ខេត្តកំពត ត្រៀមរៀបចំពិធីប្រណាំងទូករយៈពេល ២ថ្ងៃ នៅមុខឆ្នេរបាតដៃសុភមង្គល
- កំពត
ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យចំណុចទីតាំងខាងមុខឆ្នេរបាទដៃសុភមង្គលដោយផ្ទាល់នៅតាមបណ្តោយដងព្រែកកំពង់បាយក្នុងក្រុងកំពត ខេត្តកំពត ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
ក្នុងឱកាសចុះពិនិត្យទីតាំងជាក់ស្តែងនោះ លោក អភិបាលខេត្ត បានដាក់ចេញនូវការណែនាំយ៉ាងម៉ឺងម៉ាត់ដល់គណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានស្អិតរមួត និងយកចិត្តទុកដាក់ខ្ពស់បំផុតលើ កិច្ចការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយហើយក្នុងនោះ ត្រូវរៀបចំផែនការដាក់ពង្រាយកម្លាំងប្រចាំការទាំងលើគោក និងលើផ្ទៃទឹក ការសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ ការរៀបចំ ចំណតយានយន្តឱ្យមានរបៀបរៀបរយ ការត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ ក៏ដូចជាការរក្សាអនាម័យបរិស្ថាន ដើម្បីធានាបាននូវសុវត្ថិភាព និងភាពកក់ក្តៅជូនដល់កីឡាករ-កីឡាការិនី បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តកំពតក្នុងឱកាសពិធីបុណ្យជាតិដ៏ឱឡារឹកនេះ។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានគូសបញ្ជាក់ផងដែរថា ការរៀបចំពិធីប្រណាំងទូកប្រពៃណីនេះ មិនត្រឹមតែជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ផូរផង់របស់ដូនតាខ្មែរឱ្យស្ថិតស្ថេរគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងខេត្តកំពតឱ្យកាន់តែមានសន្ទុះរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕





ចែករំលែកព័តមាននេះ