ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពង្រឹង​ប្រសិទ្ធភាព​អធិការកិច្ច​ការងារ គឺជា​កត្តាចាំបាច់​ក្នុង​ការ​ធានា​ការ​គោរព​ច្បាប់​ការងារ ការ​ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករនិយោជិត និង​និយោជក

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម អ៉ិ​ន ខេមរា រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​វិ​ក្រឹ​ត​ការ​ស្តី​ពី​ច្បាប់​ការងារ និង​បច្ចេកទេស​អធិការកិច្ច​ការងារ​សម្រាប់​អធិការ​ការងារ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធភាព​អធិការកិច្ច​ការងារ ក៏​ដូច​ជា​ធានា​ការ​គោរព​ច្បាប់​ការងារ ការ​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករនិយោជិត និង​និយោជក​។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​ក្នុង​នោះ​មុំ​ទី​១ ផ្តោត​លើ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស និង​មុំ​ទី​៣ ផ្តោត​លើ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​ការងារ សំដៅ​អភិវឌ្ឍ​ទីផ្សារ​ការងារ និង​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន ដែល​រាជរដ្ឋាភិបាល​តែងតែ​ចាត់​ទុក​វិស័យ​ឯកជន​ជា​ដៃគូ​សង្គម​ដ៏​សំខាន់​ក្នុង​ការ​ជ្រោមជ្រែង​ការ​អភិវឌ្ឍ​សង្គម និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។

ដើម្បី​ចូលរួម​គាំទ្រ​និង​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​ដាក់​ចេញ​នូវ​គោលការណ៍ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ ព្រមទាំង​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០២៤-២០២៨ សម្រាប់​ជា​ផែនទី​ចង្អុល​ផ្លូវ​ក្នុង​ការ​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បន្ស៊ី​និង​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០២៤-២០២៨ និង​ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ​២០១៦-២០៣០​។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា ច្បាប់​ស្តី​ពី​ការងារ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ គឺជា​មូលដ្ឋាន​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ទំនាក់ទំនង​ការងារ និង​ការ​ធានា​ឱ្យ​មាន​តុល្យភាព​រវាង​សិទ្ធិ កាតព្វកិច្ច និង​ផលប្រយោជន៍​របស់​កម្មករនិយោជិត និង​និយោជក​។ ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ត្រូវការ​យន្តការ​ត្រួតពិនិត្យ និង​តាមដាន​ដែល​មាន​ភាព​ច្បាស់លាស់ វិជ្ជាជីវៈ សុក្រឹតភាព និង​ឯករាជ្យ​ក្នុង​ការ​បំពេញ​មុខងារ​តាម​ច្បាប់​។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បន្ត​ទៀត​ថា ការ​ពង្រឹង​ប្រសិទ្ធភាព​អធិការកិច្ច​ការងារ គឺជា​កត្តាចាំបាច់​ក្នុង​ការ​ធានា​ការ​គោរព​ច្បាប់​ការងារ ការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករនិយោជិត និង​និយោជក ព្រមទាំង​ការ​លើកកម្ពស់​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​។

ឯកឧត្តម​ក៏​បាន​ផ្តល់​អនុសាសន៍​តាម​រយៈ​វិធានការ​សំខាន់​ៗ​ចំនួន​៥ ដើម្បី​ជំរុញ​ការ​កែ​លម្អ​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ និង​ការ​ធ្វើ​អធិការកិច្ច​ការងារ រួម​មាន​៖ ទី​១.​ត្រូវ​បន្ត​ពង្រឹង​ចំណេះដឹង​ផ្នែក​ច្បាប់​ស្ដី​ពី​ការងារ​ដល់​អធិការ​ការងារ​, ទី​២.​ត្រូវធ្វើ​ទំនើប​កម្ម​បច្ចេកទេស​អធិការកិច្ច​ការងារ ដោយ​ផ្តោត​លើ​ការ​ធ្វើ​អធិការកិច្ច​ផ្អែក​លើ​ហានិភ័យ និង​ទិន្នន័យ​, ទី​៣.​ត្រូវ​ពង្រឹង​ជំនាញ​អនុវត្ត​ជាក់ស្តែង​, ទី​៤.​ត្រូវ​ពង្រឹង​កិច្ចសហការ និង​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​, ទី​៥.​ត្រូវ​លើកកម្ពស់​សីលធម៌​វិជ្ជាជីវៈ និង​សុចរិត​ភាព​របស់​អធិការ​ការងារ​៕ អត្ថបទសហការ