រាជធានីភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី៤៩ នៅហ្វីលីពីន កម្ពុជាបានធ្វើបទអន្តរាគមន៍ដោយបញ្ជាក់ថា ពលរដ្ឋកម្ពុជាប្រមាណ២ម៉ឺននាក់ ជាជនភៀសសឹក ត្រូវតែវិលត្រឡប់ទៅផ្ទះវិញ ដោយគ្មានការរារាំងនោះទេ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថានៅក្នុងកំពូលអាស៊ានលើកទី៤៩ ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើបទអន្តរាគមន៍ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចឡើងនូវអាទិភាពចំនួនបី ៖ ១. ការរក្សាសន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ តាមរយៈការទូត កិច្ចសន្ទនា និងការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ។ ២. ការលើកកម្ពស់សមភាពយេនឌ័រ ការការពារពលករទេសសន្តរប្រវេសន៍ និងការគាំពារប្រជាជនវ័យចំណាស់ និង៣. ការពង្រឹងភាពធន់នៃតំបន់តាមរយៈការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើសន្តិសុខស្បៀង និងថាមពល សុខភាពសាធារណៈ និងបរិយាបន្នឌីជីថល ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ៖ពលរដ្ឋខ្មែរដែលភៀសសឹក ប្រមាណ២០,០០០ នាក់ ត្រូវតែទទួលបានការអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់វិញ ដោយគ្មានការរារាំងព្រមទាំងមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងមិនមានការពន្យារពេលតទៅទៀត ។
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញឱ្យបានឆាប់នូវការងារវាស់វែង និងបោះខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរ ។

នៅក្នុងជំនួបប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សម្រាប់តួនាទីដ៏សំខាន់មិនអាចខ្វះបាន និងកិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ព្រមទាំងការផ្តល់អនុសាសន៍ជាក់ស្តែង ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង និងកំណើន ប្រកបដោយបរិយាបន្នរបស់អាស៊ាន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗមួយចំនួន រួមមានការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ការធ្វើឱ្យសមាហរណកម្ម សេដ្ឋកិច្ចអាស៊ានកាន់តែផ្តល់ផលប្រយោជន៍ប្រសើរជាងមុនដល់ធុរកិច្ច ការពន្លឿនបរិវត្តកម្មឌីជីថល និងការទទួលយកបញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ ការពង្រឹងសន្តិសុខស្បៀង និងថាមពល តាមរយៈការវិនិយោគពីវិស័យឯកជន ព្រមទាំងការធ្វើពិពិធកម្មប្រភពកំណើនសេដ្ឋកិច្ចផ្សេងៗ ដើម្បីពង្រឹងភាពប្រកួត ប្រជែងរបស់អាស៊ាន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីអាទិភាពចំនួនបី ៖ ការពង្រឹងការចូលរួមរបស់យុវជន ក្នុងការកសាងសន្តិភាព ក្រោមរបៀបវារៈយុវជន សន្តិភាព និងសន្តិសុខ ការកសាងប្រព័ន្ធ អេកូសេដ្ឋកិច្ចដែលផ្តល់ជំនាញ ការណែនាំឱកាសការងារសមរម្យ និងការបង្កើតអាជីវកម្មថ្មី ដឹកនាំដោយយុវជន និងការធានាថា គ្មានយុវជនណាម្នាក់ត្រូវបានទុកចោលក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល រួមទាំងតាមរយៈការប្រើ ប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ ៕
ចែករំលែកព័តមាននេះ