ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ច​ខេត្តស្វាយរៀង បង្ក្រាប​ទីតាំង​ឆបោក​តាម​អន​ឡាញ ចំនួន​៧​កន្លែង ឃាត់ខ្លួន​ជនបរទេស ២៦​នាក់

2 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ ក្រោម​ការ​ចង្អុលបង្ហាញ​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ចំនួន​៧​ល្វែង ស្ថិត​ក្នុងភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោកស្រី ស៊ឺ​ន យ៉ឺ​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដោយ​មានការ​ចូលរួម​ពី លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា​, លោក​វរសេនីយ៍ឯក ឡាយ ច​ន្នី និង​លោក​វរសេនីយ៍ឯក ស្រេង ហួត ស្នងការ​រង​នគរបាល​ខេត្ត​, គណៈ​បញ្ជា​ឯកភាព​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក រ៉េ​ត រក្សា អភិបាលរង​ក្រុង​, កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សំ សំ​អុល អធិការ​នគរបាល​ក្រុង រួម​ជាមួយ​កម្លាំង​បង្ការ​បង្ក្រាប​បទល្មើស​ផ្សេង​ៗ​ជា​ច្រើន​រូប​ទៀត ។

តាម​រយៈ​ការ​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​លើ​ទីតាំង​សង្ស័យ​ទាំង​៧​ល្វែង សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង និង​ជនបរទេស​ពាក់ព័ន្ធ រួម​មាន ៖
១. ទីតាំង​ទី​១៖ ផ្ទះ​លេខ A-3 (​យីហោ ម្ហូប​ស្រុក​កំណើត​ហឺ​ណា​ន អាន​ហួយ​) រក​ឃើញ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ១១​នាក់ (​ស្រី ៤​នាក់ មាន​លិខិតឆ្លងដែន​) និង​ជនជាតិ​ខ្មែរ ១​នាក់ (​ស្រី​) ព្រមទាំង​កុំព្យូទ័រ All-in-One ០៩​គ្រឿង​, ទូរ​សព្ទ​ចម្រុះ ១១​គ្រឿង និង​ទូរ​សព្ទ​ផ្ទាល់ខ្លួន ១៩​គ្រឿង​។
២. ទីតាំង​ទី​២៖ យីហោ ហាង​លក់​ទា មាន់ ក្ងាន និង​គ្រឿង​សមុទ្រ រក​ឃើញ​កុំព្យូទ័រ All-in-One ០៥​គ្រឿង និង​ទូរ​សព្ទ​ចម្រុះ ៣១​គ្រឿង​។
៣. ទីតាំង​ទី​៣៖ ផ្ទះ​លេខ B-17 រក​ឃើញ​កុំព្យូទ័រ All-in-One ១៣​គ្រឿង​, ទូរ​សព្ទ​ចម្រុះ ២២​គ្រឿង​, ម៉ូនីទ័រ ០២​គ្រឿង​, ធុង CPU ០២​គ្រឿង និង​លិខិតឆ្លងដែន ០២​ក្បាល​។
៤. ទីតាំង​ទី​៤៖ ផ្ទះ​លេខ B-18 (​យីហោ ក្លឹ​ប​ប៊ី​យ៉ា​ដែកភ្លើង​) រក​ឃើញ​កុំព្យូទ័រ All-in-One ២១​គ្រឿង និង​ទូរ​សព្ទ​ចម្រុះ ០៥​គ្រឿង​។
៥. ទីតាំង​ទី​៥៖ ផ្ទះ​លេខ C-3 រក​ឃើញ​កុំព្យូទ័រ All-in-One ០៧​គ្រឿង​, ទូរ​សព្ទ​ចម្រុះ ១៩​គ្រឿង និង​លិខិតឆ្លងដែន ០១​ក្បាល​។
៦. ទីតាំង​ទី​៦៖ ផ្ទះ​លេខ A-13 រក​ឃើញ​ជនជាតិ​វៀតណាម ១៤​នាក់ (​ស្រី ០៤​នាក់ មាន​លិខិតឆ្លងដែន ០៥​នាក់​), កុំព្យូទ័រ All-in-One ២៤​គ្រឿង និង​ទូរ​សព្ទ​ផ្ទាល់ខ្លួន ០៧​គ្រឿង​។
៧. ទីតាំង​ទី​៧៖ ផ្ទះ​លេខ A-11 យីហោ ក្រុមហ៊ុន​ដឹក​ជញ្ជូន ស៊ុន​ហុង​តា (SHUNFENGDA EXPRESS) សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​០១​នាក់ ឈ្មោះ ZHANG JINYU ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ដែល​ពួន​លាក់ខ្លួន​ក្នុង​រថយន្ត​ម៉ាក Ford ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2CL-9369​។
ក្រោយ​ការ​ឆែកឆេរ​ក្នុង​រថយន្ត និង​ទីតាំង​ផ្ទះ រក​ឃើញ​លិខិតឆ្លងដែន ២​ក្បាល​, កុំព្យូទ័រ All-in-One ២​គ្រឿង​, ធុង CPU ២​គ្រឿង​, ម៉ូនីទ័រ ១​គ្រឿង​, ទូរ​សព្ទ​ផ្ទាល់ខ្លួន ១​គ្រឿង​, ថេ​ប្លែ​ត ១​គ្រឿង និង​កូនសោ​អគារ C-3 ចំនួន ២​។

ក្រោយ​ពី​បាន​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​លើ​សម្ភារៈ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទាំងនោះ ក្រុមការងារ​រក​ឃើញ​មាន​តម្រុយ​យ៉ាង​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)​។ ហេតុនេះ សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន ២៦​នាក់ (​ស្រី ០៩​នាក់​) រួម​ទាំង​វត្ថុ​តាង​ជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទាំងអស់ ប្រគល់​ជូន​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​បន្ត​នីតិវិធី​ច្បាប់ និង​បាន​សម្រេច បិទ​ទីតាំង​ផ្ទះល្វែង​ទាំង​៧​ខាងលើ​ជា​បណ្តោះអាសន្ន ផង​ដែរ​៕