ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរ​ហារ​រយ​ប្លន់​២​លើក​ ចាប់ខ្លួន​០៩​នាក់​សុទ្ធតែ​ក្ដិ​ប​ចោរ 

2 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖   ក្រុម​ចោរ​ហារ​រក្នុង​វ័យ​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល​អស់​ផង  ដែល​ភាគ​ច្រើ​ន​​បា​នប​ម្លែ​ង​ខ្លួន​ចេញពី​ក្រុម​ពួកក្មេង​ទំនើង​បាន​ក្លាយជា​ក្រុម​ចោរ​«​ប្លន់​»​ពេល​រាត្រី​ដ៏​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​ពេល​នេះ ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិ​ការ​ក្រុង​បាត់ដំបង ចំណាយពេល​ជាង​១​កន្លះធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​ចំនួន​០៩​នាក់​​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី១៦ វិច្ឆិកា ដែល​ជន​ខ្លះ​តាម​អូស​.​ក​ដល់​ស្រុក​រតន​មណ្ឌល  ខណៈ​ជន​ខ្លះ​ទៀត​ចាប់​បាន​នៅ​ក្នុង​ក្រុង​បាត់ដំបង ​។

​ក្រុម​ចោរ​ហារ​រយ​វ័យ​ឈាមរាវ​​ទាំង​០៩​នាក់​នេះ មាន​អាយុ​ចន្លោះ​ពី​១៣ ដល់១៨​ឆ្នាំ​ ។ ធ្លាប់​​ធ្វើ​សកម្មភាព​តាម​ស្ទាក់​វាយ ឬកាប់​អ្នកដំណើរ​ «​ប្លន់​យក​ម៉ូតូ​ចំនួន​០២​លើក​កន្លង​មក​ហើយ ទើប​​ចាប់ពី​កំឡុង​ខែតុលា មក​ទល់​នឹង​ថ្ងៃ​ទី​១៥ វិច្ឆិកា ដែល​ជា​លើក​ចុង​ក្រោយ​ ។ នេះ​​បើ​យោង​តាម​របាយ​ការ​ណ៍​​សួរ​ចម្លើយ​ក្រុម​ក្ដិ​ប​ចោរ​ ។ ​

យោង​តាម​របាយ​ការ​ណ៍​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្តបាន​ឲ្យ​ដឹង​ថា  ជនសង្ស័យ​ទាំង​០៩​នាក់ ​ដែល​ត្រូវ​ឃាត់​ខ្ល​ន​ពាក់ព័ន្ធ​នឹង​អំពើ ​«​ប្លន់​យក​ម៉ូតូ​» ​តាម​ដងផ្លូវ រួម​មាន​៖ ១-​ឈ្មោះ ហ្វូ គង់​មិ​ញ អាយុ​១៤​ឆ្នាំ  ២-​ឈ្មោះ មុត គឹ​ម​អៀង ហៅពេជ្រ អាយុ​១៤​ឆ្នាំ  ៣-​ឈ្មោះ ណុ​ច វ៉ា​ន់​នី អាយុ​១៥​ឆ្នាំ  ៤-​ឈ្មោះ  នី សំណាង អាយុ​១៣​ឆ្នាំ  ៥-​ឈ្មោះ ទុំ សិ​និ​ត ហៅ​ច​យ អាយុ​១៥​ឆ្នាំ  ៦-​ឈ្មោះ ឌី​កា សុ​វិ​ជ្ជ័​យ ហៅ​វី អាយុ​១៨​ឆ្នាំ  ៧-​ឈ្មោះ ហួង រ៉ា​នុ​ត អាយុ​១៣​ឆ្នាំ  ៨-​ឈ្មោះ ធឿ​ន ហុង​ឆាយ  អាយុ​១៥​ឆ្នាំ និង​៩-​ឈ្មោះ នី វ​ណ្ណះ អាយុ​១៦​ឆ្នាំ​ ។

​បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រុម​បី​សាច​រាត្រី​នេះ ធ្លាប់​ធ្វើ​សកម្មភាព​«​ប្លន់​យក​ម៉ូតូ​»​អុ្ន​ក​ដំណើរ​ពេល​យប់​បាន​សម្រេច​ចំនួន​០២​លើក​ ។ ហើយ​នៅ​មាន​បក្ស​ពួក​មួយ​ចំនួន​ទៀត ដែល​​បាន​រួមគំនិតកំ​ពុង​សម្ងំ​លាក់ខ្លួន​ ។ ​នៅ​ចំពោះ​មុខមន្ត្រី​សួរ​ចម្លើយ ​ក្រុម​នេះ​បាន​ផ្ដល់​ចម្លើយ​​សារភាព​ប្រហាក់ប្រហែល​គ្នា​ទាំង​ពេលវេលា និង​ថ្ងៃ​ខែ​ចេញ​ធ្វើ​សកម្មភាព ​។​ បើ​តាម​ចម្លើយ​៖  ក្រុម​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា  កន្លង​មក ​ពួក​គេ​គ្រាន់តែ​ធ្លាប់​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​វាយ ដេញ​គប់​គ្នា​តែ​ប៉ុណ្ណោះ  តែ​ច្រើន​លើក​ច្រើន​សារ ​។  ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ខែ​តុលា​កន្លង​ទៅ​នេះ​ ក៏​បែកគំនិត​វាយ​«​ប្លន់​យក​ម៉ូតូ​» តែ​ម្ដង​ ។

​លើក​ទី​១-ក្នុង​ខែតុលា ពេល​នោះ​ នៅ​វេលា​រំលង​អ​ធ្រា​ត្រ ពួក​ខ្លួន​បាន​ជិះ​ម៉ូតូ​ដេញ​វាយ​អ្នក​ជិះ​ម៉ូតូ​មួយ​គ្រឿង ដែល​ជិះ​ម្នាក់ឯង​នៅ​ម្ដុំ​រង្វង់​មូល​យាយ​ទេព ក្នុង​សង្កាត់​អូរ​ចា រហូត​ដល់​គាត់​ដួល ទើប​ពួក​ខ្លួន ​«​ប្លន់​យក​ម៉ូតូ​» ​តែ​ម្ដង​។  

លើក​ទី២-នៅ​វេលា​ម៉ោង​ប្រហែល​ជាង​១០​យប់​ថ្ងៃ​ទី​១៥ វិច្ឆិកា នេះ​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ទល់មុខ​ធនាគារ ABA ក្នុងភូមិ​រំចេក​៤  សង្កាត់​រតនៈ  ក្រុង​បាត់ដំបង ពួក​ខ្លួន​ចំនួន​០៨​នាក់ ជិះ​ម៉ូតូ​០៤​គ្រឿង ជិះ​ដេញ​តាម​វាយ​អ្នក​ជិះ​ម៉ូតូឌុប​គ្នា​០៤​នាក់ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ  រួច​ពួក​ខ្លួន​ចុះ​ទៅ​«​ប្លន់​យក​ម៉ូតូ​»​នោះ​ជិះ​គេចខ្លួន​ភ្លាម​ៗ  ប៉ុន្តែ​រំលង​បាន​មួយ​ថ្ងៃ ក៏​ត្រូវ​សមត្ថកិច្ច​តាម​អូស​.​ក​ម្នាក់​ៗ​ដល់​ផ្ទះ​ល្មម ​។

​ស្នងការ​រង​ទ​ទួ​ល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា  ក្រុម​ជនសង្ស័យ​ទាំង​០៩​នាក់​នេះ មាន​ជន​ខ្លះ​មាន​អាយុ​ក្រោម​១៥​ឆ្នាំ​ ។  បើ​តាម​ការ​ស្រាវជ្រាវ និង​ការ​សួរនាំ​ពី​ប្រវត្តិ​ពួក​គេ​ ក្រុម​នេះ​សុទ្ធ​សឹង​ជា​ក្រុម​ក្មេង​ទំនើង បែកគំនិត​ចេញ​«​ប្លន់​»​ម៉ូតូ​ពេល​យប់​ស្ងាត់​​ ។ ​

ក្រោយ​ពេល​កើត​មាន​បទល្មើស និង​ក្រោយ​ទ​ទូល​បាន​សេចក្ដី​រាយ​ការ​ណ៍​ លោកស្នងការ​ខេត្ត បាន​ចេញ​បញ្ជា​ភ្លាម​ៗ ឲ្យ​លោក​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​បាត់ដំបង ចុះ​ស្រាវជ្រាវ​រហូត​កំណត់​បាន​នូវ​មុខសញ្ញា​ក្រុម​ជនសង្ស័យ​វ័យក្មេង​ទាំងនេះ និង​ឈាន​ដល់​ការ​តាម​ឃាត់ខ្លួន​បាន​ចំនួន​០៩​នាក់​ជា​បន្ត​បន្ទា​​ប់ ​។     ប៉ុន្តែ​យ៉ាងណា ចំពោះ​ជន​សង្ស័យ​មាន​អាយុ​ក្រោម​១៥​ឆ្នាំ លោក​កំពុង​រង​ចាំ​គោល​ការ​ណ៍​​ថ្នាក់ដឹកនាំ តើ​ត្រូវ​បញ្ជូន​ទៅ​តុលាការ ឬ​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ?