ប្រទេសបារាំង៖ កងកម្លាំងយោធាបារាំងមួយចំនួនតូចកំពុងបំពេញភារកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបណ្ដុះបណ្ដាលកងទ័ព និងជួសជុលយុទ្ធោបករណ៍ ខណៈចំនួនកងកម្លាំងដែលចូលរួមក្នុងបេសកកម្មនេះត្រូវបានបង្កើននាពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Le Monde នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានបញ្ជាក់ថា កងកម្លាំងបារាំងបានធ្វើដំណើរផ្លាស់ប្ដូរវេនចូលទៅបំពេញភារកិច្ចនៅអ៊ុយក្រែនជាបន្តបន្ទាប់ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទោះជាយ៉ាងណា សកម្មភាពនេះមិនត្រូវបានចាត់ទុកថាជាការបញ្ជូនកងទ័ពទៅដាក់ពង្រាយជាផ្លូវការនោះទេ។
បេសកកម្មនេះស្ថិតក្រោមការសម្របសម្រួលរបស់អង្គភាពយោធាដែលដឹកនាំដោយអនុព័ន្ធយោធាបារាំងប្រចាំស្ថានទូតនៅទីក្រុងកៀវ ដែលមានឋានន្តរស័ក្តិឧត្តមសេនីយ៍ផ្កាយ៣។ អង្គភាពនេះមានតួនាទីសម្របសម្រួលការគាំទ្ររបស់បារាំងចំពោះអ៊ុយក្រែន និងត្រូវបានពង្រឹងសមត្ថភាពនាពេលថ្មីៗនេះ។
សកម្មភាពនេះត្រូវបានចាត់ទុកថាជាការអនុវត្តស្រដៀងគ្នានឹងប្រទេសសម្ព័ន្ធមិត្តមួយចំនួន ជាពិសេសចក្រភពអង់គ្លេស ដែលបានផ្ដល់ការបណ្ដុះបណ្ដាល និងជំនួយផ្នែកព័ត៌មានសម្ងាត់ដល់កងកម្លាំងអ៊ុយក្រែននៅក្នុងប្រទេសនេះជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕
ចែករំលែកព័តមាននេះ