ទីក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុនមេហ្កាស្ពីត (Megaspeed) ដែលមានទីស្នាក់ការនៅសិង្ហបុរី និងដែលកំពុងជួបប្រទះនឹងរឿងចម្រូងចម្រាសថាជាចារកម្មរបស់ចិននោះបានចេញមុខបញ្ជាក់ថាតាមពិតទៅ អ្នកស្រីអាលីស ហួងបានចាកចេញពីក្រុមហ៊ុនតាំងពីឆ្នាំ២០២៥មកម៉្លេះ។ ការថ្លែងដូច្នេះស្របពេលដែលទំនាក់ទំនងរវាងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោកជេនសិន ហួង និងអ្នកស្រីអាលីស ហួងកំពុងក្លាយជាប្រធានបទក្ដៅដែលធ្វើឱ្យលោកអស់តំណែង ហើយឈានដល់ការស៊ើបអង្កេតពីសំណាក់ភ្នាក់ងារអែហ្វប៊ីអាយ (FBI) របស់អាមេរិក។

មេហ្កាស្ពីតកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ថាក្រុមហ៊ុននេះបានលួចផ្ទេរបន្ទះឈីបបំពាក់បច្ចេកវិទ្យាទំនើបរបស់ Nvidia ទៅឱ្យក្រុមហ៊ុននានានៅប្រទេសចិន។ មេហ្កាស្ពីតអះអាងថាខ្លួនក៏កំពុងស៊ើបអង្កេតផ្ទៃក្នុងរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនអះអាងថាខ្លួនប្រកបអាជីវកម្មដែលសុចរិតទៀងត្រង់ និងស្របច្បាប់តែប៉ុណ្ណោះ ហើយខ្លួនក៏បានទទួលដំណឹងរួចហើយស្ដីពីអាជីវកម្ម, ខ្សែសង្វាក់ផ្គត់ផ្គង់ និងប្រតិបត្តិការរបស់ខ្លួននៅលើសាកលលោកដែលខ្លួនចាត់ទុកថាជាការផ្សព្វផ្សាយមិនពិតទេព្រោះមិនមានភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាននោះឡើយ។

ក្រុមហ៊ុនបានចេញសេចក្ដីបំភ្លឺថាអ្នកស្រីអាលីស ហួងបានចាកចេញពីមេហ្កាស្ពីតតាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ហើយបច្ចុប្បន្ននេះ អ្នកស្រីគ្មានតួនាទីអ្វីទាំងអស់នៅក្នុងក្រុមហ៊ុន។ ចំពោះជីវិតឯកជន និងរឿងអាស្រូវនានារបស់អ្នកស្រី ក្រុមហ៊ុនសូមមិនធ្វើអត្ថាធិប្បាយទេ។ ក្នុងនាមជាដៃគូរបស់ Nvidia ក្រុមហ៊ុនមេហ្កាស្ពីតប្រឈមនឹងការពិនិត្យពិច័យអស់ជាច្រើនខែមកហើយ។ ក្នុងនោះក៏មានការត្រួតពិនិត្យពីអាជ្ញាធរអាមេរិកជុំវិញការសង្ស័យថាក្រុមហ៊ុនដើរតួនាទីជាអ្នកផ្ទេរបន្ទះឈីបបំពាក់បច្ចេកវិទ្យាទំនើបដ៏ច្រើនសន្ធឹកសន្ធាប់ទៅឱ្យក្រុមហ៊ុនចិន។ កាលពីខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនអះអាងថាគ្មានភស្តុតាងច្បាស់លាស់បញ្ជាក់ថាខ្លួនបានលួចផ្ទេរបន្ទះឈីបទាំងនោះទេ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកថ្លែងថាលោកមិនខ្វល់ថាតើអ្នកស្រីអាលីស ហួងជាភ្នាក់ងារចារកម្ម ឬយ៉ាងណាទេ។ អ្វីដែលលោកបារម្ភ និងយកចិត្តទុកដាក់នោះគឺថាតើក្រុមហ៊ុន Nvidia មានទម្លាប់ប្រើវិធីបង្វែងដានពីគោលនយោបាយរឹតត្បិតការនាំចេញរបស់អាមេរិកដែរឬទេ។ លោកថ្លែងថាចំណុចខ្សោយរបស់លោកជេនសិន ហួង គឺជាភាពកម្សោយរបស់គាត់។ ជាការពិត នេះជាបញ្ហាប្រសិនបើគាត់មានទំនាក់ទំនងស្នេហាជាមួយបុគ្គលិកក្រោមបង្គាប់របស់គាត់។

នៅក្នុងព្រឹត្តិការណ៍មួយទៀត មានសេចក្ដីរាយការណ៍ថាលោកជេនសិន ហួងកំពុងពិចារណាវិលត្រឡប់ទៅកាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia វិញព្រោះក្រុមសម្ព័ន្ធមិត្តរបស់ Nvidia នៅក្នុងក្រុម Silicon Valley កំពុងដាក់សម្ពាធឱ្យក្រុមប្រឹក្សាភិបាលយកលោកហួងត្រឡប់ទៅធ្វើការវិញ។ មនុស្សមួយចំនួនដែលដឹងកិច្ចការផ្ទៃក្នុងក្រុមហ៊ុនបានបង្ហើបឱ្យដឹងថាលោកហួងបានពិភាក្សាជាមួយមនុស្សជិតស្និទ្ធរបស់លោកដើម្បីវិលទៅកាន់តំណែងវិញ។ សម្ព័ន្ធមិត្តម្នាក់របស់លោកហួងប្រាប់សារព័ត៌មានហ្វាយណាន់សល ថាមស៍ (Financial Times) ថាពួកគេកោះប្រជុំមេធំៗរបស់ Silicon Valley ដើម្បីនិយាយបញ្ចុះបញ្ចូលឱ្យអនុញ្ញាតឱ្យលោកហួងចូលធ្វើការវិញ ហើយនឹងប្រមូលកៀងគរការគាំទ្រពីសេតវិមានថែមទៀតផង៕ ប្រភព៖ AP និង Financial Times

ចែករំលែកព័តមាននេះ