ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ ILO និង​ដៃគូ​អភិវឌ្ឍ​អន្តរជាតិ​កំពុង​រួម​គ្នា​កសាង​ឯកសារ​ព្រាង «​កម្មវិធី​ទីផ្សារ​ការងារ​សកម្ម​នៅ​កម្ពុជា ២០២៧-២០៣៥»

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត គួ​ច សុ​មាន រដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចូលរួម​ក្នុង​ពិធី​បើក «​សិក្ខាសាលា​បច្ចេកទេស​ស្តី​ពី​ការ​រៀបចំ​ក្របខ័ណ្ឌ​អនុវត្ត​កម្មវិធី​ទីផ្សារ​ការងារ​សកម្ម​នៅ​កម្ពុជា ២០២៧-២០៣៥» ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ​សណ្ឋាគារ Oakwood Premier ភ្នំពេញ ។

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ ឯកឧត្តម​​រដ្ឋលេខាធិការ បាន​បញ្ជាក់​ថា ការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង គឺ​ចំ​ពេលវេលា​ដ៏​មាន​សារៈសំខាន់ និង​ជា​យុទ្ធសាស្ត្រ ខណៈ​ដែល​កម្ពុជា​កំពុង​ឈរ​នៅ​របត់​ផ្លាស់​ប្តូរ​សង្គម​-​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​ត្រៀមខ្លួន​ចាក​ចេញពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ ២០២៩ ។ ដំណើរការ​នេះ​ទាមទារ​ឱ្យ​កម្ពុជា​ឈាន​ហួស​ពី​ការ​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ថ្លៃដើម​ទាប និង​អនុគ្រោះ​ពាណិជ្ជកម្ម​ឯកតោភាគី ដោយ​ប្តូរ​មក​ពង្រឹង​ការ​ប្រកួតប្រជែង​លើ​ផលិតភាព​ខ្ពស់ ជំនាញ​បច្ចេកទេស និង​ឌី​ជី​ថ​ល នវានុវត្តន៍ និង​កម្លាំង​ពលកម្ម​ដែល​អាច​បត់បែន​បាន​តាម​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា អនុវត្ត​ស្វ័យប្រវត្តិកម្ម និង​ការ​អន្តរកាល​ពណ៌​បៃតង ។

ឯកឧត្តម​បាន​បន្ត​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ការងារ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តី​ពី​ការងារ​និង​មុខរបរ ២០២៦-២០៣៥ និង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ២០២៦-២០៣៥ ដោយ​បាន​ចាត់​ទុក​កម្មវិធី​ទីផ្សារ​ការងារ​សកម្ម​ជា​ស្ពាន​ត​ភ្ជាប់​សក្តានុពល​ធនធានមនុស្ស​ទៅ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។

សូម​បញ្ជាក់​ផង​ដែរ​ថា សិក្ខាសាលា​បច្ចេកទេស​នេះ មាន​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦-១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ​អន្តរជាតិ អ្នក​ជំនាញការ និង​មន្ត្រី​បច្ចេកទេស​ជា​ច្រើន​រូប ដើម្បី​រួម​គ្នា​កសាង​ឯកសារ​ព្រាង​ដំបូង​នៃ​ក្របខ័ណ្ឌ​កម្មវិធី​ទីផ្សារ​ការងារ​សកម្ម​នៅ​កម្ពុជា ឆ្នាំ ២០២៧-២០៣៥ ៕