ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​​បន្ត​​ជួប​ប្រទះ​​បញ្ហា​រអាក់​រអួល​ជើង​អាកាស​,​ប៉ុន្តែ​រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ព្យាករ​ថា​អ្វី​ៗ​នឹង​វិល​មក​ធម្មតា​វិញ​នៅ​ថ្ងៃ​នេះ

1 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ប្រទេស​អាមេរិក​នៅ​តែ​ជួប​ប្រទះ​នឹង​បញ្ហា​រអាក់​រអួល​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ជើង​អាកាស​ដដែល​ទោះ​បី​បញ្ហា​នេះ​បាន​កើត​ឡើង​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ​ក្ដី​។ បញ្ហា​ដោយ​សារ​ប្រព័ន្ធ​ទំនាក់​ទំនង​ចាស់​ហួស​សម័យ​ដែល​បំពាក់​នៅ​តាម​អាកាស​យាន​ដ្ឋាន​នានា​​ ដូច្នេះ​ធ្វើ​ឱ្យ​ពិបាក​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​របស់​យន្ត​ហោះ​។ កាល​ពី​ថ្ងៃ​អាទិត្យ​ យន្ត​ហោះ​ជាង​មួយ​ម៉ឺន​ខ្សែ​ត្រូវ​អាក់​ខាន​ការ​ហោះ​ហើរ​របស់​ខ្លួន​។

ទោះ​ជា​យ៉ាង​ណា​ក្ដី រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ លោក​សង់​ ដាហ្វ៊ី (Sean Dauffy) ព្យាករ​ថា​នៅ​ថ្ងៃ​ចន្ទ​នេះ​អ្វី​ៗ​នឹង​វិល​ត្រឡប់​ទៅ​រក​សភាព​ប្រក្រតី​ឡើង​វិញ​។ លោក​នៅ​តែ​អះ​អាង​ដូច្នេះ​ទោះ​បី​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នានា​នៅ​តែ​មិន​ទាន់​រៀប​ចំ​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​ដើម្បី​រៀប​ចំ​កាល​បរិច្ឆេទ​ហោះ​ហើរ​របស់​ខ្លួន​​។ កាល​ពី​ថ្ងៃ​អាទិត្យ ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ជាង​២៣០០​ខ្សែ និង​ជើង​ហោះ​ហើរ​អន្តរ​ជាតិ​៧៧០០​ខ្សែ​ត្រូវ​ពន្យារ​ពេល​។ នេះ​បើ​យោ​ងតាម​គេហ​ទំព័រ​ FlightAware ដែល​តាម​ដាន​ការ​ហោះ​ហើរ​។

កាល​ពី​ថ្ងៃ​សៅរ៍ ជើង​ហោះ​ហើរ​ជាង​៦៤០០​ខ្សែ​ត្រូវ​បាន​លុប​ចោល​ និង​ជើង​ហោះ​ហើរ​ជាង​៨​ពាន់​ខ្សែ​ត្រូវ​ពន្យារ​ពេល​។ លោក​ដាហ្វ៊ី​ថ្លែង​ថា​មិន​មាន​ភស្តុ​តាង​បង្ហាញ​ថា​បញ្ហា​រអាក់​រអួល​លើក​នេះ​បង្ក​ឡើង​ដោយ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌​​មាន​វិទ្យា ឬ​ដោយ​ចេត​នា​ទុច្ច​រិត​ណា​មួយ​នោះ​ឡើយ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី គេ​មិន​ទាន់​ដឹង​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​។ ​ពី​ថ្ងៃ​សុក្រ គណៈ​កម្ម​ការ​អាកាស​ចរណ៍​ជាតិ​ (FAA) បាន​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​បញ្ឈប់​ការ​ហោះ​ហើរ​ទូទាំង​ប្រទេស​កាល​​ ដែល​មាន​ន័យ​ស្មើ​នឹង​ការ​បិទ​ដែន​អាកាស​អស់​រយៈ​ពេល​ជិត​៥​ម៉ោង​។

នេះ​ជា​ការ​បិទ​ដែន​អាកាស​ដ៏​យូរ​បំផុត​ចាប់​តាំង​ពី​ក្រោយ​ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​ភេរវ​កម្ម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ​ឆ្នាំ​២០០១​។ លោក​ដាហ្វ៊ី​ថ្លែង​ថា​ប្រព័ន្ធ​បញ្ជា​ការ​ទំនាក់​ទំនង​ដែល​បំពាក់​នៅ​តាម​អាកាស​យាន​ដ្ឋាន​​នានា​​​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​តាំង​ពី​ឆ្នាំ​២០០១​ ដូច្នេះ​វា​ចាស់​ហួស​សម័យ​ទៅ​ហើយ​។ ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ លោក​បាន​ស្នើសុំ​ឱ្យ​សភា​អនុម័ត​ថវិកា​៥០​ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ហោះ​​ហើរ​៕ ប្រភព៖ Reuters