ហ្វ្រង់កូហ្វូនី ជំរុញប្រើបច្ចេកវិទ្យាដោះស្រាយបញ្ហាសង្គមផ្តោតលើបញ្ញាសិប្បនិម្មិត កសិកម្មឆ្លាតវៃ និងតួនាទីស្ត្រី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាប្រឈមសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គឺជាទិសដៅសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរបស់សហគមន៍ហ្វ្រង់កូហ្វូនី ដោយផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌ ការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងការការពារសន្តិសុខស្បៀងតាមរយៈកសិកម្មឆ្លាតវៃ ។
ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ (FrancoTech 2026) នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា សហគមន៍ហ្វ្រង់កូហ្វូនីកំពុងប្រើប្រាស់បច្ចេកវិទ្យាយ៉ាងសកម្ម និងប្រកបដោយយុទ្ធសាស្ត្រ ក្នុងវិស័យសាធារណៈ ហិរញ្ញវត្ថុ កសិកម្ម ទេសចរណ៍ និងវប្បធម៌ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ។
ក្នុងចំណោមអាទិភាពទាំងនេះ ការដោះស្រាយបញ្ហាប្រឈមផ្នែកក្រមសីលធម៌នៃបញ្ញាសិប្បនិម្មិត និងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ត្រូវបានលើកឡើងជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីធានាថា ការរីកចម្រើននៃបច្ចេកវិទ្យាអាចបម្រើដល់ផលប្រយោជន៍សាធារណៈ ។
ជាមួយគ្នានេះ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្មក៏មានសារៈសំខាន់ក្នុងការការពារសន្តិសុខស្បៀង ខណៈការលើកកម្ពស់តួនាទីដឹកនាំរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ ក៏ជាចំណុចអាទិភាពមួយដែលសហគមន៍ហ្វ្រង់កូហ្វូនីចង់ជំរុញផងដែរ ។ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តសហការជាមួយដៃគូទាំងអស់ ដើម្បីកសាងអនាគតមួយដែលបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ជំរុញការអភិវឌ្ឍ និងរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ៕






ចែករំលែកព័តមាននេះ