ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិសាស្ត្រ​ថ្មី​ស​ន្លាង​! ផ្នែក​ខាងលើ​នៃ​យាន​រ៉ុក្កែត​របស់ SpaceX ចុះ​ចត​ចូល​ជើង​ទម្រ​វិញ ដោយ​ជោគជ័យ

41 នាទី មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន SpaceX បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី នៅ​ក្នុង​វិស័យ​អវកាស បន្ទាប់​ពី​ផ្នែក​ខាងលើ​នៃ​យាន​រ៉ុក្កែត Starship របស់​ខ្លួន ត្រូវ​បាន​បញ្ជា​ហោះ​វិល​ត្រឡប់​មក​កាន់​ផែនដី ព្រមទាំង​បាន​ចុះ​ចត​ចូល​ជើង​ទម្រ ឬ​ប៉ម​ចុះ​ចត​វិញ​បាន​ដោយ​ជោគជ័យ​។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា នៅ​មូលដ្ឋាន​អវកាស ស្ថិត​ក្នុង​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​។

យាន​រ៉ុក្កែត​ដ៏​ធំ​សម្បើម​របស់​ក្រុមហ៊ុន SpaceX ដែល​មាន​កំពូល​មហាសេដ្ឋី លោក Elon Musk ជា​ស្ថាបនិក បាន​ចាក​ចេញពី​មូលដ្ឋាន​អវកាស កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ដោយ​ចំណាយពេល​ប្រហែល ២២ ម៉ោង ហោះ​គោចរ​ជុំវិញ​ផែនដី​ចំនួន ១៤ ជុំ និង​បាន​បញ្ចេញ​ផ្កាយ​រណប Starlink ជាង​២០​គ្រឿង​ទៅ​លំហ មុន​ពេល​ត្រឡប់​មក​ផែនដី​វិញ​។ នេះ​ជា​ការ​ហោះហើរ​សាកល្បង​លើក​ទី ១៥ នៃ​យាន​រ៉ុក្កែត​ធំ​ជាងគេ និង​មាន​អានុភាព​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​។

SpaceX ដែល​ជា​ក្រុមហ៊ុន​អវកាស​ខ្នាត​យក្ស​សហរដ្ឋអាមេរិក បាន​ប្រើប្រាស់​ប្រព័ន្ធ​ជើង​ទម្រ ឬ​ប៉ម​ចុះ​ចត ដែល​មាន​ដៃ​យន្ត​ក្តោប​ដ៏​ធំ​ជា​លើក​ដំបូង ដើម្បី​ចាប់​យក​ផ្នែក​ខាងលើ​នៃ​យាន​រ៉ុក្កែត Starship ដែល​ហោះ​ចុះ​ចត​មក​ផែនដី​វិញ ដោយ​ជោគជ័យ និង​រង​ការ​ខូចខាត​តិចតួច​បំផុត​។

ទោះ​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ការ​ហោះហើរ​សាកល្បង​លើក​ទី​១៥​នេះ SpaceX បាន​បរាជ័យ​ក្នុង​ការ​ចាប់​យក​ផ្នែក​ខាងក្រោម​នៃ​យាន​រ៉ុក្កែត​នេះ ឈ្មោះ Super Heavy ដែល​មាន​តួនាទី​បញ្ជូន ឬ​ជា​តួ​ជំរុញ (Booster) ផ្កាយ​រណប​ហោះ​ឡើង​ទៅ​លើ និង​អាច​ចុះ​ចត​មក​វិញ​នោះ ទៅ​តាម​ផែនការ បន្ទាប់​ពី​កើត​មាន​បញ្ហា​បច្ចេកទេស ហើយ SpaceX បាន​សម្រេច​បញ្ជា​ឱ្យ​ផ្លាស់​ប្តូរ​ទិស​ដៅ ហើយ​ក្រោម​មក​បាន​ផ្ទុះ និង​ធ្លាក់​ចូល​ទៅ​ទឹកសមុទ្រ នៅ​ក្បែរ​នោះ​។

យ៉ាងណាមិញ បេស​កម្ម​លើក​នេះ គឺជា​ជោគជ័យ​ដ៏​ធំធេង​បំផុត​របស់​ក្រុមហ៊ុន SpaceX និង​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​អវកាស​ពិភពលោក​។ ព្រឹ​ត្ត​ការណ៍​នេះ គឺជា​ជំហាន​ដ៏​សំខាន់ និង​ធំ​បំផុត​មួយ ដើម្បី​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រព័ន្ធ​រ៉ុក្កែត​ដែល​បាញ់​បង្ហោះ​ហើយ អាចយ​កមក​ប្រើប្រាស់​ឡើង​វិញ​បាន​ទាំងស្រុង ដើម្បី​កាត់​បន្ថយ​ថ្លៃដើម​នៃ​ការ​ចំណាយ ព្រមទាំង​គាំទ្រ​ដល់​បេសក​កម្ម Artemis របស់​អង្គការ NASA នៅ​ក្នុង​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ឋាន​ព្រះ​ច័ន្ទ​។ ដ្បិត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​យាន​ណា​ផ្សេង​ទៀត អាច​ធ្វើ​បាន​ដូចនេះ​ឡើយ​៕ ប្រភព ៖ BBC, DW និង The Washington Post