ព្រឹត្តិការណ៍អុំទូក នៅទំនប់សែនសុខដុម ខេត្តមណ្ឌលគិរី ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៥ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ទោះបីជាស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ខ្ពង់រាប និងសម្បូរដោយភ្នំទាបខ្ពស់យ៉ាងណាក្តី ក៏រដ្ឋបាលខេត្តមណ្ឌលគិរី បានខិតខំប្រឹងប្រែងរៀបចំបង្កើតព្រឹត្តិការណ៍កម្សាន្តធំៗជាបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាពិសេសគឺបានបើកឱកាសរកមុខរបរបង្កើនប្រាក់ចំណូលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាក់ស្តែង ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណទំនប់សែនសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនា និងដើរលេងកម្សាន្តយ៉ាងច្រើនកុះករ សរុបប្រមាណ ៤៩ ១០៩ នាក់។
យោងតាមរបាយការណ៍របស់ លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍ខាងលើនេះ ចំនួនភ្ញៀវទេសចរដែលបានមកកម្សាន្តនៅក្នុងខេត្ត ត្រូវបានបែងចែកជាភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាពិធីប្រណាំងទូកមានប្រមាណចំនួន ៤៣ ០០០ នាក់។ភ្ញៀវទេសចរទៅទស្សនាកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត មានចំនួន ៥ ៩៨៥ នាក់។ភ្ញៀវទេសចរបរទេសមានចំនួន ១២៤នាក់។
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍លើកឡើងថា ការរៀបចំពិធីបុណ្យអុំទូកនៅទំនប់សែនសុខដុមនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក្នុងការថែរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិផង និងជាយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែបរបស់ខេត្តមណ្ឌលគិរី ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ទោះបីខេត្តមណ្ឌលគិរី ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប និងមានអាកាសធាតុត្រជាក់ក៏ពិតមែន ប៉ុន្តែយើងបានប្រែក្លាយទីតាំងទំនប់សែនសុខដុម ឱ្យទៅជាទីលានប្រណាំងទូកប្លែកប្រចាំខេត្ត និងសប្បាយរីករាយ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលក់ដូរផលិតផលក្នុងស្រុក សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងការដឹកជញ្ជូន ដែលបង្កើតមុខរបរ និងប្រាក់ចំណូលដោយផ្ទាល់ជូនបងប្អូនអាជីវករ និងប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ ឯកឧត្តម គង់ គឹមនី ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ជាពិសេសកងកម្លាំងទាំងបីប្រភេទ ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាណ្តាប់ធ្នាប់សាធារណៈបានយ៉ាងគត់មត់ ធ្វើឱ្យព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ។
គួរបញ្ជាក់ផងដែរថា ក្រៅពីការទស្សនាការប្រណាំងទូកយ៉ាងស្វិតស្វាញ ភ្ញៀវទេសចរដែលបានអញ្ជើញមកកម្សាន្តនៅខេត្តមណ្ឌលគិរី ក៏បានឆ្លៀតឱកាសទៅទស្សនាសម្រស់ធម្មជាតិនៅតាមរមណីយដ្ឋានល្បីៗជាច្រើនទៀតដូចជា ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ សមុទ្រឈើ និងតំបន់ទេសចរណ៍ធម្មជាតិនានាទូទាំងខេត្ត ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅ៕











ចែករំលែកព័តមាននេះ