ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មមួយកើតឡើងនៅក្នុងមូលដ្ឋានស្រុកភ្នំក្រវាញ ។
ប្រតិបត្តិការនេះមានការដឹកនាំ និងចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដោយបានដឹកនាំកម្លាំងជំនាញធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ និងធ្វើត្រាប់តាមលំដាប់លំដោយ នៃហេតុការណ៍ ដើម្បីប្រមូលភស្តុតាង និងបញ្ជាក់ពីសកម្មភាព ដែលពាក់ព័ន្ធនឹងករណីខាងលើ ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានឱ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១៥និង៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បណ្តាលឱ្យបុរសជាម្ចាស់ផ្ទះឈ្មោះ អ៊ុំ ឆុត ហៅអឿន អាយុ៥០ឆ្នាំ បាត់បង់ជីវិតនៅក្នុងបន្ទប់ក្រោមផ្ទះ ។
តាមការស្រាវជ្រាវបឋម ករណីនេះត្រូវបានសង្ស័យថា បង្កឡើងដោយបុរសឈ្មោះ ឈឿង ប៉ារីស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះ។ មូលហេតុដំបូង នៃជម្លោះ ត្រូវបានរាយការណ៍ថា កើតចេញពីការប៉ះទង្គិចពាក្យសម្តីរវាងអ្នកទាំងពីរ ក្នុងពេលចូលរួមកំដរបុណ្យសពរយៈពេល៧ថ្ងៃ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
នៅក្នុងកម្មវិធីនោះ ជនរងគ្រោះ និងជនសង្ស័យបានអង្គុយជាមួយអ្នកភូមិមួយចំនួន ដោយមានការលេងបៀរ និងផឹកស្រា ស ។ ក្នុងពេលនោះ ជនរងគ្រោះបាននិយាយពាក្យមិនសមរម្យទៅកាន់ជនសង្ស័យ ខណៈជនសង្ស័យបានឆ្លើយតបដោយស្នើសុំកុំឱ្យមានការធ្វើបាបខ្លួន។ បន្ទាប់មក ពុំមានការឈ្លោះប្រកែកគ្នាបន្តទៀតឡើយ ហើយជនរងគ្រោះក៏បានត្រឡប់ទៅផ្ទះមុន ។
តាមរបាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ជនសង្ស័យបានចេញពីផ្ទះរបស់ខ្លួន ធ្វើដំណើរទៅផ្ទះជនរងគ្រោះ ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រ ដោយមានចេតនាប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ។ ពេលទៅដល់ ជនសង្ស័យបានចូលទៅក្នុងបន្ទប់ក្រោមផ្ទះ ដែលជនរងគ្រោះកំពុងសម្រាក ហើយបានប្រើវត្ថុរឹង និងកាំបិត ដែលមាននៅក្បែរនោះ បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត ។
ក្រោយកើតហេតុ ជនសង្ស័យបានចាកចេញពីកន្លែងកើតហេតុ និងព្យាយាមបិទបាំងសកម្មភាពរបស់ខ្លួន មុនពេលត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនបាន ដើម្បីនាំមកសាកសួរ និងអនុវត្តនីតិវិធីច្បាប់ ។
ជាមួយគ្នានេះ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យទីតាំង និងធ្វើត្រាប់តាមសកម្មភាពពាក់ព័ន្ធនឹងករណីនេះ ដើម្បីបង្ហាញពីដំណើររឿង និងប្រមូលភស្តុតាងបន្ថែម ស្របតាមនីតិវិធីជំនាញ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកំពុងស្ថិតក្រោមការកសាងសំណុំរឿងរបស់សមត្ថកិច្ច ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការតាមនីតិវិធីច្បាប់ ៕


ចែករំលែកព័តមាននេះ