ប្រទេសចិន ៖ មនុស្ស ៦ នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យជីករូងក្រោមដីប្រវែងជាង១០០ម៉ែត្រក្នុងសណ្ឋាគារដែលគេបោះបង់ចោលមួយកន្លែង នៅភាគខាងកើតប្រទេសចិន ដើម្បីលួចជីកកកាយផ្នូរបុរាណពីសម័យសង្គ្រាម ដែលស្ថិតនៅចុងរាជកាលនៃរាជវង្សចូវ ដោយខុសច្បាប់។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន China Press និង Sing Tao Headline នៅថ្ងៃទី១៧ ខែវិច្ឆិកា។
ប៉ូលិសទីក្រុងឈីងចូវ (Qingzhou) ខេត្តសានតុង (Shandong) ភាគខាងកើតប្រទេសចិន បានបំបែកសំណុំរឿងលួចជីកគាស់ផ្នូរបុរាណមួយករណី។ ក្រុមឧក្រិដ្ឋជនបានជីករូងក្រោមដីមានជម្រៅ ៧ ម៉ែត្រ និងប្រវែង ១០០ ម៉ែត្រក្នុងបន្ទប់ក្រោមដីសណ្ឋាគារដែលគេបោះបង់ចោលមួយកន្លែង នៅក្នុងគោលបំណងលួចវត្ថុបុរាណពីផ្នូរបុរាណនោះ។
យោងតាមសារព័ត៌មាន Dazhong Daily បានរាយការណ៍ថា មន្ត្រីស៊ើបអង្កេតឧក្រិដ្ឋកម្ម ទទួលបន្ទុកករណីវត្ថុបុរាណនៃការិយាល័យសន្តិសុខសាធារណៈទីក្រុងឈីងចូវ បានរកឃើញការ៉ុងដាក់ដីដែលជីករួចគរជាជាន់ៗ ស្ទើរតែដល់ដំបូលទៅហើយ ខណៈក្រុមចោរគាស់ផ្នូរបានជីករូងបញ្ឈរជម្រៅ ៧ម៉ែត្រ រួចបន្តជីកផ្តេកប្រវែងជាង ១០០ម៉ែត្រ ដោយផ្លូវសម្ងាត់នោះបានតភ្ជាប់ដោយផ្ទាល់ទៅកាន់ផ្នូរបុរាណដែលស្ថិតនៅក្បែរនោះ និងកំពុងស្ថិតក្រោមការការពារដោយអាជ្ញាធរ។
ក្រុមចោរលួចគាស់ផ្នូរបុរាណទាំងនោះ ត្រូវចាប់បានជាក់ស្តែង អំឡុងពេលកំពុងប្រតិបត្តិការជីកកាយ ហើយជនសង្ស័យយ៉ាងតិច ៦នាក់ នៅក្នុងករណីនេះ ក៏ត្រូវបានចាប់ខ្លួន។ ចំណែកវត្ថុបុរាណដែលពាក់ព័ន្ធនឹងករណីនេះ នឹងត្រូវប្រគល់ទៅឱ្យសារមន្ទីរដើម្បីរក្សាទុក បន្ទាប់ពីការត្រួតពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវត្រូវបានបញ្ចប់៕





ចែករំលែកព័តមាននេះ