រាជធានីភ្នំពេញ ៖ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្រៅពីសម្តែង នូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះព្រះរាជបន្ទូល និងភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រមទាំងបានចាត់ទុកព្រះករុណា ព្រះមហាក្សត្រ ថា «ព្រះអង្គ គឺជាតំណាង នៃមិត្តភាពកម្ពុជា-បារាំង» ដែលបានផ្សារភ្ជាប់ប្រជាជាតិទាំងពីរតាំងពីដើមដំបូង និងនៅគ្រប់ដំណាក់កាលលំបាក ។
ការកោតសរសើរ និងការគូសបញ្ជាក់ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ប្រធានាធិបតីបារាំងនេះ ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថារបស់លោកប្រធានាធិបតី នាឱកាសអញ្ជើញចូលរួមជាអធិបតីជាមួយ ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ថ្លែងក្នុងពិធី ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះព្រះករុណា ព្រះមហាក្សត្រ យ៉ាងដូច្នេះថា ៖ «ខ្ញុំសូមជម្រាបថា មនោសញ្ចេតនា ដែលយើងមានក្នុងការចែករំលែកពេលវេលានេះជាមួយព្រះអង្គ និងប្រជារាស្ត្រព្រះអង្គ ត្រូវបានកើនឡើងទ្វេដងដោយសារព្រះរាជបន្ទូល ដែលព្រះអង្គទើបនឹងមាន ទាំងពាក្យពេចន៍ ដែលព្រះអង្គបានជ្រើសរើស និងភាសាបារាំងដ៏ល្អឥតខ្ចោះ ដូចសព្វមួយដង។ ព្រះអង្គតែមួយអង្គឯង គឺជាតំណាង នៃមិត្តភាពនេះ» ។
ប្រធានាធិបតីបារាំង បានរំលេចបន្ថែមថា ព្រះករុណា ព្រះមហាក្សត្រ ដែលជាសមាជិកបណ្ឌិតសភាបារាំងផងដែរ ព្រះអង្គផ្ទាល់តែងតែមានព្រះរាជបន្ទូលអំពី «មិត្តភាព នៃបេះដូង និងហេតុផល» រវាងប្រទេសទាំងពីរ ។
ប្រធានាធិបតីបារាំង ក៏បានគូសបញ្ជាក់ថា បារាំងមានមោទនភាព ដែលបានចូលរួមតាមរយៈការងាររួមគ្នា និងការជឿទុកចិត្តរបស់ព្រះករុណា ព្រះមហាក្សត្រ ជួយឱ្យទីកន្លែងប្រវត្តិសាស្ត្រដូចជាប្រាសាទមេបុណ្យខាងលិចរស់ឡើងវិញ និងបានបន្ថែមតម្លៃមិនអាចកាត់ថ្លៃបាន ទៅនឹងកម្លាំងខាងវិញ្ញាណ ដែលរស់នៅក្នុងទឹកដីកម្ពុជា ។
ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ទៀតថា៖ «អ្វីមួយ ដែលមិនអាចកាត់ថ្លៃបាននេះ គឺជាអ្វី ដែលបានភ្ជាប់យើងតាំងពីដើមដំបូង នៃព្រះរាជាណាចក្រកម្ពុជា អ្វីដែលបានភ្ជាប់យើងនៅគ្រប់ដំណាក់កាលលំបាក ហើយអ្វី ដែលនឹងបន្តភ្ជាប់យើង។ សូមឱ្យមិត្តភាពរវាងកម្ពុជា និងបារាំង ស្ថិតស្ថេរយូរអង្វែង» ។
សូមជម្រាបជូនថា ព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច ក្រោមព្រះរាជាធិបតីភាព ព្រះករុណា សម្តេចព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងឯកឧត្តមប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ព្រមទាំងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងបារាំង ក្នុងការអភិរក្ស និងលើក តម្កើងបេតិកភណ្ឌវប្បធម៌មនុស្សជាតិ ៕






























ចែករំលែកព័តមាននេះ