ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ប្រធានាធិបតី​ប៊ុល​ហ្គា​រី អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ផ្លូវ​ថ្មើរជើង​ចតុមុខ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​ប្រទេស​កម្ពុជា​ជា​ពិសេស​រាជធានី​ភ្នំពេញ កំពុង​បង្ហាញ​ពី​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ និង​មាន​សុវត្ថិភាព​ពេញលេញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។

ជាក់ស្ដែង​លោក​ជំទាវ Iliana Malinova Iotova ប្រធានាធិបតី​ប៊ុល​ហ្គា​រី រួម​ជាមួយ​សហការី បាន​ចំណាយពេល​ដ៏​មាន​តម្លៃ អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ទូទៅ​នៅ​តាម​បណ្ដោយ​ផ្លូវ​ថ្មើរជើង​ចតុមុខ Chaktomuk Walk Street​នា​ពេល​រាត្រី​ដ៏​រស់​រវើក​មួយ​នេះ កាលពី​រាត្រី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៦​វិច្ឆិកា​ថា​វត្តមាន​របស់​លោក​ជំទាវ​ប្រធានាធិបតី​ប៊ុល​ហ្គា​រី បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ទាក់ទាញ និង​សុវត្ថិភាព​របស់​រាជធានី​ភ្នំពេញ ដែល​ជាទី​ក្រុង​មួយ​កំពុង​ទទួល​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ជិត ៩០ ប្រទេស មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ នៅ​កម្ពុជា​។

ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ និង​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍ និង​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក​។

លោកស្រី​អ្នកនាំពាក្យ​ន​បន្ត​ថា ​ការ​អញ្ជើញ​មក​ទស្សនា​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អន្តរជាតិ ក៏​ដូច​ជា​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​ដ៏​ធំ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​ពិតជា​មាន​សុវត្ថិភាព និង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ពី​គ្រប់​ទិស​ទី ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន​។ «​ស្នាមញញឹម​ខ្មែរ ស្នាមញញឹម​ហ្វ្រ​ង់​កូ​ហ្វូ​នី​»៕