ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋាភិបាល​យេម៉េន​ប្រកាស​ដក​កម្លាំង​ទៅ​ការ​ពារ​ទី​ក្រុង​ Aden, ហេតុ​នេះ​ក្រុម​ហ៊ូទី​រឹត​តែ​មាន​កម្លាំង​ចិត្ត​

2 ម៉ោង មុន

ទី​ក្រុង​សាណា៖ កង​ទ័ព​រដ្ឋាភិបាល​យេម៉េន​ប្រកាស​ថា​ពួក​គេ​ចាប់​ផ្ដើម​ដក​ថយ​ជា​បណ្ដើរ​ៗ​​ចេញ​ពី​ទី​តាំង​ស្ថិត​នៅ​ក្បែរ​ច្រក​សមុទ្រ​បាប​អែល​មេន​ដេប (Bab el-Mandeb) ដើម្បី​យក​កម្លាំង​​ទៅ​ការ​ពារ​មូល​ដ្ឋាន​សំខាន់​នៅ​ទី​ក្រុង​អេដែន (Aden) វិញ​ម្ដង​។ នេះ​​ជា​ការ​ដើរ​ថយ​ក្រោយ​មួយ​ជំហាន​ដ៏​ធំ​នៅ​ក្នុង​យុទ្ធ​នា​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ក្រុម​​ឧទ្ទាម​ហ៊ូ​ទី​ដែល​គាំទ្រ​ដោយ​អុីរ៉ង់​ ហើយ​ក៏​ជា​សញ្ញា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ផង​ដែរ​សម្រាប់​ក្រុម​សម្ព័ន្ធ​មិត្ត​ដែល​ដឹក​នាំ​ដោយ​អារ៉ាប៊ី​សា​អូឌីត​។

សេចក្ដីប្រកាស​នោះ​អាច​ជា​សញ្ញា​បិទ​បញ្ចប់​យុទ្ធ​នា​ការ​វាយ​បក​របស់​រដ្ឋាភិបាល​យេម៉េន​រយៈ​ពេល​៦​សប្ដាហ៍​កន្លង​ទៅ​នេះ​ដើម្បីដណ្ដើម​យក​មក​វិញ​នូវ​តំបន់​​​ក្បែរ​​ច្រក​ចូល​សមុទ្រ​ក្រហម​។ ទី​នេះ​ត្រូវ​ក្រុម​ហ៊ូទី​វាយ​កាន់​កាប់​កាល​ពី​ខែ​កញ្ញា​ដោយ​ប្រើ​ប្រាស់​សង្គ្រាម​ផ្លេក​បន្ទោរ​។ សេចក្ដី​ប្រកាស​ដក​ថយ​កង​ទ័ព​របស់​រដ្ឋាភិបាល​យេម៉េន​ដូច​ខាង​លើ​នេះ​អាច​ជា​ការ​បើក​ដៃ​ឱ្យ​ក្រុម​ហ៊ូទី​បន្ត​វាយ​សម្រុក​ទៅ​មុខ​ទៅ​រក​ទី​ក្រុង​អេដែន​ ហើយ​មិន​តែ​ប៉ុណ្ណោះ​​អាច​ធ្វើ​ឱ្យ​អារ៉ាប៊ី​សា​អូឌីត​​ជួប​បញ្ហា​លំបាក​ក្នុង​ការ​ទប់​ទល់​នឹង​ក្រុម​ហ៊ូទី​ដែល​បន្ត​វាយ​ប្រហារ​ខ្លួន​ដោយ​ដ្រូន និង​មីស៊ីល​។

កង​ទ័ព​រដ្ឋាភិបាល​យេម៉េន​បន្ត​កាន់​កាប់​ទី​ក្រុង​អេ​ដែន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​បន្ទាប់​ពី​ក្រុម​ហ៊ូទី​បណ្ដេញ​រដ្ឋាភិបាល​ និង​ចូល​កាន់​កាប់​រដ្ឋ​ធានី​សាណា (Sanaa)។ ការ​ដែល​ក្រុម​ហ៊ូទី​វាយ​ប្រហារ​អារ៉ាប៊ី​សា​អូឌីត និង​សមុទ្រ​ក្រហម​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ប្រៀប​បាន​នឹង​ការ​ជួយ​ធ្វើ​ឱ្យ​អុីរ៉ង់​រឹត​តែ​មាន​កម្លាំង​ខ្លាំង​។ សង្គ្រាម​ស៊ីវិល​នៅ​យេម៉េន​រយៈ​ពេល​មួយ​ទស​វត្សរ៍​ទើប​តែ​បិទ​បញ្ចប់​កាល​ពី​ឆ្នាំ​២០២២​។ ក្រោយ​មក​ សង្គ្រាម​អុីរ៉ង់​​ដែល​ផ្ទុះ​ឡើង​កាល​ពី​ខែ​​ចុង​កុម្ភៈ​បាន​​ដុត​បញ្ឆេះ​សង្គ្រាម​នេះ​ឱ្យ​ផ្ទុះ​ឡើង​ជា​ថ្មី​កាល​ពី​រដូវ​ក្ដៅ​។

ក្រុម​ហ៊ូទី​​​​វាយ​កាន់​កាប់​យ៉ាង​ឆាប់​រហ័ស​នូវ​តំបន់​ឆ្នេរ​សមុទ្រ​តាម​បណ្ដោយ​សមុទ្រ​ក្រហម​ និង​កាន់​កាប់​ច្រក​សមុទ្រ​បាប​អែល​មេន​ដេប។ ហ៊ូទី​ក៏​កំពុង​ឡោម​ព័ទ្ធ​កង​ទ័ព​រដ្ឋាភិបាល​យេម៉េន​នៅ​តាអុីស (Taiz) ផង​ដែរ​ដែល​ជា​ទី​ក្រុង​ធំ​លំដាប់​ទី​បី​របស់​ប្រទេស​យេម៉េន​​។ កាល​ពី​ខែ​តុលា កង​ទ័ព​សម្ព័ន្ធ​មិត្ត​ដែល​ដឹក​នាំ​ដោយ​អារ៉ាប៊ី​សា​អូឌីត​វាយ​កាន់​កាប់​ទី​តាំង​សំខាន់​ៗ​​​យ៉ាង​ឆាប់​រហ័ស​។ ប៉ុន្តែ​ពួក​គេ​មិន​អាច​បណ្ដេញ​ក្រុម​ហ៊ូទី​ទាំង​ស្រុង​បាន​ឡើយ​។ ជា​ការ​ឆ្លើយ​តប​ ហ៊ូទី​វាយ​ប្រហារ​អារ៉ាប៊ី​សា​អូឌីត​ដោយ​ដ្រូន និង​មីស៊ីល​។ ជា​ពិសេស​ វាយ​ប្រហារ​ព្រលាន​យន្ត​ហោះ​នៅតាម​ទី​​ក្រុង​ធំៗ​ ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ហោះ​ហើរ​ត្រូវ​ជាប់​គាំង​ម្ដង​ៗ​៕ ប្រភព៖ Reuters