រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរប្លន់ ដែលបានបាញ់សម្លាប់ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់២នាក់ កាលពីយប់ថ្ងៃទី១៤សីហា កន្លងមកនេះ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ ហើយនៅពេលនេះសមត្ថកិច្ចកំពុងតាមប្រមាញ់។ នេះបើយោងតាមលោកស្នងការនគរបាលរាជធានីភ្នំពេញ ទូច ណារ៉ុថ ដែលថ្លែងតាមទូរស័ព្ទប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី១៦ សីហានេះ។
លោកស្នងការទូច ណារ៉ុថ បានបញ្ជាក់ទៀតថា សមត្ថកិច្ចមានដីកាតាមចាប់ខ្លួនហើយ ហើយដោយសារពុំទាន់មានបញ្ជាពីថ្នាក់លើអោយមាន ការបង្ហាញឈ្មោះជនសង្ស័យប្រាប់អ្នកកាសែតនោះ លោកសុំត្រឹមតែបញ្ជាក់ថា ជនសង្ស័យគឺជាមន្រ្តីកងរាអាវុធហត្ថរាជធានីភ្នំពេញ និងជាមុខសញ្ញាចោរប្លន់ពេលយប់។ លោកឧត្តមសេនីយ៍ទូច ណារ៉ុថ បញ្ជាក់ទៀតថា ជនសង្ស័យមិនទាន់ចេញពីភ្នំពេញនៅឡើយទេ ហើយនៅពេលនេះមន្រ្តីជំនាញកងរាជអាវុធហត្ថ និង ប៉ូលិស ក៏ដូចជាអាជ្ញាធរមូលដ្ឋាន កំពុងសហការគ្នាតាមប្រមាញ់ឧក្រិដ្ឋជនរូបនេះយកមកផ្ទន្ទា ទោសតាមច្បាប់ ។
គួររំលឹកថា មន្ត្រីប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានី ២នាក់ ត្រូវជនសង្ស័យដែលគេអះអាងថា ជាមុខសញ្ញាចោរប្លន់ម្នាក់បានបាញ់សម្លាប់ ខណៈពេលបើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2A-5777 មួយគ្រឿង តាមប្រមាញ់ និងស្ទាក់ដើម្បីត្រួតពិនិត្យ។ ហេតុការណ៍បាញ់សម្លាប់មន្ត្រីប៉ូលិសនេះបានត្រូវសមត្ថកិច្ចឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ សីហា នៅចំណុចមុខមន្ទីរពហុព្យាបាលម៉ៅ សារី តាមបណ្តោយផ្លូវលេខ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ តាមសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យមានគ្នាតែម្នាក់ឯងទេ ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ មួយគ្រឿង បានបាញ់ស្រោចដោយកាំភ្លើងខ្លី បណ្តាលឱ្យមន្ត្រីប៉ូលិសម្នាក់ដួលស្លាប់នៅលើដងផ្លូវទាំងដៃកាន់កាំភ្លើងខ្លីម៉ាក BERETTA និងម្នាក់ទៀតស្លាប់នៅជាប់ចង្កូតរថយន្ត។ មន្ត្រីប៉ូលិសរងគ្រោះទី១-លោកគង់ សុវិចិត្រ ហៅជា អាយុ៣២ឆ្នាំ រហស្សនាមរាត្រី៣៦ មានឋានន្តរស័ក្តិជាអនុសេនីយ៍ត្រី មានទីលំនៅផ្ទះលេខ៤៣ ផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ទី២-លោករឿន ប៉ូ ហៅមាស អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិព្រិន្ទបាលឯក រហស្សនាមរាត្រី៨៥ មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលមានការបាញ់ប្រហារនេះ គេឃើញមន្ត្រីប៉ូលិសទាំង២នាក់ បើករថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿង ឈប់ស្ទាក់ផ្លូវបុរសម្នាក់ជិះម៉ូតូមា៉កហុងដា C125 ពណ៌ខ្មៅ ដែលសមត្ថកិច្ចអះអាងថា ជាមុខសញ្ញាចោរប្លន់ នៅចំណុចតាមផ្លូវលេខ៥១៦ មុខមន្ទីរពហុព្យាបាលម៉ៅសារី ស្ថិតក្នុងសង្កាត់បឹងកក់ទី១៕
ចែករំលែកព័តមាននេះ