ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ម៉ុង​ហ្គោ​លី​ប្រកាស​លាលែង​ពី​តំណែង ក្រោយ​រង​ការ​ចោទប្រកាន់​ពី​បទ​ពុ.ក​រលួយ

2 ថ្ងៃ មុន
  • ភ្នំពេញ

រដ្ឋធានី​អ៊ូ​ឡង់​បា​ទ័​រ ៖ ប្រធានាធិបតី​ម៉ុង​ហ្គោ​លី លោក Ukhnaa Khurelsukh បាន​ប្រកាស​លាលែង​ពី​តំណែង នៅ​ថ្ងៃ​ទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ បន្ទាប់​ពី​មានការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ និង​ការ​គំរាម​ដក​តំណែង​ពី​គណបក្សប្រឆាំង​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី AFP​។

ការ​ប្រកាស​លាលែង​ពី​តំណែង​របស់​លោក​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្ស​ប្រឆាំង បាន​ចេញ​សេចក្តីថ្លែងការណ៍​ចោទប្រកាន់​លោក​ពី​បទ​ស៊ីសំណូក និង​អំពាវនាវ​ឱ្យ​លោក​ចុះ​ចេញពី​តំណែង បើ​ពុំនោះ​ទេ​នឹង​ប្រឈម​មុខ​នឹង​ការ​ដក​តំណែង​នៅ​ក្នុង​សភា​។

ប្រធានាធិបតី​ម៉ុង​ហ្គោ​លី​ទី ៦ វ័យ​៥៨​ឆ្នាំ​រូប​នេះ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា លោក​កំពុង​ត្រូវ​បាន​គេ​ចោទប្រកាន់​ដោយ​មិន​ពិត និង​បរិហារកេរ្តិ៍​ជាមួយ​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​កម្ម​ដ៏​ធ្ងន់ធ្ងរ ហើយ​លោក​នឹង​លាលែង​ពី​តំណែង ដើម្បី​ស្តារ​កិត្តិយស​របស់​លោក​ឡើង​វិញ​។ លោក​ក៏​បាន​បដិសេធ​ការ​ចោទប្រកាន់​ការ​ប្រព្រឹត្ត​ខុសឆ្គង ដោយ​បាន​បញ្ជាក់​ថា លោក​មិន​ដែល​បាន​លួច​ទ្រព្យសម្បត្តិ​ពី​ប្រជាជន ឬ​រដ្ឋ​ឡើយ ហើយ​ក៏​មិន​ដែល​លួច​បន្លំ ឬ​បោកប្រាស់​នរណា​ម្នាក់​ដែរ​។

គណបក្ស​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ថា ប្រទេស​ម៉ុង​ហ្គោ​លី​បាន​ធ្លាក់​ក្នុង​អំពើ​ពុក​រលួយ​យ៉ាង​ស៊ីជម្រៅ ហើយ​ក៏​បាន​ទាមទារ​ឱ្យ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល រួម​ទាំង​លោក​ប្រធានាធិបតី Ukhnaa Khurelsukh ដែល​មានការ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ លាលែង​ពី​តំណែង និង​ប្រឈម​មុខ​នឹង​ការ​ស៊ើបអង្កេត​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ប្រទេស​ម៉ុង​ហ្គោ​លី​បាន​ជួប​ប្រទះ​នឹង​ភាព​ចលាចល​នយោបាយ​អស់​រយៈពេល​ជា​ច្រើន​ខែ ក៏​ដូច​ជា​ជម្លោះផ្ទៃក្នុង​នៃ​គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី (MPP) ដែល​កំពុង​កាន់​អំណាច​។ កាលពី​ខែមីនា​កន្លង​ទៅ សមាជិក​សភា​បាន​តែងតាំង​នាយក​រដ្ឋមន្ត្រី​លើក​ទី​៣ របស់​ប្រទេស​ក្នុង​រយៈពេល​មិន​ដល់ ១២ ខែ​ផង បន្ទាប់​ពី​មានការ​តវ៉ា​ប្រឆាំង​អំពើ​ពុក​រលួយ​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​។

លើស​ពី​នេះ​ទៀត យុវជន​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​រដ្ឋធានី​អ៊ូ​ឡង់​បា​ទ័​រ ដោយ​សម្តែង​កំហឹង​ចំពោះ​ក្រុម​អ្នកមាន​អំណាច ក៏​ដូច​ជា​អ្វី​ដែល​ពួក​គេ​បាន​មើលឃើញ​ថា ភាព​អយុត្តិធម៌​កើត​មាន​ពាសពេញ​សង្គម​។

យោង​តាម​ច្បាប់​ប្រទេស​ម៉ុង​ហ្គោ​លី ប្រធានរដ្ឋសភា គឺ​លោក Sandag Byambatsogt មក​ពី​គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី នឹង​ឡើង​កាន់​តួនាទី​ជា​ប្រធានាធិបតី​ស្តីទី ហើយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ត្រូវ​តែ​រៀបចំ​ឡើង​ក្នុង​រយៈពេល​៤​ខែ​៕