កម្ពុជាជំរុញឱ្យបញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង២ម៉ឺននាក់ទៅក្នុងសាររបស់អាយប៉ាដោយជោគជ័យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គណៈប្រតិភូសភាកម្ពុជាបានទទួលការគាំទ្រជាឯកច្ឆន្ទពីបណ្តាប្រទេសជាសមាជិកទាំងអស់ ក្នុងការបញ្ជ្រាបថា ខណ្ឌអាទិភាពស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង២០.០០០នាក់ ទៅក្នុងសារផ្លូវការរបស់អាយប៉ាជូនប្រមុខដឹកនាំអាស៊ាន ។

ជោគជ័យការទូតសភានេះ ធ្វើឡើងក្នុងកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា (ASEAN-AIPA Interface) លើកទី១៥ និងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីម៉ានីឡា ប្រទេសហ្វីលីពីន ដែលដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា ។

ក្នុងសាររបស់អាយប៉ាដែលអានដោយឯកឧត្តម ហ្វូស្ទីណូ បូជី ជី. ឌី ទី៣ (Faustino Bojie G. Dy III) ប្រធានរដ្ឋសភាហ្វីលីពីន ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ក្រោមអធិបតីភាពប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ អ័រ ម៉ាកូស ជេអ័រ (Ferdinand R. Marcos Jr.) បានលើកទឹកចិត្តឱ្យភាគីកម្ពុជា-ថៃ គោរព និងអនុវត្តដោយស្មោះត្រង់នូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (២៦ តុលា ២០២៥) សេចក្តីថ្លែងការណ៍រួម (២៧ ធ្នូ ២០២៥) និងកិច្ចព្រមព្រៀងរួមហ្វូសៀន (២៩ ធ្នូ ២០២៥)។

ទន្ទឹមនឹងនេះ សាររបស់អាយប៉ាក៏បានបញ្ជាក់ការគាំទ្រចំពោះតួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងជំរុញឱ្យភាគីទាំងពីរសម្រួលដល់ការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់ពលរដ្ឋភៀសសឹកជាង២០.០០០នាក់ ប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងធានាការពារសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។តួលេខជនភៀសសឹកជាង២០.០០០នាក់នេះ មិនមែនជាការលើកឡើងតែម្ខាងរបស់កម្ពុជាឡើយ ប៉ុន្តែត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Tom Andrews អ្នករាយការ ណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

ក្រៅពីបញ្ហាព្រំដែន កម្ពុជាក៏បានរួមចំណែកដាក់បញ្ចូលធាតុចូលយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤បន្ថែមទៀតទៅក្នុងសាររបស់អាយប៉ា រួមមានការពង្រឹងគោលការណ៍គ្រឹះអាស៊ានលើការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ការដោះស្រាយជម្លោះដោយស ន្តិវិធី និងការពារជនស៊ីវិលជាដាច់ខាត ។
ជាមួយគ្នានេះ កម្ពុជាបានជំរុញកិច្ចសហប្រតិបត្តិការឆ្លើយតបបញ្ហាប្រឈមថ្មីៗ ដូចជា អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែន ការស៊ើបអង្កេតហិរញ្ញវត្ថុ ការរឹបអូសទ្រព្យសម្បត្តិពីបទល្មើស និងការការពារជនរងគ្រោះ។

លើសពីនេះ កម្ពុជាបានសង្កត់ធ្ងន់លើការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់កសិករ សហគមន៍ជនបទ ស្ត្រី យុវជន និងជនមានពិការភាព ក្រោមស្មារតី «មិនទុកនរណាម្នាក់ចោល» ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តថ្នាក់តំបន់ ទៅជាសកម្មភាពជាក់ស្តែងនៅថ្នាក់ជាតិ ស្របតាមរដ្ឋធម្មនុញ្ញរបស់សភាសមាជិកនីមួយៗ ។
កិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា គឺជាយន្តការប្រចាំឆ្នាំដ៏មានសារៈសំខាន់បំផុត ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក្នុងការនាំយកបំណងប្រាថ្នាពិតប្រាកដរបស់ប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំកំពូល ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពធន់ បរិយាបន្ន ចីរភាព និងវិបុលភាព៕


ចែករំលែកព័តមាននេះ