ខេត្តសៀមរាប ៖ ក្រុមគណៈប្រតិភូ ចំនួនជាង ១០០នាក់ នៃបណ្ដាប្រទេសនិយាយភាសាបារាំង (Francophonie) បានចំណាយពេលពេញ១ថ្ងៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីធ្វើទស្សនកិច្ចផ្នែកវប្បធម៌ និងបេតិកភណ្ឌនៅក្នុងរមណីយដ្ឋានអង្គរ នាខេត្តសៀមរាប របស់ប្រទេសកម្ពុជា នេះបើយោងតាមអាជ្ញាធរជាតិអប្សរា ។
គណៈប្រតិភូនៃបណ្ដាប្រទេសនិយាយភាសាបារាំង បានចាប់ផ្ដើមទស្សនានៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម ក្រោយកិច្ចប្រជុំនៅរាជធានីភ្នំពេញ និងនៅមុនពេលចាកចេញពីប្រទេសកម្ពុជា។ គណៈប្រតិភូទាំងនេះមានជាង១០០នាក់ មកពី ៣០ប្រទេស នៅក្នុងទ្វីបអាហ្វ្រិក កាណាដា និងអឺរ៉ុប ។
ក្នុងដំណើរទស្សនកិច្ចវប្បធម៌ និងបេតិកភណ្ឌពិភពលោក នៅតំបន់អង្គរ គណៈប្រតិភូ នៃបណ្ដាប្រទេសនិយាយភាសាបារាំងទាំងនោះ បានបង្ហាញទឹកមុខញញឹមស្រស់ស្រាយ អមជាមួយក្តីរំភើប ដោយភាគច្រើននៃគណៈប្រតិភូទាំងនោះ ទើបតែបានស្គាល់តំបន់អង្គរ និងប្រាង្គប្រាសាទបុរាណ ដ៏អស្ចារ្យរបស់ខ្មែរ ជាលើកដំបូងនៅក្នុងជីវិតរបស់ពួកគេ ៕






















ចែករំលែកព័តមាននេះ