ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រធានាធិបតីបារាំង ដែលជួយសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី ជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សាធារណរដ្ឋ​បារាំង ក៏​ដូច​ជា ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង (Emmanuel Macron) ប្រធានាធិបតី​បារាំង​ផ្ទាល់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​សម្របសម្រួល ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ជុំវិញ​ស្ថានការណ៍​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ប្រកាន់ខ្ជាប់​របស់​លោក​ប្រធានាធិបតី លើ​ច្បាប់​អន្តរជាតិ និង​ការ​គោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​រដ្ឋ ។

ការ​ថ្លែងអំណរគុណ និង​បញ្ជាក់​ជំហរ​ជា​ថ្មី​របស់​សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជាមួយ​ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង បន្ទាប់​ពី​បញ្ចប់​ជំនួប​ពិភាក្សា​ទ្វេភាគី និង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​នានា​នា ថ្លែង​ក្នុង​ស​ន្នី​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦​នៅ​វិមាន​សន្តិភាព ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ និង​បាន​ឡាយ​តាម​បណ្តាញ​សង្គម​ជា​សាធារណៈ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា ៖ ពាក់ព័ន្ធ​នឹង​កិច្ចការ​តំបន់ និង​អន្តរជាតិ កម្ពុជា និង​បារាំង បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ចំពោះ​ពហុភាគី​និយម ធម្មនុញ្ញ​អង្គការ សហប្រជាជាតិ ច្បាប់​អន្តរជាតិ និង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ។

ចំពោះ​ករណី​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នៅ​ព្រំដែន​កម្ពុជា​-​ថៃ សម្តេច​បវរ​ធិ​បតី បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា ៖ «​ពាក់ព័ន្ធ​ស្ថានការណ៍​នៅ​ព្រំដែន​កម្ពុជា​-​ថៃ កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​មោះមុត​របស់​កម្ពុជា ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ផ្អែក​លើ​ច្បាប់ អន្តរជាតិ និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ។ ក្នុង​ន័យ​នេះ ខ្ញុំ​សូម​អរគុណ​ដល់​ប្រទេស​បារាំង ក៏​ដូច​ជា លោក​ប្រធានាធិបតី​ផ្ទាល់ ដែល​បាន​ខិតខំ​ស្វែងរក​ក្នុង​ការ​សម្របសម្រួល​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​រវាង​ប្រទេស​យើង​ទាំង​ពីរ​» ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​សម្តែង​នូវ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក​ប្រធានាធិបតី ម៉ា​ក្រុង សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​លោក ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​អន្តរជាតិ និង​គោលការណ៍​គ្រឹះ​នៃ​ធម្មនុញ្ញ​អង្គការ សហប្រជាជាតិ ជា​ពិសេស គឺ​ការ​គោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​រដ្ឋ ។

ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង បាន​ថ្លែង​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​បារាំង​ក្នុង​ការ​បន្ត​ពង្រឹង​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ ។

ឯកឧត្តម​ប្រធានាធិបតី​បារាំង បាន​គូសបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​កម្ពុជា ក្នុង​ការ​បង្កើត​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​សម្តេចព្រះ​បរម​រតន​កោដ្ឋ​ជា​ស្ថាបនិក​មួយ​ព្រះ​អង្គ និង​បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​ហ្វ្រ​ង់​កូ​ហ្វូ​នី​នឹង​វិល​ត្រឡប់​មក​អាស៊ី​វិញ​នៅ​កម្ពុជា ។

ឯកឧត្តម​ក៏​បាន​សង្កត់ធ្ងន់​លើ​ការ​ប្តេជ្ញា​របស់​បារាំង​ក្នុង​ការ​គាំទ្រ​សន្តិភាព និង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ដូចដែល​បាន​បង្ហាញ​តាម​រយៈ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១ ដែល​បាន​បើកផ្លូវ​ឲ្យ​កម្ពុជា​ឆ្ពោះទៅ​រក​សន្តិភាព និង​ការ​អភិវឌ្ឍ ។

លើស​ពីំ​នេះ​បារាំង​បាន​សន្យា​បន្ត​ជួយ​ជ្រោមជ្រែង​កម្ពុជា ក្នុង​ដំណាក់​កាលដែល​កម្ពុជា​ក្លាយជា​ប្រទេស​ចំណូ ល​មធ្យម​កម្រិត​ខ្ពស់ ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌ កសិកម្ម ឧស្សាហកម្ម​ច្នៃប្រឌិត ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ ។

ជាក់ស្តែង នៅ​ឆ្នាំ​២០២៦ បារាំង​បាន​វិនិយោគ​ជាង​៦០​លាន​អឺ​រ៉ូ លើ​គម្រោង​និរន្តរភាព និង​បាន​បង្កើត​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អំពី​បញ្ញា​សិប្បនិម្មិត និង​សុខភាព​តែ​មួយ ។ ប្រធានាធិបតី​បារាំង បាន​បញ្ជាក់​ថា ចំណងមិត្តភាព​រវាង​កម្ពុជា និង​បារាំង​កាន់តែ​រឹង​មាំ និង​សម្បូរ​បែប​ជាង​មុន ៣៥​ឆ្នាំ ក្រោយ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ហើយ​កម្ពុជា​អាច​ទុកចិត្ត​លើ​មិត្តភាព​របស់​បារាំង​ជា​និច្ច ។

គួរ​រំលឹក​ជូន​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែង​ជម្រាប​ជូន​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ហ្វ្រ​ង់​កូ​ហ្វូ​នី​អំពី​ស្ថានភាព​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ផង​ដែរ ដោយ​សម្តេច​បាន​ប្រកាស​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា កម្ពុជា​មិនមែន​ជា​អ្នក​ផ្តើម​បាញ់​មុន​ឡើយ ហើយ​គ្មាន​ព្រំដែន​ណាមួយ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រើប្រាស់​កម្លាំង​អាវុធ ឬ​ការ​បង្កើត​អង្គហេតុ​សម្រេច​លើ​ទីតាំង​ជាក់ស្ដែង (Faits Accomplis) នោះ​ទេ ខណៈ​ការ​គោរព​ច្បាប់​អន្តរជាតិ គឺជា​ការ​ធានា​សន្តិសុខ​ដល់​គ្រប់​បណ្តា​រដ្ឋ​ទាំង​តូច​ទាំង​ធំ ៕