ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាអំណាចទាំង៣ ត្រៀមជួបគ្នានៅចិន! លោក ត្រាំ នឹងលើកយករឿងនុយក្លេអ៊ែរ និងអ៉ីរ៉ង់ មកជជែកជាមួយលោក ស៊ី និង​លោកពូទីន

2 ម៉ោង មុន

អា​មេ​រិ​ក​-​ចិន​-​រុ​ស្ស៊ី ៖ សេត​វិមាន​អះអាង​ នា​ថ្ងៃ​ទី​១៣ ​វិច្ឆិកា​ ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​នឹង​ជួប​សម​ភាគី​ចិន​លោក​ស៊ី​ជី​ន​ពីង ​និង​សម​ភាគី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ នា​ថ្ងៃ​ទី​១៩ ​វិច្ឆិកា​ ខាង​មុខ​នេះ​ នៅ​ចិន ខាងក្រៅ​កិច្ចប្រជុំ​កំពូល​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​ស៊ី​​-​ប៉ា​ស៊ី​​ហ្វិ​ក ​ហៅ​កាត់​ថា​ APEC នៅ​ក្រុង​សេន​ហ្សេ​ន​។

អ្នកនាំពាក្យ​សេត​វិមាន​ លោកស្រី​អូ​លី​វី​យ៉ា​វ៉ា​ឡេ​ស ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ប្រធានាធិបតី​គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា ក្នុង​ការ​ជួប​គ្នា​នេះ​ លោក​ក៏​នឹង​លើក​ផង​ដែរ បញ្ហា​កាត់​បន្ថយ​ចំនួន​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ពិភពលោក​ ។ លោក​ត្រាំ​យល់​ថា​ ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​នេះ​ ពិតជា​គ្រោះថ្នាក់​ខ្លាំង​បំផុត​។

ចំណែក​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កមួយ​រូប ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា ខ្ញុំ​យល់​ថា​ប្រធានាធិបតី​ពិតជា​មាន​បំណង​លើក​ពី​បញ្ហា​
អ៉ី​រ៉​ង់ ក្នុង​ការ​ជួប​គ្នា​កំពូល​ត្រីភាគី​នោះ​ជាមួយ​លោក​ស៊ី​​ជី​ន​ពីង​ និង​លោកពូ​ទី​ន ​។

ប៉ុន្តែ​ក្រុង​វ៉ា​ស៊ី​​ន​តោន​​នឹង​ជួប​ចរចា​វគ្គ​ថ្មី​មួយទៀត ជាមួយ​ក្រុង​គៀវ​ និង​ក្រុង​មូ​ស្គូ​ដោយ​បញ្ជាក់​ថា ចិន​ពិតជា​មិនមែន​ជា​ផ្នែក​មួយ​នៃ​ការ​ចរចា​នោះ​ឡើយ​ ។ ដូច្នេះ​ ហាក់​មិន​សម​និយាយ​រឿង​អ៊ុយ​ក្រែ​ន​ជាមួយ​ចិន​ឡើយ​ ។ ប្រធានាធិបតី​អា​មេ​រិ​ក​ក៏​នឹង​រៀបចំ​ពិធី​​អាហារ​ថ្ងៃត្រង់​មួយ​ជាមួយ​លោក​ស៊ី​ជី​ន​ពីង នា​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ប៉ុន្តែ​លោក​មិន​គ្រោង​ជូ​ប​ជាមួយ​លោកពូ​ទី​ន​តទល់​គ្នា​ឡើយ​។

ប្រធានាធិបតី​អា​មេ​រិ​ក​ត្រូវ​ចាក​ចេញពី​ប្រទេស​នា​ថ្ងៃ​ទី​១៦ ​វិច្ឆិកា ហើយ​ទៅ​ដល់​ហ្វ៊ី​លី​ពី​ន ​នា​ថ្ងៃ​ទី​១៧ ​វិច្ឆិកា ចូលរួម​ក្នុង​កិច្ចប្រជុំ​គំ​ពូ​ល​អាស៊ាន មុន​មក​កាន់​ក្រុង​សេន​ហ្សេ​ន​ ៕