ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ស្រុក​ម៉ា​ឡៃ​ចុះ​រឹបអូស​ស្រា​ជាង​៤០​កេស ​ដែល​ឈ្មួញ​​ទុច្ចរិត​លាក់​ទុក​នៅ​ក្នុងផ្ទះ​មួយ​កន្លែង​​ក្បែរ​អូរ​ព្រំដែន

3 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​ ៖ កម្លាំង​ចម្រុះបាន​រឹបអូស​យក​ស្រា​ប្រភេទ​វី​ស្គី​ចំនួន​៤៦កេស​ បន្ទាប់​​ពី​ចុះ​ត្រូ​ត​ពិនិត្យ និង​ឆែកឆេរ​លំនៅ​ឋាន​មួយ​កន្លែង​នៅ​ជាប់​អូរ​ព្រំដែន​ខ្មែរ​-​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា ស្ថិត​ក្នុងភូមិ​ល្វា ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ  ដែល​គេ​សង្ស័យ​ថា ពួក​ជន​ទុច្ចរិត​​បំរុង​បញ្ជូន​ឆ្លង​ដែន​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថៃ  តែ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​ ។

​យោង​តាម​ប្រភព​ព័​ត៌​មានពី​សមត្ថកិច្ច​ស្រុក​ម៉ា​ឡៃបាន​ឲ្យ​ដឹង​ថា  កម្លាំង​ចម្រុះដែល​ដឹកនាំ​ដោយ​​លោក​អភិបាលរង​ស្រុក​ម៉ា​ឡៃមួយ​រូប​ផង  បាន​ចុះ​ត្រូ​ត​ពិនិត្យ​លំនៅ​ឋាន​មួយ​កន្លែង ដែល​​មាន​ម្ចាស់​ឈ្មោះ ឡុ​ង និង​ប្រពន្ធ​ឈ្មោះ វី នៅ​ក្បែរ​មាត់​អូរ​ព្រំដែន​ខ្មែរ​-​ថៃ ក្បែរ​ទីតាំង​ចាស់​​ដែល​កម្លាំងយោធា​ការពារ​ព្រំដែន រឹបអូស​បារី​ចំនួន​២៦​ប៊ិក កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា​ ។ 

នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ  កម្លាំង​សមត្ថកិច្ចបាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ស្រា​ដប​ម៉ាក​«ROBERT MONDAVI» ចំនួន​៤៦​កេស ។   ប្រភព​ដដែល​និយាយ​ថា ស្រា​ដង​នេះ ​ពុំ​មាន​ឯកសារ​បញ្ជាក់​ស្របច្បាប់​ទេ​ ។  គេ​ស​ង្ស័យ​ពួក​ឈ្មួញ​ដឹក​យក​ទៅ​លាក់​​ទុក​នៅផ្ទះ​ខាងលើ ដើម្បី​រក​ឱ​កាស​នាំ​ចេញ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ចេញ​ទៅ​ប្រទេស​ថៃ​ ។

នៅ​ចំពោះ​មុខ​នឹង​វ​ត្តុ​តាង ម្ចាស់ផ្ទះ​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​ឆ្លើយ​ដោះ​បន្ទុក​ប្រាប់​សមត្ថកិច្ច​ថា  ស្រា​ចំនួន​៤៦កេស​​នេះ ខ្លួន​ទិញ​យក​មក​ទុក​ធ្វើ​កម្មវិធី​ឡើងផ្ទះ​ថ្មី​ ។ ​ប៉ុន្តែ​យ៉ាងណា  ក្រោយ​សាកសួរ​បឋម និង​ត្រួ​ត​ពិនិត្យ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ម្ចាស់ផ្ទះ​ពីរ​នាក់​ប្ដី​ប្រពន្ធ ជាមួយនឹង​ស្រា​ចំនួន​៤៦​កេស ទៅ​កាន់​អធិការ​ស្រុក​ម៉ា​ឡៃ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

​សូម​បញ្ជាក់​ថា  កាលពី​ល្ងាច​ថ្ងៃ​ទី១៥ វិ​ច្ឆ​កា  កម្លាំងយោធា និង​កម្លាំង​វរ​នគរបាល​ការពារ​ព្រំដែន​ប្រចាំ​តំបន់​នោះ បាន​រឹបអូស​បារី​ចំនួន​២៦​ប៊ិក នៅ​ក្បែរ​ទីតាំង​ខាងលើ ដែល​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ​ ។ ​បារី​ចំនួន​២៦​ប៊ិក​នោះ ត្រូវ​ពួក​ឈ្មួញ​ទុច្ចរិត ដឹក​យក​ទៅ​លាក់​ទុក​នៅ​ក្បែរ​ព្រំដែន  ដើម្បី​រង​ចាំ​ឱ​កាស​ពេល​យប់​ស្ងាត់ បញ្ជូន​ឆ្លង​អូរ​ព្រំដែនចេញ​​ទៅ​ប្រទេស​ថៃ  ប៉ុន្តែ​ត្រូវ​កម្លាំង​ការពារ​ព្រំដែន​ទប់ស្កាត់ និង​រឹបអូស​យក​បាន​មុន​​ពេល​ជន​ទុច្ចរិត​នាំ​ចេញ​ ៕