ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ និងកម្រជួប! លោក ម៉ាក្រុង និងភរិយា ដកចិត្តមិនរួចពីអង្គរវត្ត រហូតសុខចិត្តបញ្ចាំងពិលដើរមើលទាំងយប់មុនឡើងយន្តហោះ

4 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អស្ចារ្យ​ណាស់​! ព្រោះតែ​ជាប់​ចិត្តនឹង​សម្រស់​អង្គរវត្ត​ខ្លាំង​ពេក ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង និង​ភរិយា សុខចិត្ត​បញ្ចាំង​ភ្លើង​ពិល ដើរ​ទស្សនា​ទាំង​យប់​ងងឹត មុន​ឡើង​យន្តហោះ​ត្រឡប់​ទៅ​វិញ​។

ជាក់ស្តែង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ប្រកាស នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​នេះ​ថា ព្រោះតែ​ភាព​ល្បី​ល្បាញ​របស់​ប្រាសាទអង្គរវត្ត ឯកឧត្តម​ប្រធានាធិបតី ម៉ា​ក្រុង និង​ភរិយា អញ្ជើញ​ទស្សនា​ប្រាសាទ​អង្គរតូច​ពេល​ព្រះ​សុរិយា​អស្តង្គត ។

មុន​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ឯកឧត្តម​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង (Emmanuel Macron) និង​លោក​ជំទាវ​ទី​១ បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នៅ​ប្រាសាទអង្គរវត្ត នៅ​ពេល​ដែល​ថ្ងៃ​កំពុង​លិច នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

ដំណើរ​ទស្សនា​ប្រាសាទអង្គរវត្ត​មុន​ពេល​ឡើង​យន្តហោះ​ត្រលប់​ទៅ​ប្រទេស​បារាំង​វិញ​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ចំណាប់អារម្មណ៍​ដ៏​ជ្រាលជ្រៅ​របស់​ឯកឧត្តម​ប្រធានាធិបតី​បារាំង ចំពោះ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ជា​ពិសេស​គឺ​ភាព​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​។

ក្រុមការងារ​របស់ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ដែល​នៅ​ទីតាំង​នោះ បាន​រាយការណ៍​ឱ្យ​ដឹង​ថា ឯកឧត្តម​ប្រធានាធិបតី និង​ភរិយា បាន​ចំណាយពេល​គយគន់​សម្រស់​ប្រាសាទអង្គរវត្ត ដែល​ត្រូវ​បាន​រំលេច​ដោយ​ពន្លឺ​ពណ៌​មាស​នៃ​ព្រះអាទិត្យ​រៀប​លិច បង្កើត​បានជា​បរិយាកាស​ដ៏​ស្ងប់ស្ងាត់ និង​អស្ចារ្យ​ជាទី​បំផុត ហើយ​ដែល​កាន់តែ​គួរ​ឱ្យ​កត់សម្គាល់​នោះ ក្រុមការងារ​អម​ឯកឧត្តម​ប្រធានាធិបតី​បារាំង សុខចិត្ត​បញ្ចាំង​ភ្លើង​ពិល​ដើម្បី​ដើរ​ទស្សនា​ទាំង​យប់​ងងឹត បន្ទាប់​ពី​ព្រះអាទិត្យ​បាន​លិច​បាត់​។

«​កិត្តិនាម​ដ៏​ល្បី​រន្ទឺ​នៃ​ប្រាសាទអង្គរវត្ត បាន​ធ្វើ​ឱ្យ​ប្រធានាធិបតី​បារាំង ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង និង​លោក​ជំទាវ ព្រមទាំង​គណៈប្រតិភូ មិន​អាច​ទប់ចិត្ត​បាន រហូត​សុខចិត្ត​បញ្ចាំង​ភ្លើង​ពិល​ដើរ​ទស្សនា​ទាំង​យប់​ងងឹត​។​»

ពិតមែនតែ​ដំណើរ​ទស្សនកិច្ច​មាន​រយៈពេល​ខ្លី ប៉ុន្តែ​បាន​បញ្ជាក់​ជា​ថ្មី​ពី​ទំនាក់ទំនង​ដ៏​រឹង​មាំ​រវាង​ប្រទេស​កម្ពុជា និង​បារាំង ព្រមទាំង​បាន​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​វប្បធម៌​របស់​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​ផង​ដែរ​៕