ប្រទេសយេម៉ែន ៖ ពួកឧទ្ទាមហ៊ូធីយេម៉ែនពេលនេះ កំពុងវាយលុកចូលដល់កៀកមាត់ទ្វារក្រុងអាដេនរដ្ឋធានីបណ្ដោះអាសន្ន ខណៈកងទ័ពរដ្ឋាភិបាលទទួលស្គាល់ ដោយអន្តរជាតិកំពុងបាក់ទ័ពលើកមកប្រមូលផ្ដុំការពារក្រុងអាដេន ។

ពួកយុទ្ធជនស្និទ្ធិអ៉ីរ៉ងមុននេះ បានវាយរុលទៅមុខ និងលើកមកដល់កាន់តែកៀកក្រុងអាដេនរដ្ឋធានី អតីតយេម៉ែនខាងត្បូងនោះ ។ ពួកហ៊ូធីវាយលុកចូលដល់ខេត្ត LAHL ភាគខាងត្បូងយេម៉ែន ។ ពួកគេវាយកាន់កាប់ស្រុកអាល់ម៉ាដារីបាហ៍ ហើយកំពុងវាយរុលទៅមុខសំដៅក្រុងអាដេន ។ ពួកហ៊ូធីពេលនេះ ស្ថិតនៅក្នុងជំរំទ័ពអាខារ៉ាសខេត្តអាល់ម៉ាដារីបាហ៍ ចម្ងាយ៦០គីឡូម៉ែត្រពីកណ្ដាលក្រុងអាដេន ។ កងទ័ពយេម៉ែនប្រកាស នាថ្ងៃទី១៥ វិច្ឆិកា ពីការដាក់ពង្រាយទ័ពជាថ្មីប្រឈមមុខនឹងការវាយរុលទៅមុខដ៏លឿននោះរបស់ពួកហ៊ូធី ដោយប្រមូលផ្ដុំទ័ពមកការពារក្រុងអាដេន ។
មុននេះ កងទ័ពរដ្ឋាភិបាលយេម៉ែន ប្រកាសពីការដាក់ពង្រាយកងទ័ពបន្ថែមទៀត នៅជុំវិញក្រុងអាដេន ដែលកំពុងរងការគំរាមកំហែងដោយពួកហ៊ូធី ដោយដកកម្លាំងចេញពីជុំវិញច្រកសមុទ្រយុទ្ធសាស្ត្រ BAB EL MANDEB ដើម្បីពង្រឹងវត្តមាន ក្នុងបណ្ដាតំបន់ដែលកាលៈទេសៈបច្ចុប្បន្នតម្រូវ ។ ក្នុងសេចក្ដីប្រកាសមួយកងទ័ពយេម៉ែនបន្តថា សេចក្ដីសម្រេចចិត្តនេះ ជាការឆ្លើយតបចំពោះអាទិភាពនៃសេចក្ដីត្រូវការខាងសន្តិសុខ សម្រាប់ក្រុងអាដេន រដ្ឋធានីបណ្ដោះអាសន្នក្រោយពីរដ្ឋាភិបាលដកថយរត់ចេញពីក្រុងសាណា ។

