ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​ថៃ​ស្លា.ប់​១១​នា.ក់​ និង​រ.បួស​៣៦​​នាក់​ដោយ​សារ​អគ្គិ​ភ័យ​ឆាប​ឆេះ​ហាង​ជួល​ម៉ូតូ​នៅ​ខេត្ត​ភូកេត

1 នាទី មុន

ទី​ក្រុង​បាង​កក៖ ប្រទេស​ថៃ​ជួប​ប្រទះ​នឹង​សោក​នាដ​កម្ម​ភ្លើង​ឆេះ​ដ៏​សន្ធោ​សន្ធៅ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១១​នាក់​ និង​របួស​៣៦​នាក់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​​ហាង​ជួល​ម៉ូតូ​ និង​លក់​ឥវ៉ាន់​នៅ​​ខេត្ត​ភូកេត​កាល​ពី​ពេល​រំលង​អធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ អ្ន​ក​ស្លាប់​ភាគ​ច្រើន​ត្រូវ​គេ​ជឿ​ជាក់​ថា​ដោយ​សារ​ឈ្លក់​ផ្សែង​។ គេ​បាន​បញ្ជូន​អ្នក​របួស​ទាំង​៣៦​នាក់​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។ គេ​ទទួល​របាយកាណ៍​ថា​មាន​ភ្លើង​ឆេះ​នៅ​វេលា​ម៉ោង​៣:១៥ និង​៣:២០​​ទៀប​ភ្លឺ​នៅ​សង្កាត់​ជំនួញ​មួយ​កន្លែង​។

មិន​យូរ​ប៉ុន្មាន​ ភ្លើង​ក៏​ចាប់​ផ្ដើម​ឆាប​ឆេះ​យ៉ាង​ឆាប់​រហ័ស​ មុន​នឹង​ឆ្លង​ទៅ​អគារ​ជិត​ៗ​នោះ​​។ លទ្ធ​ផល​ស៊ើប​អង្កេត​បឋម​បង្ហាញ​ថា​ផ្ទះ​អាជីវ​កម្ម​៥​ល្វែង​បាន​រង​ការ​ខូច​ខាត​ ខណៈ​ដែល​ហាង​ជួល​ម៉ូតូ​ជា​ច្រើន​កន្លែង​នៅ​ក្បែរ​នោះ​ក៏​រង​ការ​ខូច​ខាត​ផង​ដែរ​។ ចៅ​ហ្វាយ​រង​ក្រុង​ផា​ថង​ (Patong) លោក​សាណា​ខន គីស៊ីន (Sanakorn Keesin) ថ្លែង​ថា​ម៉ូតូ​ជាង​មួយ​រយ​គ្រឿង​ចត​នៅ​ជាន់​ផ្ទាល់​ដី​នៃ​អគារ​ដែល​ឆេះ​​​។ ចំណែក​ជាន់​ខាង​លើ​​​ប្រើ​ជា​កន្លែង​ស្នាក់​នៅ​។ អ្វី​ដែល​ជួយ​ឱ្យ​អគ្គិភ័យ​នេះ​ឆាប​ឆេះ​យ៉ាង​ឆាប់​រហ័ស​ និង​កាន់​តែ​ខ្លាំង​ឡើង​ៗ​​គឺសាំង​, សម្បក​កង់​កៅស៊ូ និង​សារ​ធាតុ​ផ្លាស្ទិច​ដែល​នៅ​ជាប់​នឹង​ម៉ូតូ​ ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ផ្សែង​ខ្មៅ​ងងឹត​ក្រាស់​ឃ្មឹក​ហ៊ុម​ព័ទ្ធ​អគារ​ដែល​ឆេះ​។

នៅ​ពេល​ភ្លើង​បន្ត​ឆាប​ឆេះ​កាន់​តែ​ខ្លាំង​ អ្នក​រស់​នៅ​ក្នុង​អគារ​ជាន់​ខាង​លើ​​ក៏​ប្រញាប់​​ចុះ​មក​ជាន់​ផ្ទាល់​ដី​ជា​បន្ទាន់​​​។ ប៉ុន្តែ​ដោយសារ​ផ្សែង​ហ៊ុម​ព័ទ្ធ​យ៉ាង​ក្រាស់​ឃ្មឹក​ធ្វើ​ឱ្យ​ការ​ជម្លៀស​ខ្លួន​ពិបាក​បំផុត​។ យោង​តាម​លោក​សាណាខន ជន​រង​គ្រោះ​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ជាន់​ទី​បី​ ចំណែក​ដប់​នាក់​ទៀត​ដេក​ស្លាប់​នៅ​ជាន់​ទី​ប្រាំ​។​ ទី​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​​​ដើរចូល​ទៅ​ក្នុង​អគារ​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ដែល​ជាប់​ផុង​នៅ​ក្នុង​នោះ​ ហើយ​បាន​​ជម្លៀស​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ទៅ​រក​ទី​កន្លែង​សុវត្ថិ​ភាព​។

