ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារ៉ែនស្ទាក់ចាប់ដ្រូន ខណៈអ៊ីរ៉ង់អះអាងថាកំណត់គោលដៅលើរ៉ាដាអាម៉េរិក

2 ថ្ងៃ មុន

អន្តរជាតិ៖ ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសបារ៉ែនបានស្ទាក់ចាប់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ខណៈកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានអះអាងថា ប្រតិបត្តិការនេះមានគោលដៅលើប្រព័ន្ធរ៉ាដារបស់កងទ័ពអាម៉េរិក នៅមូលដ្ឋានទ័ពអាកាស Isa ក្នុងប្រទេសបារ៉ែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera និង AFP នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានអះអាងថា ការវាយប្រហារនេះជាផ្នែកមួយនៃប្រតិបត្តិការប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងអាម៉េរិកក្នុងតំបន់។ ចំណែកយោធាអាម៉េរិកបានបញ្ជាក់ថា ដ្រូនទាំងនោះត្រូវបានស្ទាក់ចាប់ ដោយមិនបង្កការខូចខាតដល់សម្ភារៈយោធា ឬបណ្ដាលឱ្យមនុស្សរងរបួសឡើយ។

ក្រោយមានសំឡេងផ្ទុះនៅរដ្ឋធានីម៉ាណាម៉ា អាជ្ញាធរបារ៉ែនបានផ្ញើសារព្រមានតាមទូរស័ព្ទ ដោយណែនាំប្រជាពលរដ្ឋឱ្យទៅកាន់ទីតាំងមានសុវត្ថិភាព។ ក្រោយមក អាជ្ញាធរបានចេញសារបញ្ជាក់ថា ស្ថានការណ៍បានវិលទៅរកភាពប្រក្រតីឡើងវិញ ប៉ុន្តែវិធានការប្រុងប្រយ័ត្នសន្តិសុខនៅតែបន្តអនុវត្ត។

ហេតុការណ៍នេះកើតឡើងចំពេលភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់កំពុងកើនឡើង ហើយកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមនៅតែជាប់គាំង។ បារ៉ែនក៏ជាទីតាំងមូលដ្ឋានកងនាវាទី៥ របស់កងទ័ពជើងទឹកអាម៉េរិក ដែលធ្វើឱ្យស្ថានការណ៍សន្តិសុខក្នុងតំបន់កាន់តែមានការយកចិត្តទុកដាក់៕