បណ្ដាអ្នកទទួលខុសត្រូវយោធាយេម៉ែនគូសបញ្ជាក់ថា រដ្ឋាភិបាលចាប់ផ្ដើមដាក់បាវខ្សាច់ និងជីកលេណដ្ឋាន តាមច្រកចូលនានានៃក្រុងអាដេនប្រឈមមុខការវាយរុលទៅមុខរបស់ពួកហ៊ូធី ។ កិច្ចការពារក្រុងអាដេនរដ្ឋធានីបណ្ដោះអាសន្នចាប់តាំងពីពួកហ៊ូវាយកាន់កាប់រដ្ឋធានីសាណាពីឆ្នាំ២០១៤ មក ធានាការពារដោយកងពលតូចមួយហៅកងពលតូចពួកយក្សខាងត្បួង ជួយទ្រទ្រង់ដោយអេមីរ៉ាត់អារ៉ាប់រួម ហើយធ្វើសមាហរណកម្មចូលក្នុងកងទ័ពជាតិយេម៉ែន ។
អាទិភាពពេលនេះ របស់រដ្ឋាភិបាលយេម៉ែន គឺការពារក្រុងអាដេននិងបណ្ដាខេត្តនៅជុំវិញក្រុងនោះ ពង្រឹងបណ្ដាខ្សែបន្ទាត់រណសិរ្សនិងប្រមូលផ្ដុំលើការទប់ទល់ចំពោះការគំរាមកំហែងចំពោះមុខ។ នេះបើ់តាមសេចក្ដីប្រកាសមួយរបស់អ្នកនាំពាក្យកងទ័ពយេម៉ែន ។
កងទ័ពរដ្ឋាភិបាលពេលនេះ ក៏កំពុងតែមានការលំបាក ក្នុងការទប់ទល់ការឡោមព័ទ្ធវាយប្រហាររបស់ពួកហ៊ូធីដណ្ដើមយកទីក្រុងធំទី៣របស់យេម៉ែនគឹក្រុងតាអេស ។ កងកម្លាំងបន្ថែមត្រូវបានបញ្ជូនទៅកាន់ទីនោះ។ កងកម្លាំងដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម កាលពីដើមខែតុលាប៉ុនប៉ងវាយដណ្ដើមយកវិញបណ្ដាដែនដីដែលពួកហ៊ុធីកាន់កាប់ព្រមទាំងរដ្ឋធានីសាណាផងដែរ ក្នុងប្រតិបត្តិការមួយមានឈ្មោះថាAUBE DU YEMEN ។

ការវាយបកនោះពិតណាស់ថា មិនសម្រេចគោលដៅឡើយ ដោយពួកហ៊ូធីបើកការវាយលុកលើទីក្រុងតាអេស និងវាយលុកសំដៅក្រុងអាដេន។ បែបនេះបង្ខំឲ្យកងទ័ពរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីតដកទ័ពមកជួយទប់ទល់ ការវាយរុលទៅមុខរបស់ពួកហ៊ូធីសំដៅដណ្ដើមយកក្រុងអាដេនវិញ ។
អារ៉ាប៊ីសាអូឌីតដូរមេបញ្ជាការយោធាប្រចាំយេម៉ែន
អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី១៦ វិច្ឆិកា បានដកតំណែងមេបញ្ជាការយោធាចម្រុះអារ៉ាប់ជួយរដ្ឋាភិបាលយេម៉ែន ប្រឈមមុខជាមួយពួកហ៊ូធី ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការវាយលុករុលទៅមុខ
ថ្មីៗរបស់ពួកហ៊ូធីនៅយេម៉ែន ។ តាមរាជក្រិត្យមួយឧត្ដមសេនីយហ្វាដបេនហាម៉ាដបេនអាប់ឌឺឡាហ្ស៊ីស អាល់សាល់ម៉ាន ទទួលការតែងតាំងថ្មីជាទីប្រឹក្សាក្រសួងការពារប្រទេស ហើយលោកត្រូវជំនួសដោយនាយសេនាធិការកងទ័ពឧត្ដមសេនីយហ្វៃយ៉ាតអាល់រូវ៉ាអ៉ីលី។
ការប្រកាសពីការដោះដូរមេបញ្ជាការកងទ័ពនេះកើតមាន ពេលដែលពួកហ៊ូធីកំពុងតែវាយរុលទៅមុខយ៉ាងលឿនសំដៅក្រុងអាដេន ហើយកងទ័ពរដ្ឋាភិបាលនិងសម្ព័ន្ធមិត្តកំពុងតែខិតខំទប់ ៕

ចែករំលែកព័តមាននេះ