រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំអាស៊ានបានសម្រេចឲ្យទីម័រឡេស្តេ ទទួលតំណែងជាប្រធានអាស៊ាន នៅឆ្នាំ២០២៩ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹង របស់អាស៊ានចំពោះការត្រៀមលក្ខណៈរបស់ទីម័រឡេស្តេ សម្រាប់ការទទួលខុសត្រូវដ៏សំខាន់នេះ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ប្រភពបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ដែលប្រទេសហ្វីលីពីនធ្វើម្ចាស់ផ្ទះនោះ ប្រមុខដឹកនាំអាស៊ាន បានពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន ក្រោមមូលបទនៃភាពជាប្រធានអាស៊ានរបស់ហ្វីលីពីន «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ព្រមទាំងទំនាក់ទំនងដៃគូខាងក្រៅ និងទិសដៅអនាគតរបស់អាស៊ាន ស្របពេលដែលបរិបទតំបន់ និងសកលលោកកាន់តែមានភាពស្មុគស្មាញ ។

ប្រមុខដឹកនាំ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការថែរក្សាបរិយាកាសក្នុងតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព បរិយាបន្ន និងភាពអាចព្យាករណ៍បានដោយគោរពអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងការដោះស្រាយការខ្វែងគំនិតគ្នា ដោយសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ និងគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ។
ប្រមុខដឹកនាំបានស្វាគមន៍ការចុះហត្ថលេខាថ្មីៗនេះ លើកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលនឹងធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសខ្នាតមីក្រូតូច និងធម្យមក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលឆ្លងកាត់ព្រំដែន ការចូលទៅកាន់ទីផ្សារថ្មីៗ និងទទួលយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដូចជា បញ្ញាសិប្បនិម្មិត ទន្ទឹមនឹងការទាញយកសក្តានុពល នៃសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលកំពុងរីកចម្រើន និងការពង្រឹងសមត្ថភាពប្រកួតប្រជែងតំបន់ ។ ប្រមុខដឹកនាំក៏បានពិភាក្សាអំពីការពង្រឹងសន្តិសុខថាមពល តាមរយៈកិច្ចព្រមព្រៀងសន្តិសុខប្រេងកាតអាស៊ាន និងបណ្តាញថាមពលអាស៊ាន និងពង្រីកបណ្តាញភាពជាដៃគូរបស់អាស៊ាន ដើម្បីថែរក្សាតំបន់ឱ្យបើកចំហ និងតភ្ជាប់ ។
ក្នុងឱកាសនេះ ប្រមុខដឹកនាំក៏បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីបង្ហាញជាផ្លូវការនូវទង់ និងនិមិត្តសញ្ញាថ្មីរបស់អាស៊ានផងដែរ ដែលឥឡូវនេះមានរូបកួរស្រូវ ចំនួន១១ដើម តំណាងឱ្យប្រទេសទីម័រឡេស្តេផងដែរ ។
ក្នុងបទអន្តរាគមន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ច ជាពិសេសលើវិស័យពាណិជ្ជកម្មឌីជីថល ការវិនិយោគ និងនវានុវត្តន៍ ព្រមទាំងការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការកែលម្អការទូទាត់ឌី និងការពង្រឹងហេដ្ឋារ ចនាសម្ព័ន្ធឌីជីថល ។ ពាក់ព័ន្ធនឹងការតភ្ជាប់អាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អប្រព័ន្ធឡូជីស្លឹក ការជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងប្រកបដោយចីរភាព ការពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូស បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមានការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកុម្ភៈ ឆ្នាំ២០២៥ ការអនុម័តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការបង្ក្រាបប្រតិបត្តិការឆបោកនៅទូទាំងប្រទេស ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាបានលុបបំបាត់ប្រតិបត្តិការឆបោកធំៗទាំងអស់ និងចាត់វិធានការផ្លូវច្បាប់លើជនល្មើសរាប់រយនាក់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះភាគីសហការរៀបចំ និងអ្នកចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានរៀបចំនៅរាជធានីភ្នំពេញ ក្នុងខែកញ្ញា ឆ្នាំ២០២៦ ដែលបានឈានទៅដល់ការអនុម័ត សេចក្តីប្រកាសទីក្រុងភ្នំពេញផងដែរ៕
ចែករំលែកព័តមាននេះ