ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្លាំង​ការពារ​ព្រំដែន​រឹបអូស​បាន​បារី​២៦​ប៊ិក​ក្នុង​ទឹកដី​ស្រុក​ម៉ា​ឡៃ ​ត្រៀម​ផ្លោះ​ឆ្លង​អូរ​ព្រំដែន​ចូល​ស្រុក​សៀម

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្តា​យ​មាន​ជ័យ ​៖ បារី​ចំនួន​២៦​ប៊ិកដែល​គេ​សង្ស័យ​ថា មាន​ប្រភព​ចេញពី​ស្រុក​សំពៅ​លូន  ខេត្តបាត់ដំបង  ត្រូវ​បាន​កម្លាំងយោធា​ និង​កម្លាំង​ការពារ​ព្រំដែន រឹបអូស​បាន​នៅ​ក្បែរ​អូរ​ព្រំដែន កាលពី​វេលា​ម៉ោង​៥ ​និង​៤០​នាទី​ល្ងាច​ថ្ងែ​ទី១៥  វិច្ឆិកា  ស្ថិត​ក្នុងភូមិ​ល្វា  ឃុំ​បឹង​បេង  ស្រុក​ម៉ា​ឡៃ ខេត្ត​បន្តា​យ​មាន​ជ័យ  តែ​របូត​ក្រុម​ដឹក​ជញ្ជូន​បារី​ ។

យោង​តាម​ប្រភព​ព័​ត៌​មាន​ពី​មន្ត្រី​ព្រំដែនបាន​ឲ្យ​ដឹង​ថា   បារី​ទាំងនោះ​ត្រូ​របា​ន​ពួក​ឈ្មួញ​ទុ​ច្ច​រិតដឹក​ជញ្ជូន​តាម​រថយន្ត​យ៉ាង​សម្ងាត់​យកទៅ​ទម្លាក់​ទុក​នៅ​ក្បែរ​អូរ​ព្រំដែន  ដើម្បី​ត្រៀម​នាំ​ឆ្លង​​ដែន​ចេញ​ទៅ​ប្រទេស​ថៃនៅ​ពេល​យប់  តែ​ត្រូវ​កម្លាំង​ការពារ​ព្រំដែន​ប្រទះ​ឃើញ​ក៏​រឹបអូស​​យក  តែ​ចាប់​មិន​បាន​ក្រុម​ជន​ទុច្ចរិត​ណា​ម្នាក់​ឡើយ​ ។

ស្រុក​ម៉ា​ឡៃ  ខេត្តបន្ទាយមានជ័យ  ជា​ស្រុក​មួយ​ជាប់​ព្រំដែននៃ​ប្រទេស​ថៃ  ដែល​មាន​អំណោយផល និងមាន​ភាព​ធូររលុង​បំផុត  សម្រាប់​ពួក​ជន​ទុច្ចរិត នាំ​ទំនិញ និងនាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់ចេញចូល​ប្រទេស​ថៃ​ ។  នេះ​បើ​តាម​ការ​កត់សម្គាល់​កន្លង​មក  ដែល​សកម្មភាព​រត់ពន្ធ​បទល្មើស​នេះ នៅ​តែ​កើត​មាន​ឡើង​ស្ទើរ​រាល់ថ្ងៃ​រហូត​មក​ទល់​នឹង​ពេល​នេះ​ ។

