ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​ស្រា​អែល​​ស.ម្លា.ប់​មេ​បញ្ជា​ការ​​របស់​ក្រុម​ហាម៉ាស់​ដែល​ចូល​រួម​រៀប​ផែន​ការ​វា.យ​ប្រ.ហារ​កាល​ពី​ឆ្នាំ​២០២៣​

1 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ ថ្មី​ៗ​នេះ យោធា​អុីស្រា​អែល​សម្លាប់​​មេ​បញ្ជា​ការ​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រុម​ហាម៉ាស់​ដែល​ចូល​រួម​រៀប​ចំ​ផែន​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​។ គិត​ទៅ​ មេ​បញ្ជា​ការ​រូប​នេះ​ទើប​តែ​ឡើង​កាន់​តំណែង​បាន​២​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​មេ​បញ្ជា​ការ​ជំនាន់​មុន​គាត់​ត្រូវ​អុីស្រា​អែល​ធ្វើ​ឃាត​​​។ វា​ជា​សញ្ញា​បង្ហាញ​ថា​ជម្លោះ​នៅ​តំបន់​ហ្កា​ហ្សា​នៅ​តែ​ក្ដៅងំ​ជា​និច្ច​ទោះ​បី​អាមេរិក​ខិត​ខំ​សម្រប​សម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​យ៉ាង​ណា​ក្ដី​​។

ទាំង​ក្រុម​ហាម៉ាស់ និង​អុីស្រាអែល​សុទ្ធ​តែ​អះ​អាង​ថា​ដូច​ៗ​គ្នា​ថា​យោធា​អុីស្រា​អែល​បានធ្វើ​ឃាត​លោក​​សាមៀ ម៉ាមូត អាប៊ូ យូនីស (Samir Mahmoud Abu Younis) ពិត​មែន​។ គាត់​ជា​មេ​បញ្ជា​ការ​ប្រចាំ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រ៉ាហ្វា (Rafah)។ លោក​អាប៊ូ​ យុន​នីស​ដែល​ជា​សមាជិក​ដ៏​យូរ​អង្វែង​នៃ​កង​ប្រតិ​បត្តិ​ការ​សឹក​ខាង​លើ​នេះ​ឡើង​មក​ជំនួស​លោក​ណា​អែល អាប៊ូ អូបេត (Nael Abu Obeid) ជា​មេបញ្ជាការ​របស់​ហាម៉ាស់​ និង​ដែល​ត្រូវ​យោធា​អុីស្រា​អែល​បាញ់​សម្លាប់​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២៦ ។ ​​អាប៊ូ​ អូបេត​ឡើង​មក​ជំនួសតំណែង​​លោក​មហាម៉ាត់ សាបា​ណេ (Mohammad Sabaneh) ដែល​ត្រូវ​អុីស្រា​អែល​បាញ់​សម្លាប់​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៥​។

គិត​ទៅ ពួក​គេ​ឡើង​មក​កាន់​តំណែង​នេះ​មិន​យូរ​ប៉ុន្មាន​ទេ​ ត្រូវ​ស្លាប់​ជា​បន្ត​បន្ទាប់​។​ ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​យោធា​អុីស្រា​អែល​ទើប​តែ​វាយ​ប្រហារ​មន្ទីរ​ពេទ្យ​ណាស៊ែ (Nasser) នៅ​ទី​ក្រុង​ខាន់​យុន​នីស​។ អុីស្រា​អែល​អះ​អាង​ថា​ការ​វាយ​ប្រហារ​នោះ​ជា​ការ​ប៉ុន​ប៉ង​​សម្លាប់​មេ​បញ្ជា​ការ​​ម្នាក់​របស់​​ក្រុម​ហាម៉ាស់​។ ក្រុម​អាល់​កាសាម (Al-Qassam) ដែល​ជា​សាខា​របស់​ក្រុម​ហាម៉ាស់​​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​លោក​អាប៊ូ យុន​នីស ពិត​ជា​បាន​ស្លាប់​ហើយ​។ គាត់​ចូល​រួម​នៅ​ក្នុង​កង​ប្រតិ​បត្តិ​ការ​សឹក​ខាង​លើ​នេះ​កាល​ពី​ឆ្នាំ​១៩៩១​ និង​ជា​មេ​បញ្ជា​ការ​ដ៏លេច​ធ្លោ​ម្នាក់​​ដែល​ចូល​រួម​នៅ​ក្នុង​ការ​រៀប​ចំ និង​អនុ​វត្ត​ផែន​ការ​វាយ​​ប្រហារ​អុីស្រា​អែល​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣​។

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អុីស្រា​អែល​ លោ​កអុីស្រា​អែល​ កាត់ (Israel Katz) ថ្លែង​ថា​យោធា​របស់​លោក​នឹង​បន្ត​បោស​សម្អាត​មេ​ធំ​ៗ​របស់​ហាម៉ាស់​នៅ​ហ្កា​ហ្សា​ឱ្យ​ដល់​ឫស​គល់។​ មេ​បញ្ជា​ការ​ណា​ឡើង​មក​បន្ត​តំណែង​ពីអ្នក​ចាស់​ យើង​នឹង​កម្ចាត់​ជា​បន្ត​បន្ទាប់។ គោល​នយោ​បាយ​តាម​កម្ចាត់​មេ​ហាម៉ាស់​​ដែល​រ៉ាប់​រង​អនុ​វត្ត​ដោយ​​លោក​ ក្រោម​កិច្ច​សហ​ការ​ពី​​​នាយក​រដ្ឋ​មន្ត្រី​ណឺតាន់​យ៉ាហ៊ូ និង​យោធា​អុី​ស្រា​អែល​នឹង​បន្ត​ធ្វើ​ដូច​ភ្លៀង​រលឹម​។ ពោល​គឺ​ធ្វើ​រហូត​ដល់​តំបន់​ហ្កាហ្សា​ក្លាយ​ជា​ទី​តាំង​គ្មាន​កង​ទ័ព​ និង​គ្មាន​ក្រុម​ហាម៉ាស់​ត​ទៅ​ទៀត​​៕​ ប្រភព៖ CNN