ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​សមាគម​ចិន CIEA ពង្រឹង​ភាព​ជា​ដៃគូ​អភិវឌ្ឍ​ជំនាញ​ឧស្សាហកម្ម​បៃតង និង​ទាក់ទាញ​ការ​វិនិយោគ​ចិន​មក​កម្ពុជា

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក លី អេ​ឡែ​ន (Lee Allen) ប្រធាន​សមាគម​លើកកម្ពស់​សេដ្ឋកិច្ច​ឧស្សាហកម្ម​កម្ពុជា (CIEA) នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដើម្បី​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​ស្វែងរក​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ និង​ធនធានមនុស្ស ការ​ផ្គូផ្គង​ការងារ ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​បៃតង ក៏​ដូច​ជា​ផលិតកម្ម​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ លោក លី អេ​ឡែ​ន និង​សហការី ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាគម CIEA ដែល​បាន​ដើរតួ​ជា “​ស្ពាន​” សម្រាប់​ភ្ជាប់​កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម​កម្ពុជា​-​ចិន ក្នុង​ការ​ជំរុញ​ការ​លើកកម្ពស់​ឧស្សាហកម្ម​កម្ពុជា និង​កសាង​ប្រព័ន្ធ​ខ្សែ​ច្រវាក់​ឧស្សាហកម្ម បង្កើត​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ឧស្សាហកម្ម ក៏​ដូច​ជា​ការ​ទាក់ទាញ​វិនិយោគ ជា​ពិសេស​តាម​រយៈ​សមាជិក​របស់​ខ្លួន​ជាង ១០០ សហគ្រាស ដែល​ក្នុង​នោះ​ក៏​មាន​កិច្ចសហការ​ជាមួយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ច្រើន​ផង​ដែរ​។

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​ការ​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជំនាញ​ឧស្សាហកម្ម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​-​ចិន​ក្នុង​ការ​ជំរុញ​ការ​បណ្តុះបណ្តាល​តាម​តម្រូវការ​របស់​សហគ្រាស ការ​អនុវត្ត​ជាក់ស្តែង​នៅ​ក្នុង​រោងចក្រ ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល និង​ការ​បង្កើត​ប្រព័ន្ធ​វាយតម្លៃ​ជំនាញ​វិជ្ជាជីវៈ ព្រមទាំង​ពិភាក្សា​អំពី​ការ​ផ្គូផ្គង​ការងារ និង​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​។ លើស​ពី​នេះ ឯកឧត្តម និង​តំណាង​ក្រុមហ៊ុន​ចិន​ក៏​បាន​ពិភាក្សា​លើ​កិច្ចសហការ​រវាង​សហគ្រាស​ចិន និង​កម្ពុជា​, ការ​រៀបចំ​ពិព័រណ៍​ឧស្សាហកម្ម​ចិន​នៅ​កម្ពុជា ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​លើ​ឧស្សាហកម្ម​បៃតង និង​ផលិតកម្ម​ប្រកបដោយ​ចីរភាព តាម​រយៈ​ការ​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត ការ​គ្រប់គ្រង និង​ចម្រោះ​ទឹក​សំណល់​ឧស្សាហកម្ម ការ​ប្រើប្រាស់​ធនធាន​ឡើង​វិញ ឧបករណ៍​សន្សំ​សំចៃ​ថាមពល សុវត្ថិភាព និង​សុខភាព​ការងារ ក៏​ដូច​ជា​ការ​បណ្តុះបណ្តាល​ជំនាញ​ផលិតកម្ម​បៃតង ដើម្បី​ជួយ​សហគ្រាស​បំពេញ​តាម​តម្រូវការ និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​អន្តរជាតិ​។

លោក លី អេ​ឡែ​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ចំពោះ​កិច្ច​ពិភាក្សា​ប្រកប​ផ្លែផ្កា និង​បាន​បង្ហាញ​ការ​កោតសរសើរ​ចំពោះ​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​ក្រសួង ដោយ​លោក​បាន​គូសបញ្ជាក់​ថា ក្នុង​ទស្សនៈ​អ្នក​វិនិយោគ​ចិន ឯកឧត្តម​រដ្ឋមន្ត្រី​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឥស្សរជន​មួយ​រូប​ដែល​មាន​ឥទ្ធិពល​វិជ្ជមាន​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​ឱ្យ​មាន​ភាព​ជោគជ័យ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ លោក​មាន​ប្រសាសន៍​ថា សមាគម​បាន​បង្កើត​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​ទីក្រុង​ទុង​ក្វា​ន់ ខេត្ត​ក្វា​ង​ទុង ប្រទេស​ចិន ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​បេះដូង​នៃ “​រោងចក្រ​ពិភពលោក​” ដើម្បី​ជំរុញ​កា​រត​ភ្ជាប់​ធនធាន​វិនិយោគ​រវាង​សហគ្រាស​ចិន និង​ឱកាស​វិនិយោគ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​។ សមាគម​បាន​ប្តេជ្ញា​ចិត្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ប្រកបដោយ​និរន្តរភាព និង​សង្ឃឹមថា ឯកឧត្តម​នឹង​គាំទ្រ​គម្រោង​កិច្ចសហការ​ដែល​បាន​ពិភាក្សា និង​ឈាន​ទៅ​រក​ការ​បង្កើត​ភាព​ជា​ដៃគូ​ផ្លូវការ​នឹង​គ្នា​នា​ពេល​អនាគត ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​ទាំងនេះ ដោយ​ឯកឧត្តម​បាន​ណែនាំ​សមាជិកសមាគម​ឱ្យ​ភ្ជាប់​ទំនាក់ទំនង​ទៅ​តាម​វិស័យ​របស់​ក្រសួង ដូច​ជាទី​ភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​អគ្គនាយកដ្ឋាន​ការងារ​ជាដើម​។ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុតមាំ​ថា ភាគី​ទាំង​ពីរ​នឹង​បន្ត​កិច្ច​ពិភាក្សា​គ្នា​តាម​វិស័យ ដើម្បី​ឈាន​ទៅ​រក​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ផ្លូវការ​ឱ្យ​កាន់តែ​រឹង​មាំ ដែល​នឹង​ជួយ​ជំរុញ​ឱ្យ​មាន​អ្នក​វិនិយោគិន​ចិន​កាន់តែ​ច្រើន​មក​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យ​ដែល​អត់​ទាន់​មានការ​វិនិយោគ ដូច​ជា​ការ​ផលិត​ក្រណាត់​ជាដើម​៕ អត្ថបទសហការ