​បើ​តាម​ប្រភព​ពី​ក្រុម​អ្នក​តាមដាន​សកម្មភាព​ពួក​ឈ្មួញ​រត់ពន្ធ​ទំនិញ និងរត់ពន្ធ​មនុស្ស​ឆ្លង​ដែន​នេះបាន​ឲ្យ​ដឹង​ថា  ទំនិញ​បារី​ភាគច្រើន​ត្រូវ​គេ​សង្ស័យ​ថា ពួក​ឈ្មួញ​នាំ​ចេញពី​ឃ្លាំង​ស្ដុក​នៅ​ក្នុងស្រុក​សំពៅ​លូនទៅ​កាន់​ស្រុក​ម៉ា​ឡៃ  ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា រវាង​ស្រុក​ទាំង​​ពីរ​នេះ​ ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា   បច្ចុប្បន្ន ​មាន​ឈ្មួញ​សកម្ម​ដែល​តែង​នាំ​ទំនិញ​ឆ្លង​ដែន​ចេញចូល​ប្រទេស​ថៃ​ខុសច្បាប់​សម្ងំ​នៅ​ក្នុងស្រុក​សំពៅ​លូន មាន​ប្រុស មាន​ស្រី  ប្រហែល​៣-៤​នាក់ និងមាន​សមាស​សភាព​ជា​មន្ត្រី​ផង  និងស៊ី​វិល​ផង​ ។  ក្រុម​នេះ​ មាន​ឃ្លាំង​ស្ដុក​ទំនិញ​នេះ នៅ​ស្រុក​សំពៅ​លូន  ហើយ​បាន​នាំ​ចេញ​តាម​រថយន្ត ដោយ​លួចលាក់​នៅ​ពេល​យប់  ឬពេល​ថ្ងៃទៅ​កាន់​តាម​បណ្ដា​ស្រុក​នានា ដែល​ជាប់​ព្រំដែន​ខ្មែរ​-​ថៃនៅ​ពេល​មាន​ឱ​កាស​ល្អ​។

​ជាក់ស្ដែង ​នៅ​បារី​ចំនួន​២៦​ប៊ិក ដែល​កម្លាំង​ទាហាន​ និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន នៅ​ស្រុក​ម៉ា​ឡៃរឹបអូស​បាន​ខាងលើ​នេះ    ត្រូវ​គេ​សង្ស័យ​ថា មាន​ប្រភព​នាំ​ចេញពី​ស្រុក​សំពៅ​លូន ​។ ហើយ​ចំណុច​ដែល​បង្ក្រាប​បាន​នោះ មាន​ទីតាំង​ស្ថិត នៅ​ជាប់​ព្រំប្រទល់  ស្រុក​សំពៅ​លូន​តែ​ម្ដង​ ។ ​ពួក​ជន​ទុច្ចរិត បាន​ដឹក​ជញ្ជូន​យក​ទៅ​ស្ដូក​ទុក​ដោយ​លួចលាក់​នៅ​ក្បែរ​អូរ​ព្រំដែន  ដើម្បី​រង​ចាំ​ដល់​ពេល​យប់​មាន​ឪ​កាស  ពួក​គេ​បញ្ជូន​ឆ្លង​អូរ​ព្រំដែន ចេញ​ទៅ​ប្រទេស​ថៃ   ប៉ុន្តែ​ចៃដន្យ​ត្រូវ​បាន​កម្លាំង​ការពារ​ព្រំដែន បង្ក្រាប​បាន​ទាន់​ពេល​ ។

​មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ យោធភូមិ​ភាគ​ទី​៥  លោក សេង ធា​រិ​ន  បាន​បង្ហោះ​សារស្ដី​ពី​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទំនិញ​បារី​ចំនួន​២៦​ប៊ិកដែល​ពួក​ឈ្មួញ​បំរុង​នាំ​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​ខាងលើ​នេះ​ដូច្នេះ​ថា  ​«​កម្លាំង​វរ​សេនា​តូច​លេខ​៥១១ចំណុះ​កងពល​លេខ​៥១  សហការ​ជាមួយ​កម្លាំង​វរ​សេនា​តូច​លេខ​៨១៥  ចំណុះ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ជា​អ្នក​បង្ក្រាប​បាន​បារី ដែល​បំរុង​ឆ្លង​ដែន​ចំនួន​២៦​ប៊ិក នៅ​ស្រុក​ម៉ា​ឡៃ ខេត្ត​បន្តា​យ​មាន​ជ័យ» ​។​​

ប៉ុន្តែ​យ៉ាងណា សមត្ថកិច្ច​និង​កម្លាំង​ការពារ​ព្រំដែន  គួរតែ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន ពួក​ឈ្មួញ​ទុច្ចរិត ដែល​តែង​នាំ​ទំនិញ ឬមនុស្ស​ឆ្លង​ដែន​ចេញចូល​ប្រទេស​ថៃយ៉ាង​សកម្ម​នេះ​ឲ្យ​បាន​ខ្លះទៅ ចៀសវាង​កុំ​ឲ្យ​មហាជន​រិះគន់​ថា សមត្ថកិច្ច​ «​ខ្សោយ​» ៕​