កងទ័ពរបស់លោកមូអាម៉ា កាដាហ្វីកាលពីថ្ងៃទី១៥ សីហា បានវាយរុញច្រានពួកឧទ្ទាមចេញពីកណ្តាលក្រុងយុទ្ធសាស្ត្រ ZAOUÏA ក្នុងឱកាសនៃការប្រយុទ្ធគ្នាយ៉ាងសាហាវនានាដើម្បីប៉ុនប៉ងរារាំងពួកឧទ្ទាមធ្វើឱ្យរុលលឿនឆ្ពោះទៅកាន់ទីក្រុងទ្រីប៉ូលី ស្ថិតនៅចម្ងាយ៥០គ.ម ពីទីក្រុងនោះនាភាគខាងកើត ។
ចំណែកឯនៅម្ខាងនៃព្រំដែនក្នុងប្រទេសអេហ្ស៊ីបវិញរដ្ឋមន្ត្រីមហាផ្ទៃលីប៊ីបានចុះពីយន្តហោះនៅព្រលានយន្តហោះទីក្រុងគែរជាមួយសមាជិកគ្រួសារលោក៩នាក់ ។ នេះជាសេចក្តីរាយការណ៍របស់បណ្តាអ្នកទទួលខុសត្រូវព្រលានយន្តហោះអេហ្ស៊ីបដែលស្នើមិនបញ្ចេញឈ្មោះ ។ មកពីប្រទេសទុយនីស៊ីតាមយន្តហោះឯកជនមួយលោកណាស័រ ម៉ាព្រុក អាប់ដាល់ ឡាហ៍ ថ្លែងប្រាប់អាជ្ញាធរថា លោកស្ថិតនៅអេហ្ស៊ីប ដើម្បីបំពេញ «ទស្សនកិច្ចទេសចរណ៍»មួយ ។ ការរត់ចោលជួរពុំត្រូវបានលើកឡើង ឡើយ ក៏ប៉ុន្តែអាថ៌កំបាំងកើតមានចំពោះការមកដល់អេហ្ស៊ីបរបស់រដ្ឋមន្ត្រីរូបនេះ និងគ្រួសារ ។
រដ្ឋមន្ត្រីមហាផ្ទៃមុនរបស់លីប៊ីលោកអាប់ដែល ហ្វាតាហ៍ យូនេស បានរត់ចោលជួរកាលពីនីទាឃរដូវកន្លងមកនេះ ក៏ប៉ុន្តែមនុស្សមួយចំនួនសង្ស័យថា លោកនៅតែស្មោះត្រង់ចំពោះលោកកាដាហ្វីដែលកាន់អំណាចចាប់តាំងពីឆ្នាំ១៩៦៩ មក ។ ក្លាយជាប្រមុខយោធារបស់ពួកឧទ្ទាមឧត្តមសេនីយ៍រូបនេះត្រូវបានសម្លាប់ដោយអាថ៌កំបាំងកាលពីថ្ងៃទី២៨ កក្កដា ។ រដ្ឋមន្ត្រីជាច្រើនទៀតរបស់លោកកាដាហ្វីបានរត់ចោលជួរតាំងពីចាប់ផ្តើមការបះបោរពីពាក់កណ្តាលខែកុម្ភៈ មកក្នុងនោះរួមមានរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីក្រសួងប្រេងកាត ។
ការរុលទៅមុខរបស់ពួកឧទ្ទាមចេញពីតំបន់ភ្នំទាំងឡាយនៅភាគខាងលិចឆ្ពោះមកកាន់ទីក្រុងទ្រីប៉ូលី កាលពីថ្ងៃទី១៣ សីហា ពួកឧទ្ទាមបានរុលរហូតទៅដល់ទីក្រុង ZAOUÏA ចម្ងាយប្រមាណជា៥០គ.ម ពីរដ្ឋធានីលីប៊ី ដែលជាការរុលចូលជ្រៅលើកដំបូងរបស់ពួកឧទ្ទាមចាប់ពីផ្ទុះការតវ៉ាមក ៕
ចែករំលែកព័តមាននេះ