ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាត់វិធានការ​រដ្ឋបាល​លើ​ទីតាំង​មិន​ទាន់​រុះរើ​សំណង់ និង​សម្ភារ​លក់ដូរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦១ ក្រោយ​ផុតកំណត់​សេចក្តីជូនដំណឹង

1 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ រដ្ឋបាល​ក្រុង​បាន​ប្រកាស​ពី​ការ​ត្រៀម​ចាត់វិធានការ​រដ្ឋបាល​ចំពោះ​ទីតាំង​មួយ​ចំនួន​ដែល​មិនទាន់​អនុវត្ត​តាម​សេចក្តីជូនដំណឹង​ឱ្យ​រុះរើ​ដោយ​ស្ម័គ្រចិត្ត នៅ​តាម​បណ្តោយ​កំណាត់​ផ្លូវ​លេខ​៦១ ត​ភ្ជាប់​ពី​ផ្លូវ​លេខ​២៨ ទៅ​ផ្លូវ​លេខ​១៤ ខណៈ​ដែល​រយៈពេល​កំណត់​ចំនួន​១៥​ថ្ងៃ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២៦​។

តាម​ការ​បញ្ជាក់​របស់​លោក លី មី​ណា អភិបាលក្រុង ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ចូលរួម​សហការ និង​អនុវត្ត​តាម​ការ​ណែនាំ​ដោយ​ស្ម័គ្រចិត្ត ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ចូលរួម​ចំណែក​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​កាន់តែ​មាន​របៀបរៀបរយ​។​ទោះជា​យ៉ាងណា ក៏​នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​កំពុង​បន្ត​រុះរើ​សំណង់ រោង ឬ​តូប និង​រៀបចំ​សម្ភារ​សម្រាប់​ប្រកប​អាជីវកម្ម​មិន​ទាន់​បាន​រៀបរយ​នៅឡើយ​។

រដ្ឋបាល​ក្រុង​បាន​គូសបញ្ជាក់​ថា សេចក្តីជូនដំណឹង​ដែល​បាន​ចេញផ្សាយ គឺជា​លិខិត​រដ្ឋបាល​ផ្លូវការ​ដែល​មាន​សុពលភាព​សម្រាប់​ការ​អនុវត្ត មិនមែន​ជា​ការ​ណែនាំ​ដែល​បុគ្គល​ណា​ម្នាក់​អាច​ជ្រើសរើស​អនុវត្ត ឬ​មិន​អនុវត្ត​តាម​ចិត្ត​នោះ​ឡើយ​។ ដូច្នេះ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​បាន​ស្មើភាព​គ្នា ដើម្បី​ធានា​បាន​នូវ​សណ្តាប់ធ្នាប់ និង​សោភ័ណ​ភាព​ទីក្រុង​។

ជា​វិធានការ​បន្ត នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​ក្រុង នឹង​ចុះ​ត្រួតពិនិត្យ​ជា​ថ្មី​តាម​បណ្តោយ​កំណាត់​ផ្លូវ​លេខ​៦១ ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​អនុវត្ត​តាម​ការ​ណែនាំ ព្រមទាំង​ពិនិត្យ​ទីតាំង​ដែល​នៅ​មិន​ទាន់​បាន​រុះរើ​។ ក្នុង​ដំណាក់កាល​នេះ ក្រុមការងារ​នឹង​បន្ត​ណែនាំ និង​ផ្តល់​ឱកាស​ចុង​ក្រោយ​ដល់​ម្ចាស់​ទីតាំង​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ការ​រុះរើ​ដោយ​ខ្លួនឯង​។

ទោះជា​យ៉ាងណា រដ្ឋបាល​ក្រុង​បាន​ព្រមាន​ថា ក្រោយ​ផុតកំណត់​ពេលវេលា​ដែល​បាន​ជូនដំណឹង ប្រសិនបើ​នៅ​តែ​មាន​ទីតាំង​ណា​មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ អាជ្ញាធរ​ក្រុង​នឹង​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច ចាត់វិធានការ​រដ្ឋបាល​ដោយ​ចុះ​អនុវត្ត​ការ​រុះរើ​នៅ​ទីតាំង​ជាក់ស្តែង តាម​នីតិវិធី​ជា​ធរមាន​។

ជា​ចុង​ក្រោយ លោក​អភិបាលក្រុង​បាន​បញ្ជាក់​ពី​គោលការណ៍​អនុវត្ត​ការងារ​ដោយ​ប្រើប្រាស់​ស្តង់ដារ​តែ​មួយ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​អនុវត្ត​ខុស​គ្នា ឬ​លើកលែង​ចំពោះ​បុគ្គល​ណា​ម្នាក់​ឡើយ​។ អាជ្ញាធរ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​បន្ត​សហការ និង​អនុវត្ត​តាម​សេចក្តីណែនាំ​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ជៀសវាង​វិធានការ​រដ្ឋបាល និង​រួមចំណែក​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​៕