ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទប្រកាន់​អតីត​ចាងហ្វាង​កាសែត​អន​ឡាញ​ពី​បទ​ញុះញង់​ឱ្យ​រើសអើង និង​គ្មាន​បណ្ណ​បញ្ជាក់​តួនាទី​អ្នក​សារព័ត៌មាន ប្រឈម​ជាប់​ពន្ធនាគារ​ពី១​ឆ្នាំ ទៅ៣​ឆ្នាំ

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា សំណុំរឿង​អតីត​ចាងហ្វាង​កាសែត​អន​ឡាញ ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ពី​បទ «​ញុះញង់​ឱ្យ​មានការ​រើសអើង​» និង​បទ «​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ ​នូវ​បណ្ណ​បញ្ជាក់​តួនាទី​ក្នុង​វិជ្ជាជីវៈ ​ដែល​កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ​» តាម​មាត្រា ៤៩៦ និង​មាត្រា ៦១៨ នៃ​ក្រមព្រហ្មទណ្ឌ​។

យោង​តាម​ការ​ចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​ខាងលើ​៖
-មាត្រា ៤៩៦ (​បទ​ញុះញង់​ឱ្យ​មានការ​រើសអើង​)៖ អំពើ​ញុះញង់​ដោយ​ផ្ទាល់​តាម​មធ្យោបាយ​ណាមួយ ដែល​មាន​ចែង​ក្នុង​មាត្រា ៤៩៤ (​លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់​) នៃ​ក្រម​នេះ ឱ្យ​ប្រព្រឹត្ត​ការ​រើសអើង ការ​គុំកួន អហិង្សា ចំពោះ​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណាមួយ ដោយ​មូលហេតុ​បុគ្គល​នេះ​ជា​សមាជិក ឬ​មិនមែន​ជា​សមាជិក​នៃ​ជាតិពន្ធុ ក្រុម​ជាតិ ពូជសាសន៍ ឬ​នៃ​សាសនា​ណាមួយ​ជា​កំណត់​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន ទៅ ៦​លាន​រៀល ប្រសិនបើ​ការ​ញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ​។
-មាត្រា ៦១៨ (​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​បណ្ណ​បញ្ជាក់​តួនាទី​ក្នុង​វិជ្ជាជីវៈ កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ​)៖ អំពើ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​បណ្ណ​បញ្ជាក់​តួនាទី​ក្នុង​វិជ្ជាជីវៈ​ណាមួយ​ដែល​កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន ទៅ ២​លាន​រៀល​។ ពោល​គឺ​ជន​ត្រូវ​ចោទ​ប្រឈម​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ​។

ក្រោយ​ពី​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ សំណុំរឿង​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើក​ការ​ស៊ើបអង្កេត​បន្ត និង​ឈាន​ដល់​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​ទាំងមូល​។

សូម​បញ្ជាក់​ថា កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​អតីត​ចាងហ្វាង​កាសែត​អន​ឡាញ ដែល​ក្លែងបន្លំ​ខុសច្បាប់​ជា​អ្នក​សារព័ត៌មាន ធ្វើ​សកម្មភាព​បង្ក​បញ្ហា​ក្នុង​សង្គម រំខាន និង​ប៉ះពាល់​ដល់​ការ​លក់ដូរ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ខណ្ឌដូនពេញ កាលពី​ពេល​ថ្មី​ៗ​នេះ​។

ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៦ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សួន ចំរើន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដុ​ង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​បាន​ក្លែងបន្លំ​ខុសច្បាប់​ជា​អ្នក​សារព័ត៌មាន ដើរ​ផ្សព្វផ្សាយ​ព័ត៌មាន រំខាន និង​ប៉ះពាល់​ដល់​ការ​លក់ដូរ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង ២១ និង ៣០​នាទី នៅ​ចំណុច​កើតហេតុ ភូមិ​៩ ផ្លូវ​៦៣ កែង​ផ្លូវ​លេខ ១៧៤ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ធ្វើ​ឡើង​ក្រោយ​ពី​បុគ្គល​នេះ និង​បក្ខពួក​មួយ​ចំនួន​បាន​អះអាង​ថា ខ្លួន​ជា​អ្នក​សារព័ត៌មាន ដែល​មាន​កាយវិការ និង​ពាក្យ​សម្តី​មិន​សមរម្យ ហើយ​ចុះ​ថត​ផ្សាយ​ផ្ទាល់​ព័ត៌មាន​នៅ​ខណ្ឌដូនពេញ បង្កជម្លោះ​ពាក្យ​សម្តី​ជាមួយ​ប្រជាពលរដ្ឋ​លក់ដូរ​ចិញ្ចឹមជីវិត​នៅ​ចំណុច​ខាងលើ បង្ក​ឱ្យ​រង​ការ​រិះគន់​ពី​សំណាក់​អ្នកលេង​ក្នុង​បណ្តាញ​សង្គម ចំពោះ​បុគ្គល​ឈ្មោះ សួន ចំរើន និង​បក្ខពួក​របស់​ខ្លួន​។

ខណៈ​ដែល​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ក៏​បាន​ប្រកាស​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម​ផ្ទាល់ ផ្សព្វផ្សាយ​ឱ្យ​ដឹង​ថា បុគ្គល​ឈ្មោះ សួន ចំរើន អតីត​ជា​ចាងហ្វាង​គេហទំព័រ chrtvonline ត្រូវ​បាន​ក្រសួង​ព័ត៌មាន លុប​អាជ្ញា​បណ្ណ​តាម​ប្រកាស​លេខ ២៩៧ ប្រក​.​ពម ចុះ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​ម្ចាស់​អង្គភាព​បាន​បំពាន​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ធ្ងន់ធ្ងរ ដោយ​អនុវត្ត​ផ្ទុយ​នឹង​កិច្ចសន្យា​អាជីវកម្ម​របស់​សាមីខ្លួន ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន​។ នៅ​ពេល​ថ្មី​ៗ​នេះ បុគ្គល​នេះ​បាន​បន្ត​លួច​បន្លំ​ធ្វើ​ជា​អ្នក​សារព័ត៌មាន និង​បាន​បង្ក​បញ្ហា​ដល់​សង្គម​។ ទ​ង្វើ និង​សកម្មភាព​របស់​អតីត​អ្នក​សារព័ត៌មាន​រូប​នេះ ឬ​ក្រុម​ណាមួយ​ដែល​យក​វិជ្ជាជីវៈ​សារព័ត៌មាន​ធ្វើ​ជា​អាជីវកម្ម ដើម្បី​បម្រើ​ផលប្រយោជន៍​ខ្លួន ផ្ទុយ​ពី​ក្រមសីលធម៌ វិជ្ជាជីវៈ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា ត្រូវ​មានការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។ ដូច្នេះ ជនសង្ស័យ​ខាងលើ ទើបត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​តាម​នីតិវិធី​៕