សោកនាដកម្ម! ឆេះផ្ទះ ៤ខ្នង ឆ.ក់យកជីវិត ៣នាក់ នៅជិតផ្សារតារាសំណាង ក្រុងព្រះសីហនុ
- ព្រះសីហនុ
ខេត្តព្រះសីហនុ៖ ករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង នៅវេលាម៉ោង ១០និង៥០នាទី យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចជិតផ្សារតារាសំណាង (ឃ្លាំងលើ) ស្ថិតក្នុងក្រុមទី៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមព័ត៌មានពីប្រភពសមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលរងការឆាបឆេះទាំង ៤ខ្នង មានសំណង់ផ្នែកខាងក្រោមធ្វើពីថ្ម ផ្នែកខាងលើធ្វើពីឈើ និងដំបូលប្រក់ស័ង្កសី ព្រមទាំងហ្វីប្រូស៊ីម៉ង់ត៍។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ចុះអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចចម្រុះពាក់ព័ន្ធក្នុងខេត្ត។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៨គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ២០រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍ និងពន្លត់អគ្គិភ័យបានទាំងស្រុង។ ប្រតិបត្តិការបានបញ្ចប់នៅវេលាម៉ោង ១២និង៦០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់ខាងលើនេះ បានបណ្តាលឱ្យមនុស្សចំនួន ៣នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះមានក្មេងប្រុសម្នាក់អាយុប្រហែល ១ខួប ក្មេងស្រីម្នាក់អាយុប្រហែល ៦ឆ្នាំ និងស្ត្រីម្នាក់ដែលត្រូវបានរាយការណ៍ថាជាម្តាយរបស់កុមារទាំងពីរ។
ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះ នៅមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ ខណៈសមត្ថកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ៕







ចែករំលែកព័តមាននេះ