សហគមន៍អឺរ៉ុប៖ ការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយជាង ៨.០០០ករណី បានកើតមាននៅតាមសាលារៀន ស្ថាប័ន និងក្រុមហ៊ុននានាទូទាំងអឺរ៉ុប ក្នុងរយៈពេលមួយខែកន្លងមក បណ្ដាលឱ្យមានការជម្លៀសសិស្ស បង្វែរជើងហោះហើរ និងរំខានដល់ការផ្សាយទូរទស្សន៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
គោលដៅសំខាន់ៗគឺសាលារៀននៅចក្រភពអង់គ្លេស អៀរឡង់ និងអ៊ីតាលី។ កាលពីថ្ងៃទី១៩ ខែតុលា សាលារៀនប្រមាណ ៣០០កន្លែងនៅអៀរឡង់ខាងជើង និងយ៉ាងតិច ៣៣កន្លែងនៅស្កុតឡែនបានទទួលសារគំរាមដូចគ្នា ខណៈស្ថាប័នប្រមាណ ២៥កន្លែងនៅប៊ុលហ្គារីក៏រងការគំរាមផងដែរ។
ក្រៅពីសាលារៀន ក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន ស្ថាប័នព័ត៌មាន និងអង្គការសប្បុរសធម៌ក៏រងផលប៉ះពាល់។ ក្នុងចន្លោះថ្ងៃទី២ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ជើងហោះហើរជាង ៥០ជើង របស់ក្រុមហ៊ុនអាកាសចរណ៍ប្រមាណ ១៥ក្រុមហ៊ុន បានទទួលសារគំរាមក្លែងក្លាយ បណ្ដាលឱ្យមានការបង្វែរទិសដៅ និងលុបចោលជើងហោះហើរមួយចំនួន។
តាមការស៊ើបអង្កេត សារគំរាមមួយចំនួនត្រូវបានផ្ញើពីគណនីអ៊ីមែលដែលគេបានលួចគ្រប់គ្រង ហើយមានសារខ្លះប្រើចំណងជើងថា «មរណភាពជិតមកដល់»។ បច្ចុប្បន្ន អាជ្ញាធរអឺរ៉ុបកំពុងស៊ើបអង្កេតលទ្ធភាពនៃការជ្រៀតជ្រែកពីបរទេស ខណៈក្រុមមួយនៅរុស្ស៊ីដែលត្រូវបានប្រើឈ្មោះក្នុងសារគំរាម បានបដិសេធថាមិនពាក់ព័ន្ធនឹងករណីនេះឡើយ៕
ចែករំលែកព័តមាននេះ