ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​បញ្ជូន​នាវា​ផ្ទុក​យន្ត​ហោះ​ទី​បី​ទៅ​មជ្ឈិម​បូព៌ា​ ខណៈ​ដែល​​​ភាព​តាន​តឹង​ជា​មួយ​អុីរ៉ង់​នៅ​តែ​បន្ត​​កើត​មាន​

2 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់៖ អាមេរិក​ទើប​តែ​បញ្ជូន​នាវា​ដឹក​យន្ត​ហោះ​មួយ​គ្រឿង​ទៀត​ទៅ​មជ្ឈិម​បូព៌ា​កាល​ពី​ថ្ងៃ​អាទិត្យ​។ ដូច្នេះ គិត​ទាំង​មុន​ ទាំង​ក្រោយ នាវា​ដឹក​យន្ត​ហោះ​នៅ​ទី​នោះ​កើន​ឡើង​ដល់​បី​គ្រឿង​។ នេះ​បើ​យោង​តាម​​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ម្នាក់​។ ការ​បញ្ជូន​នាវា​ទី​បី​នេះ​កើត​មាន​ឡើង​​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​លោក​ដូណាល់​ត្រាំ​ចាក​ចេញ​ដំណើរ​ពី​វ៉ាស៊ីនតោន​ដើម្បី​បំពេញ​ទស្ស​ន​កិច្ច​នៅ​ទ្វីប​អាស៊ី​ និង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អេប៉ិច​នៅ​ទី​ក្រុង​ស៊ឹន​ចិន ប្រទេស​ចិន នា​សប្ដាហ៍​​នេះ​។ គេ​រំពឹងថា​លោក​នឹង​ជួប​ពិភាក្សា​ការ​ងារ​ត្រី​ភាគី​ជា​មួយ​លោក​ស៊ី​ជីន​ពីង​ និង​លោក​ពូទីន​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​។ របៀប​វារៈ​សំខាន់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នុយ​ក្លេអ៊ែរ និង​សង្គ្រាម​អុីរ៉ង់​។

នាវា​ដឹក​យន្ត​ហោះ​ឈ្មោះ​រូសឺវែល​ (Roosevelt) កំពុង​ចូល​រួម​ជា​មួយ​នាវា​យូ​អែ​អេស​ ចច​ វ៉ាស៊ីនតោន (USS George Washington) និង​យូ​អែស​អែស​ ចច​ប៊ូស (USS George H.W. Bush) ដែល​ស្ថិត​នៅ​ទី​នោះ​ស្រាប់​។ វត្ត​មាន​របស់​នាវា​ទាំង​បី​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ភាព​តាន​តឹង​រវាង​អា​មេ​រិក និង​អុីរ៉ង់​កាន់​តែ​ឡើង​កម្ដៅ​​ដោយ​សារ​ការ​ចរ​ចា​មិន​ត្រូវ​​​គ្នា​ ហើយ​ម៉្យាង​ទៀត​ រដ្ឋាភិបាល​របស់​លោក​ត្រាំ​ក៏​កំពុង​ពិភាក្សា​គ្នា​ថា​តើ​ត្រូវ​បើក​ការ​វាយ​ប្រហារ​ជា​ថ្មី​ម្ដង​ទៀត​ ឬ​យ៉ាង​ណា​។​ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​នាវា​ទាំង​បី​គ្រឿង​នឹង​បន្ត​រក្សា​វត្ត​មាន​នៅ​ក្នុ​ងតំបន់​មជ្ឈិម​បូព៌ា​រហូត​ដល់​ពេល​ណា​ទេ​។

