ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ ពុំ​ដឹង​ថា​បែក​ថ្នាំ ឬ​វិកល​ច​រិ​តនោះ​ទេ ​ដើរ​ឡើង​លើ​ផ្ទះ​អ្នក​ភូមិ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​ពុំ​ដឹង​ថា ​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ដល់​កម្រិត​បែក​ថ្នាំ ឬ​ក៏​វិកល​ច​រិ​តនោះ​ទេ បាន​ដើរ និង​រត់​ឆ្លេឆ្លា​កាត់​ក្នុងភូមិ បន្ទាប់​មក​បាន​រត់ឡើង​ទៅ​លើ​ផ្ទះ​អ្នក​ភូមិ​ពី​ផ្ទះ​១​ ទៅ​ផ្ទះ​១​ទៀត ​ច្រើន​ខ្នង​ជា​បន្តបន្ទាប់ រួច​ទើប​ចាកចេញ​ទៅ​បាត់​ស្រមោល មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់​ឡើយ ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ​ បាន​និយាយ​ថា ពួក​គាត់​មិន​ធ្លាប់​បាន​ស្គាល់​យុវជន​នោះ​ពី​មុន​មក​ទេ ហើយ​តាម​ការ​ប៉ាន់ស្មាន​យុវជន​នេះ​ មាន​អាយុប្រមាណ​២០​ឆ្នាំ សក់​ខ្លី សម្បុរ​ស្រឯម ស្លៀកខោ​ព​ណ៍​ខ្មៅ​ជើងវែង ពាក់អាវ​យឺ​ព​ណ៍​ខ្មៅ​ដៃខ្លី ហើយ​អត់​ពាក់​ស្បែកជើង​នោះ​ទេ គឺ​ដើរ​ជើង​ទទេ។ ដោយឡែក​ នៅ​វេលា​ម៉ោង​ខាងលើ ស្រាប់តែ​ឃើញ​យុវជន​នោះ ​រត់​ផង​ដើរ​ផង​ចូល​ទៅ​ក្នុងភូមិ​ថ្មគោល​១ ​យ៉ាង​ត្រហេបត្រហប ហាក់ដូច​មាន​អ្នក​ដេញ​វាយ​ដេញចាប់ អ៊ីចឹង ដោយ​ពុំ​ដឹង​ថា ​មក​ពី​ទីកន្លែង​ណា​នោះ​ទេ ហើយ​នៅ​ក្នុង​ដៃ​កាន់​ដើម​រាសី​ ១​ដើម​ ផង​ដែរ ។

ប្រជាពលរដ្ឋ​ដដែល​បាន​និយាយ​បន្ត​ទៀត​ថា បន្ទាប់​មក​ស្រាប់តែ​រត់ឡើង​ទៅ​លើ​ផ្ទះ​អ្នក​ភូមិ​ពី​ផ្ទះ​១ ​ទៅ​ផ្ទះ​១​ទៀត ​ច្រើន​ខ្នង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពុំ​បាន​បង្ក​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ ឬ​អ្នក​ភូមិ​ណា​ម្នាក់​ឡើយ ហើយ​ក៏​ពុំ​បាន​លួច​ទ្រព្យសម្បត្តិ​អ្នក​ភូមិ​ខាងលើ​ដែរ។ ប៉ុន្តែ​ខណៈនោះ ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ប៉ុន្តែ​អ្នក​ភូមិ​មិន​បាន​ដេញចាប់​យុវជន​នោះ​ឡើយ ដោយ​គ្រាន់តែ​នាំ​គ្នា​តាម​មើល​ពី​សកម្មភាព​យុវជន​នោះ​ប៉ុណ្ណោះ ។ លុះ​មួយសន្ទុះ​ក្រោយមក ​យុវជន​នោះ​ក៏​បាន​ដើរ​ចេញពី​ក្នុងភូមិ​ថ្មគោល​១​នោះ​បាត់​ស្រមោល ដោយ​ពុំ​ដឹង​ថា ​ទៅ​ទីណា​ទៀត​នោះ​ទេ​ហើយ​ប្រជាពលរដ្ឋ​ក៏​ពុំ​បាន​ប្ដឹង​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​នោះ​ដែរ ៕