ប្រទេសយេម៉ែន ៖ ពួកឧទ្ទាមហ៊ូធីយេម៉ែន ពេលនេះបានវាយលុកចូលដល់កៀកមាត់ទ្វារក្រុងអាដេន រដ្ឋធានីបណ្ដោះអាសន្ន របស់រដ្ឋាភិបាល ទទួលស្គាល់ដោយអន្តរជាតិហើយ ។ ពួកយុទ្ធជនស្និទ្ធិអ៉ីរ៉ង់នោះឥឡូវស្ថិតនៅចម្ងាយត្រឹមតែ៦០គីឡូម៉ែត្រទៀតប៉ុណ្ណោះពីរដ្ឋធានីអតីតយេម៉ែនខាងត្បូងនោះ ។ ពួកហ៊ូធីវាយលុកចូលដល់ខេត្តLAHL ភាគខាងត្បូងយេម៉ែន។ នេះជាការលើកឡើងកាលពីថ្ងៃទី១៥ វិច្ឆិកា របស់ប្រភពយោធា និងរដ្ឋាភិបាល ។

ប្រភពយោធា៤ក្នុងផ្ទៃកងទ័ពរដ្ឋាភិបាល និងប្រភពរដ្ឋាភិបាល២ រៀបរាប់ពីការវាយដណ្ដើមត្រួតត្រារបស់ពួកហ៊ូធី ស្រុកអាល់ម៉ាដារីបាហ៍ និងការរុលទៅមុខរបស់ពួកគេរយៈពេល៣ថ្ងៃចុងក្រោយនេះ សំដៅក្រុងអាដេន។ ពួកហ៊ូធីពេលនេះ ស្ថិតនៅក្នុងជំរំទ័ពអាខារ៉ាសខេត្តអាល់ម៉ាដារីបាហ៍ ចម្ងាយ៦០គីឡូម៉ែត្រពីកណ្ដាលក្រុងអាដេន ដែលកងទ័ពយេម៉ែនប្រកាស នាថ្ងៃទី១៥វិច្ឆិកាពីការដាក់ពង្រាយទ័ពជាថ្មីប្រឈមមុខនឹងការវាយរុលទៅមុខដ៏លឿននោះរបស់ពួកហ៊ូធី ។

មុននេះ កងទ័ពរដ្ឋាភិបាលយេម៉ែនប្រកាសពីការដាក់ពង្រាយកងទ័ពបន្ថែមទៀត នៅជុំវិញក្រុងអាដេនដែលកំពុងរងការគំរាមកំហែងដោយពួកហ៊ូធី ដោយដកកម្លាំងចេញពីជុំវិញច្រកសមុទ្រយុទ្ធសាស្ត្រBAB EL MANDEB ដើម្បីពង្រឹងវត្តមានរបស់ខ្លួនក្នុងបណ្ដាតំបន់ដែលកាលៈទេសៈបច្ចុប្បន្នតម្រូវ ។

ក្នុងសេចក្ដីប្រកាសមួយកងទ័ពយេម៉ែនបន្តថា សេចក្ដីសម្រេចចិត្តនេះ ជាការឆ្លើយតបចំពោះអាទិភាពនៃសេចក្ដីត្រូវការខាងសន្តិសុខសម្រាប់ក្រុងអាដេន រដ្ឋធានីបណ្ដោះអាសន្នក្រោយពីរដ្ឋាភិបាលដកថយ ចេញពីរដ្ឋធានីសាណាដែលពួកហ៊ូធីដណ្ដើមកាន់កាប់កាលពីឆ្នាំ២០១៤ និងដកចេញពីបណ្ដាខេត្តជិតខាងក្រុងនោះ ។

ការវាយប្រហារដោយមីស៊ីលរបស់ពួកហ៊ូធី ប្រឆាំងទីតាំងមួយរបស់កងទ័ពរដ្ឋាភិបាល បណ្ដាលឲ្យជនស៊ីវិលស្លាប់៨នាក់ និងរបួស១២នាក់ កាលពីថ្ងៃទី១៥ វិច្ឆិកា ។ បណ្ដាអ្នកទទួលខុសត្រូវយោធាយេម៉ែនគូសបញ្ជាក់ថា រដ្ឋាភិបាលចាប់ផ្ដើមដាក់បាវខ្សាច់និងជីកលេណដ្ឋាន តាមច្រកចូលនានានៃក្រុងអាដេនប្រឈមមុខការវាយរុលទៅមុខរបស់ពួកហ៊ូធី ៕
ចែករំលែកព័តមាននេះ