នាវា​ទី​បី​នេះ​ត្រូវ​ទៅ​ជំនួស​នាវា​២​គ្រឿង​ទៀត​ដែល​អាច​នឹង​​ចាក​ចេញ​នៅ​ពេល​ណា​មួយ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋា​ភិបាល​អា​មេ​រិក​​​អះ​អាង​ថា​នៅ​ក្នុង​ករណី​ចាំ​បាច់​ នាវា​ទាំង​បី​គ្រឿង​អាច​បន្ត​រក្សា​វត្ត​មាន​របស់​ខ្លួន​នៅ​ទី​នោះ​ដដែល​។​ លោក​ត្រាំ​ប្រាប់​​ក្រុមទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ថា​លោក​សុខ​ចិត្ត​រក្សា​ភាព​អត់​ធ្មត់​មិន​វាយ​ប្រហារ​អុីរ៉ង់​ជា​បន្ត​ទៀត​ទេ​ លើក​លែង​តែ​អុីរ៉ង់​ ​ឬ​ក្រុម​ឧទ្ទាម​ហ៊ូទី​វាយ​ប្រហារ​ទ្រព្យ​សម្បត្តិ​របស់​អា​មេ​រិក​។ រាជ​ទាយាទ​អារ៉ាប៊ី​សា​អូឌីត​ ព្រះ​អង្គ​ម្ចាស់​ប៊ីន​សាល​ម៉ាន់ និង​ប្រធានា​ធិបតី​តួក​គីនិយាយ​បញ្ចុះ​បញ្ចូល​លោក​ត្រាំ​ថា​កុំ​បង្ក​ភាព​តាន​តឹង​ផ្នែក​យោធា​។

នៅ​ក្នុង​​ព្រឹត្តិ​ការណ៍​មួយ​ទៀត​ អុីរ៉ង់​ព្រមាន​ថា​ខ្លួន​មិន​រង់​ចាំ​ឱ្យ​អាមេរិក​វាយ​ប្រហារ​មក​លើ​ខ្លួន​មុន​ទេ,​ ខ្លួន​អាច​នឹង​បើក​ការ​វាយ​​ប្រហារ​មុន ​ជា​លក្ខណៈ​ការ​ពារ​ខ្លួន​។ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អុីរ៉ង់​ លោក​កា​ហ្សឹម​ ការី​បាបា​ឌី (Kazem Gharibabadi) ចោទ​ប្រកាន់​ថា​វ៉ាស៊ីនតោន​ប្រើ​ប្រាស់​នយោ​បាយ​ការ​ទូត​គ្រាន់​តែ​ដើម្បី​ទិញ​ពេល​វេលា​តែ​ប៉ុណ្ណោះ។​​ ការពិត​នៅ​ពី​ក្រោយ​នោះ​គឺអាមេរិក​​​​ត្រៀម​បើក​ប្រតិ​បត្តិ​ការ​សឹក​ដើម្បី​វាយ​ប្រហារ​អុីរ៉ង់​​។

លោក​ថ្លែង​ថា​អុីរ៉ង់​កំពុង​ត្រៀម​ប្រឈម​នឹង​សេណារីយោ​ចំនួន​បី​​គឺ​ទី​១-​នយោបាយ​ការ​ទូត, ទី២-​ការ​បិទខ្ទប់​សេដ្ឋ​កិច្ច និង​ទី​៣-​ការ​វាយ​ប្រហារ​ដោយ​យោធា​។ អនុ​រដ្ឋ​មន្ត្រី​រូប​នេះ​សូម​ផ្ដាំ​ថា​អុីរ៉ង់​មិន​មែន​គុយបា​ទេ​។ ដូច្នេះ នយោ​បាយ​ហ៊ុម​ព័ទ្ធ​សេដ្ឋ​កិច្ច​មិន​អាច​ទៅ​រួច​ឡើយ​ ហើយ​អុីរ៉ង់​ក៏​មិន​មែន​វេណេ​ហ្ស៊ូ​អេឡា​ដែល​សុខ​ចិត្ត​ចុះ​ចាញ់​នោះ​ដែរ​។ លោក​អះ​អាង​ថា​រហូត​មក​ដល់​ពេល​នេះ អាមេរិក​បិទ​ខ្ទប់​ទាំង​ជើង​អាកាស​ និង​ជើង​គោក​ ប៉ុន្តែ​គ្មាន​ជោគ​ជ័យ​ទាល់​តែ​សោះ​​​។ លោក​ថា​ឆ្មាំ​បដិវត្ត​ឥស្លាម​​កំពុង​​​ផលិត​គ្រាប់​មីស៊ីល​ដែល​អាច​វាយ​ប្រហារ​បាន​កាន់​តែ​ឆ្ងាយ​៕ ប្រភព៖ Jerusalem Post និង​ Times of India