ប្រទេសថៃ ៖ សោកនាដកម្មមួយកើតមាន កាលពីរំលងអធ្រាត្រថ្ងៃទី១៦ វិច្ឆិកា លើកោះទេសចរណ៍ថៃ ភូកេតភាគខាងត្បូងប្រទេស ។ ភ្លើងបានឆេះក្នុងអគារកម្ពស់៤ជាន់មួយ ដែលមានហាងនានា បណ្ដាលឲ្យមនុស្សស្លាប់១១នាក់ និងរបួស៣៦នាក់។

មេប៉ូលិសស្រុកប៉ាតុងកោះភូកេតថ្លែងថា ភ្លើងចាប់ផ្ដើមឆេះនាវេលាម៉ោង៣ និង១៥នាទីរំលងអធ្រាត្រ ក្នុងអគារពាណិជ្ជកម្មមួយដែលមានភោជនីយដ្ឋានមួយហាងនានា និងបន្ទប់ជួលមុនពេលឆេះរាលដាលដល់បណ្ដាអគារជិតខាង។ ភ្លើងឆេះនោះបណ្ដាលឲ្យខូចខាតទីតាំងពានិជ្ជកម្ម៥ ។ ពួកអ្នកពន្លត់ភ្លើងបានប្រើពេលជាង២ម៉ោង ទើបអាចពន្លត់ភ្លើងបាននិងរកឃើញមនុស្សស្លាប់១១នាក់ ក្នុងនោះ មានជនជាតិថៃ និងជនជាតិមីយ៉ាន់ម៉ា ។
មូលហេតុនៃអគ្គិភ័យនេះ ជាកម្មវត្ថុនៃការស៊ើបអង្កេតមួយ ហើយគេសង្ស័យថា មកពីទុស្សេខ្សែភ្លើងនៅបង្គោលភ្លើងមួយជាប់អគារនោះ ដែលកម្ទេចភ្លើងខ្ទាតទៅលើម៉ូតូបណ្ដាលឲ្យឆេះ ។ ក្រៅពីអ្នកស្លាប់មនុស្សដែលឈ្លក់ផ្សែង ឬរងរបួសដោយអំបែងកញ្ចក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។

លោកសាណាឃន គីស៊ីន អភិបាលរងក្រុងប៉ាតុងគូសបញ្ជាក់ថា ម៉ូតូជាង១០០គ្រឿងដាក់នៅជាន់ផ្ទាល់ដីនៃអគារនោះ ដោយជាន់ខាងលើជាបន្ទប់ជួល ។ ប្រេង សំបកម៉ូតូ និងវត្ថុប្លាស្តិកទាំងឡាយជួយសម្រួលដល់ការឆេះរាលដាលយ៉ាងលឿនជាមួយការបញ្ចេញផ្សែងយ៉ាងក្រាស់ ។
មនុស្សច្រើននាក់ស្ថិតក្នុងអគារនោះ ពេលភ្លើងឆេះបាននាំគ្នារត់ទៅជាន់ខាងលើ ហើយផ្សែងខ្លាំងនាំឲ្យមានការលំបាកក្នុងការជម្លៀសពួកគេចេញ។ យោងតាមរ៉យទ័រថា ក្នុងចំណោមជនរងគ្រោះស្លាប់ និងរបួសពុំមានអ្នកទេសចរឡើយ ៕

ចែករំលែកព័តមាននេះ