ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទបញ្ចប់ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ៖ កម្ពុជាបន្តបោះជំហានយ៉ាងរឹងមាំជាស្ពានយុទ្ធសាស្ត្រឌីជីថលរវាងហ្វ្រង់កូហ្វូនី និងអាស៊ាន

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដំណោះស្រាយឌីជីថលដែលកម្ពុជា បានអភិវឌ្ឍ និងដាក់ឱ្យអនុវត្តជាក់ស្តែង កំពុងក្លាយជាបទពិសោធដ៏មានតម្លៃសម្រាប់ប្រទេសដៃគូ ក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថល កាត់បន្ថយចំណាយវិនិយោគ សន្សំសំចៃពេលវេលា និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីបិទព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ (FrancoTech 2026) នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ។

ឯកឧត្តមបានលើកឡើងថា ក្នុងរយៈពេលបីថ្ងៃ កម្ពុជាបានចែករំលែកវេទិកាឌីជីថល និងបទពិសោធនៃការផ្លាស់ប្តូរឌីជីថលរបស់ខ្លួនជាមួយប្រទេសនានា ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងទទួលយកដំណោះស្រាយទាំងនេះ ។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការក៏ផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌ ការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ការពារសន្តិសុខស្បៀងតាមរយៈកសិកម្មឆ្លាតវៃ និងការលើកកម្ពស់តួនាទីដឹកនាំរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ ។

មិនត្រឹមតែការផ្លាស់ប្តូរបទពិសោធបច្ចេកវិទ្យាប៉ុណ្ណោះទេ ព្រឹត្តិការណ៍នេះក៏បានបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ និងធុរកិច្ចផងដែរ ។ ជាក់ស្តែង កិច្ចសន្ទនាវិនិយោគ និងជំនួបផ្គូផ្គងធុរកិច្ចរវាងក្រុមហ៊ុន បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងភាពជាដៃគូសំខាន់ៗ ដែលត្រូវបានរំពឹងថា នឹងប្រែក្លាយជាគម្រោងវិនិយោគជាក់ស្តែង រួមចំណែកបង្កើតការងារ បង្កើនផលិតភាព និងនាំមកនូវវិបុលភាពរួម ។

ជាមួយគ្នានេះ ការតាំងបង្ហាញបច្ចេកវិទ្យាទំនើប និងការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល បានបង្ហាញពីសក្តានុពលនៃការច្នៃប្រឌិត និងភាពរស់រវើកនៃវិស័យធុរកិច្ចថ្មីក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ។ ឯកឧត្តមបានចាត់ទុកការគាំទ្រដល់អ្នកច្នៃប្រឌិត និងធុរកិច្ចថ្មីថា ជាកម្លាំងចលករសំខាន់ក្នុងការជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងជំរុញយុវជនដែលមានទេពកោសល្យឱ្យចាប់យកឱកាសបង្កើតអាជីវកម្មក្នុងវិស័យនេះ ។

ក្នុងឱកាសនោះ ឯកឧត្តមបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមិត្ត និងដើរតួនាទីជាច្រកទ្វារ និងស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងសហគមន៍ហ្វ្រង់កូហ្វូនី និងអាស៊ាន ។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា មិត្តភាព ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដែលបានកសាងឡើងតាមរយៈព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ នឹងបន្តជំរុញការច្នៃប្រឌិត និងនាំមកនូវផលប្រយោជន៍រួមដល់សហគមន៍អន្តរជាតិ ៕