាចកើនចំនួននៅខាងក្នុង ហើយបង្កហានិភ័យពុលអាហារ ដែលអាចបណ្តាលឱ្យរាក ក្អួត និងឈឺពោះ។

តាមការសិក្សាមួយរបស់វិទ្យាស្ថានវាយតម្លៃហានិភ័យសហព័ន្ធអាល្លឺម៉ង់ ក្នុងឆ្នាំ២០២៦ បានរកឃើញថា អេប៉ុងលាងចានអាចផ្ទុកមេរោគបង្កជំងឺ ដូចជា មេរោគសាល់ម៉ូណែឡា និងអ៊ីកូលី។ មេរោគទាំងនេះអាចកើនចំនួននៅក្នុងអេប៉ុង និងផ្ទេរទៅលើផ្ទៃសម្ភារៈផ្សេងៗក្នុងផ្ទះបាយ ទោះបីជាមានសម្ពាធប៉ះតិចតួចក៏ដោយ។ ប្រសិនបើមេរោគទាំងនេះចម្លងទៅលើអាហារដែលមិនបានចម្អិនឱ្យឆ្អិនល្អ ក៏អាចបង្កជំងឺឆ្លងតាមអាហារបានដែរ។

អ្វីដែលគួរឱ្យបារម្ភ គឺមិនមែនអេប៉ុងដែលមានក្លិនស្អុយ ឬមើលទៅកខ្វក់ប៉ុណ្ណោះទេ ទើបមានមេរោគនោះឡើយ។ ការស្រាវជ្រាវបានរកឃើញថា អេប៉ុងខ្លះអាចផ្ទុកមេរោគច្រើន ទោះបីមើលទៅស្អាត និងគ្មានក្លិនក៏ដោយ។ ដូច្នេះ គួរប្តូរអេប៉ុងថ្មី ប្រសិនបើវាចាប់ផ្តើមមានក្លិនស្អុយ មានសំណល់អាហារជាប់ជ្រៅ សាច់អេប៉ុងរលួយ ឬរហែក សើមជាប់យូរ និងបាត់បង់សមត្ថភាពលាងសម្អាត។ មិនគួររង់ចាំរហូតដល់វាខូចខ្លាំង ទើបប្តូរថ្មីនោះទេ។

ដើម្បីកាត់បន្ថយហានិភ័យ គួរលាងសំណល់អាហារចេញពីអេប៉ុងរាល់ពេលប្រើប្រាស់ ច្របាច់ទឹកចេញ និងដាក់នៅកន្លែងមានខ្យល់ចេញចូលល្អ។ មិនគួរប្រើអេប៉ុងដុំតែមួយសម្រាប់លាងចាន ជូតតុ និងសម្អាតកន្លែងដែលមានសំណល់សាច់ឆៅនោះទេ។ ជាពិសេស ប្រសិនបើអេប៉ុងត្រូវបានប្រើសម្អាតកន្លែងប៉ះសាច់ឆៅ គួរបោះចោលជំនួសឱ្យការយកមកប្រើបន្ត។ ការដាក់អេប៉ុងក្នុងម៉ាស៊ីនមីក្រូវ៉េវ ឬស្ងោរអាចជួយកាត់បន្ថយមេរោគមួយចំនួន ប៉ុន្តែមិនធានាថាអាចកម្ចាត់មេរោគទាំងអស់បានទេ។

ជារួម អេប៉ុងលាងចានជាឧបករណ៍តូចមួយ ប៉ុន្តែអាចបង្កហានិភ័យដល់អនាម័យ និងសុខភាពគ្រួសារ ប្រសិនបើប្រើប្រាស់ដោយមិនបានថែរក្សាត្រឹមត្រូវ។ គួរលាងសម្អាត និងទុកឱ្យស្ងួតល្អក្រោយប្រើប្រាស់ ប្តូរថ្មីនៅពេលសមស្រប និងរក្សាអនាម័យផ្ទៃចម្អិនអាហារជាប្រចាំ។ ការប្រុងប្រយ័ត្នលើទម្លាប់តូចៗទាំងនេះ អាចជួយកាត់បន្ថយការចម្លងមេរោគ និងហានិភ័យពុលអាហារ រាក ក្អួតក្នុងគ្រួសារបាន៕