សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងត្រូវចាប់ផ្តើមពីថ្ងៃទី១៦ សីហា ទៅ នូវសមយុទ្ធយោធារួមប្រចាំឆ្នាំដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាសមយុទ្ធធ្វើតាមទម្លាប់ ហើយផ្តោតលើកិច្ចការពារប៉ុណ្ណោះ។ ទាហានអាមេរិក និងទាហានកូរ៉េខាងត្បូងជាច្រើនសិបពាន់នាក់ត្រូវចូលរួមក្នុងសមយុទ្ធយោធារួមប្រចាំឆ្នាំមានឈ្មោះថា ULCHI FREEDOM GUARDIAN (UFG) មានរយៈពេល១០ថ្ងៃនោះ។
ឧត្តមសេនីយ៍JAMES THURMAND មេបញ្ជាការរបស់កងទ័ពចម្រុះអាមេរិក-កូរ៉េខាងត្បូងថ្លែងថា សមយុទ្ធ ULCHI FREEDOM GUARDIAN ត្រូវបានរៀបចំធ្វើដើម្បីពង្រីកប្រតិបត្តិការួមគ្នារបស់កងទ័ពនៃប្រទេសទាំង២ដោយពង្រឹងការរៀបចំប្រយុទ្ធរបស់សម្ព័ន្ធមិត្ត។ សមយុទ្ធ UFG ជាសមយុទ្ធដែលរៀបចំធ្វើរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៧៥មក។ សហរដ្ឋអាមេរិកមានទាហានប្រមាណជា២៨.០០០នាក់នៅកូរ៉េខាងត្បូងចាប់តាំងពីសង្គ្រាមកូរ៉េ១៩៥០-១៩៥៣មក។ កងទ័ពកូរ៉េខាងជើងបានស្នើដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងឱ្យលុបចោលសមយុទ្ធនេះ៕
ចែករំលែកព័តមាននេះ