សាក្សី​ម្នាក់​ប្រាប់​ថាខ្លួន​កំពុង​និយាយ​ទូរ​ស័ព្ទ​នៅ​ក្នុង​អគារ​សុខ​ៗ​ស្រាប់​តែ​ឮ​សំឡេង​មនុស្ស​ស្រែក​ប្រាប់​ថា​មាន​ភ្លើង​ឆេះ​ហើយ​ៗ​។ ដោយ​សារ​មិន​ដឹង​ថា​ភ្លើង​ចាប់​ផ្ដើម​ឆេះ​ពី​កន្លែង​ណា ខ្លួន​ក៏​ប្រញាប់​ដើរ​ចុះ​យ៉ាង​លឿន​មក​ជាន់​ក្រោម​។ ពេល​នោះ ផ្សែង​ចាប់​ផ្ដើម​ហុយ​ទ្រលោម​ពាស​ពេញ​អគារ​បាត់​ទៅ​ហើយ​។​ ភ្នាក់​ងារ​អគ្គិ​ភ័យ​​​​ទទួល​ការ​ហៅ​ទូរ​ស័ព្ទ​ដើម្បី​ធ្វើ​អន្តរាគមន៍​បន្ទាន់​ ហើយ​ពួក​គេ​ក៏​ប្រញាប់​នាំ​កម្លាំង​ចុះ​ទៅ​កន្លែង​កើត​ហេតុ​។ រថ​យន្ត​គិលាន​សង្គ្រោះ​ជា​ច្រើន​គ្រឿង​ក៏​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ផង​ដែរ​។ ​លោ​ក​សាណា​ខន​ប្រាប់​ថា​ទោះ​បី​មាន​ភ្លៀង​ធ្លាក់​សស្រិច​យ៉ាង​ណា​ក្ដី ​ក្រុម​អ្នក​​ជួយ​សង្គ្រោះ​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ​ប្រហែល​៥​នាទី​ក្រោយ​​ពេល​ទទួល​ដំណឹង​​។

ការ​បាញ់​ទឹក​ពន្លត់​ភ្លើង​រាង​ពិបាក​បន្តិ​ច​ដោយ​សារ​នៅ​ក្នុង​អគារ​សម្បូរ​សារ​ធាតុ​ដែល​ងាយ​ឆេះ​ ហើយ​ម៉្យាង​ទៀត​មាន​ផ្សែង​ហុយ​ខ្លាំង​ពេក​។ ប្រហែល​មួយ​ម៉ោង​ក្រោយ​មក​ទើប​​​ពួក​គេ​អាច​ពន្លត់​ភ្លើង​នោះ​ជា​ស្ថាពរ​។ ទោះ​បី​ភ្លើង​រលត់​អស់​ហើយក្ដី​​ ប៉ុន្តែ​​នៅ​តែ​មាន​ការ​ឆ្លង​ចរន្ត​អគ្គិស​នី​ចេញ​ផ្កា​ភ្លើង​ព្រាក​ៗ​។ ហេតុ​នេះ ភ្នាក់​ងារ​អគ្គិ​ភ័យ​ត្រូវ​បន្ត​ស្ថិត​នៅទី​នោះ​​​ដើម្បី​ឃ្លាំ​មើល​ក្រែង​លោ​មាន​ភ្លើង​ឆេះ​ជា​បន្ត​ទៀត​។ ​គេ​សង្ស័យ​ថា​ទំនង​ជា​មាន​ផ្កា​ភ្លើង​ធ្លាក់​ត្រូវ​ចំ​ម៉ូតូ​ដែល​ចត​នៅ​ជាន់​ខាង​ក្រោម​ទើប​បាន​ជា​មាន​អគ្គិភ័យ​កើត​ឡើង​។ ប៉ុន្តែ​សមត្ថ​កិច្ច​ផ្នែក​ស៊ើប​អង្កេត​មិន​ទាន់​សន្និដ្ឋាន​ថា​អគ្គិ​ភ័យ​នេះ​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​ទេ​៕ ប្រភព៖ Reuters និង​ប្រភព​ដទៃ​ទៀត​​