រាជធានីភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងអនុវត្តនូវការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ជំហានទី២ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃចំនួនជិត ២៨២នាក់ ដើម្បីប្រែក្លាយបទពិសោធការងារនិងចំណេះជំនាញដែលខ្លួនមាន ឱ្យទៅជាជំនាញផ្លូវការ ដោយរាជរដ្ឋាភិបាលជាអ្នករ៉ាប់រងបង់ថ្លៃធ្វើតេស្តជំនួស។
លោក តេង ចិន្ដា នាយវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានឱ្យដឹងថា មជ្ឈមណ្ឌលធ្វើតេស្តរបស់វិទ្យាស្ថានបានផ្តើមការធ្វើតេស្តកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ គិតរហូតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បងប្អូនអតីតពលករមកពីប្រទេសថៃដែលបានចូលរួមធ្វើតេស្តសរុបចំនួនជាង ២០០នាក់។
លោកថ្លែងថា «រហូតមកដល់ថ្ងៃនេះ មានបងប្អូនអតីតពលករ ២៣៧នាក់ហើយ បានចូលរួមធ្វើតេស្តបញ្ជាក់ជំនាញរបស់ខ្លួន ដើម្បីទទួលបានវិញ្ញាបនបត្រជំនាញផ្លូវការ ។វិញ្ញាបនបត្រនោះ គឺជាស្ពានដើម្បីបន្តការសិក្សាជំនាញកម្រិតខ្ពស់ ដែលអាចបង្កើនទំនុកចិត្តពីខាងវិស័យឯកជន និងក្រុមហ៊ុនផ្សេងៗ ជាពិសេសគឺការជួយបង្កើនឱកាសការងាររបស់ខ្លួនផងដែរ»។
លោកនាយកវិទ្យាស្ថានបានអំពាវនាវដល់យុវជន កម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជំនាញ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព សូមចុះឈ្មោះធ្វើតេស្ត RPL ដោយឥតគិតថ្លៃ ដើម្បីទទួលបានការវាយតម្លៃ និងការបញ្ជាក់សមត្ថភាពរបស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងការស្វែងរកការងារ និងអភិវឌ្ឍអាជីព សំដៅលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