ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមានការ​សោកស្តាយ និង​ព្រួយបារម្ភ​ចំពោះ​ផល​ប៉ះពាល់​ថ្មី​ៗ​ដោយ​សំណល់​ជាតិ​ផ្ទុះ ដែល​យោធា​ថៃ​បាន​បន្សល់​ទុក នៅ​ក្នុង​ខេត្ត​ចំនួន​៧ តាម​បណ្តោយ​ព្រំដែន

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​វេទិកា​កម្រិត​ខ្ពស់​នៃ​សន្និសីទ​ស្តី​ពី​សកម្មភាព​មីន​អ៊ុយ​ក្រែ​ន​ឆ្នាំ​២០២៦ (Ukraine Mine Action Conference 2026) នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​សម្តែង​ការ​សោកស្តាយ និង​ព្រួយបារម្ភ​ចំពោះ​ផល​ប៉ះពាល់​ថ្មី​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដែល​យោធា​ថៃ ​បាន​បន្សល់​ទុក​សំណល់​ជាតិ​ផ្ទុះ​ជា​ច្រើន នៅ​ក្នុង​ខេត្ត​ចំនួន​៧​របស់​កម្ពុជា តាម​បណ្តោយ​ព្រំដែន​ ។

ឯកឧត្តម ​បាន​លើក​ឡើង​ថា ជម្លោះព្រំដែន​ដែល​បាន​ផ្ទុះ​ឡើង​វិញ​ក្នុង​ឆ្នាំ​២០២៥ បាន​បង្កើត​ការ​គំរាមកំហែង​ថ្មី​ដោយ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ដល់​ប្រជាពលរដ្ឋ និង​សហគមន៍​នៅ​តំបន់​ព្រំដែន​។ ស្ថានភាព​នេះ​បង្ហាញ​ថា ការ​ស្តារ​សុវត្ថិភាព​លើ​ដី​ ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះ ត្រូវការ​ពេលវេលា ការ​ប្តេជ្ញា​ចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស ​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​រាប់​ទសវត្សរ៍ និង​បាន​ចំណាយពេល​ជាង​៣០​ឆ្នាំ ក្នុង​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​បាន​រក​ឃើញ និង​បំផ្លាញ​យុទ្ធភណ្ឌ​ផ្ទុះ​រាប់​លាន​គ្រាប់​។ ទោះបីជា​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក៏​ដោយ បេសកកម្ម​នេះ​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ ខណៈ​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជា​កសិករ នៅ​តែ​ប្រឈម​នឹង​គ្រោះថ្នាក់​ពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ដែល​បន្សល់​ទុក​តាំងពី​អតីតកាល​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​បាន​ផ្ញើ​សារ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ថា​៖ «​សង្គ្រាម​អាច​បញ្ចប់​នៅ​ពេល​ណាមួយ ប៉ុន្តែ​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម អាច​បន្ត​គំរាមកំហែង​ដល់​អាយុជីវិត​មនុស្ស​ជា​ច្រើន​ជំនាន់ បើ​ទោះបីជា​សង្គ្រាម​បាន​បញ្ចប់​ទៅ​ហើយ​ក៏​ដោយ​» ៕