អភិបាលខេត្តមណ្ឌលគិរី អញ្ជើញបិទព្រឹត្តិការណ៍ប្រណាំងទូក និងប្រគល់ពានរង្វាន់ជ័យលាភី ឆ្នាំ២០២៦
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ក្រោមបរិយាកាសសប្បាយរីករាយ និងមានការចូលរួមពីប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ព្រឹត្តិការណ៍ប្រណាំងទូក អបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តមណ្ឌលគិរី ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅឯបរិវេណទំនប់សែនសុខដុម ទំនប់សែនមនោរម្យ និងសួនដំរីដែក ក្នុងក្រុងសែនមនោរម្យ ត្រូវបានបញ្ចប់ដោយជោគជ័យ និងលទ្ធផលល្អប្រសើរ។
ថ្លែងនៅក្នុងពិធីបិទព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៦ នេះ គឺរៀបចំឡើងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំរបស់កម្ពុជា ក្នុងគោលបំណងបង្ហាញនូវការដឹងគុណដល់ទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិដល់វិស័យកសិកម្ម និងរំលឹកដល់កម្លាំងកងទ័ពជើងទឹកខ្មែរបុរាណ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ពិធីបុណ្យអុំទូក នៅខេត្តមណ្ឌលគិរី ដែលត្រូវបានរៀបចំធ្វើឡើងក្នុងរយៈពេល ០៣ថ្ងៃ គឺថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងបរិវេណទំនប់សែនសុខដុម ទំនប់សែនមនោរម្យ និងសួនដំរីដែក ក្នុងក្រុងសែនមនោរម្យ ពិតជាបានបង្កនូវភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ សាធារណជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ បានមកចូលរួមទស្សនាកម្សាន្តសប្បាយ តាមរយៈការរៀបចំឱ្យមានព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនដូចជា ការប្រណាំងទូក ពិធីបណ្តែតប្រទីប បង្ហោះគោម ការប្រគំតន្ត្រី ការតាំងពិព័ណ៌ផលិតផលក្នុងស្រុក ព្រឹត្តិការណ៍សម្លប្រូង ពិធីអកអំបុក បាញ់កាំជ្រួច និងពិធីផ្សេងៗជាច្រើនទៀតផងដែរ។
យោងតាមរបាយការណ៍របស់ លោក ឌឹម នី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការរៀបចំការប្រណាំងទូក បានឱ្យដឹងថា ព្រឹត្តិការណ៍ឆ្នាំនេះមានទូកចូលរួមប្រណាំងសរុបចំនួន ៣១ទូក មានកីឡាករចំណុះទូកសរុបចំនួន ៣០២នាក់ និងបានប្រកួតគ្នាសរុបចំនួន ៧២ជើង ក្រោមការបែងចែកជា ៣ប្រភេទប្រវែង និងចំណុះផ្សេងគ្នា ដើម្បីស្វែងរកទូកដែលមានល្បឿនលឿន និងមានចំណាត់ថ្នាក់ល្អជាងគេតាមផែននីមួយៗ។
ជាលទ្ធផលនៃការប្រកួតជ័យលាភីតាមប្រភេទនីមួយៗ រួមមានប្រភេទទី១ (ប្រវែងទូក ៧ម៉ែត្រ ដល់ ៨.៣០ម៉ែត្រ ចំណុះ ៦នាក់)ជ័យលាភីលេខ១ បានទៅលើទូកឈ្មោះ គ្រុឌសែនជ័យបារមីព្រះខ័នរាជ្យ។ប្រភេទទី២ (ប្រវែងទូក ៨.៤០ម៉ែត្រ ដល់ ១០ម៉ែត្រ ចំណុះ ៨នាក់)៖ ជ័យលាភីលេខ២ បានទៅលើទូកឈ្មោះ រ៉ែថាមពល សែនជ័យ បារមីលោកតាស្រុះ។ប្រភេទទី៣ (ប្រវែងទូក លើស ១០ម៉ែត្រ ដល់ ១៣.៩៥ម៉ែត្រ ចំណុះ ១០នាក់)៖ ជ័យលាភីលេខ៣ បានទៅលើទូកឈ្មោះ រាជសីហ៍មានឫទ្ធិ៕







ចែករំលែកព័តមាននេះ