រាជធានីភ្នំពេញ ៖ គ្រូពេទ្យនៅបន្ទប់ពិគ្រោះពិនិត្យ និងព្យាបាលជំងឺ «វេជ្ជៈបណ្ឌិត ផេង សុវណ្ណារ័ត្ន» ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានព្យាបាលក្មេងស្រីម្នាក់ ប៉ុន្តែមិនបានធូរស្បើយនោះទេ។ នាងអាការៈកាន់តែធ្ងន់ទៅៗ ហើយគ្លីនិកខាងលើមិនព្រមបញ្ជូននាងចេញទៅកាន់មន្ទីរពេទ្យធំៗ ដែលមានជំនាញច្បាស់លាស់ និងមានឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដើម្បីសង្គ្រោះបន្ទាន់នោះទេ ផ្ទុយទៅវិញម្ចាស់គ្លីនិកមួយនេះ បានទទួលព្យាបាលកុមារីរូបនេះ រយៈពេល៦ថ្ងៃ រហូតកែលែងបាន ទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែមិនអាចសង្គ្រោះបានឡើយ ទីបំផុតនាងក៏បានទទួលមរណភាពចោលឪពុកម្ដាយបាត់ទៅ ។
កុមារីខាងលើឈ្មោះ សុភ័ក្ត ពេជ្រចរណៃ អាយុ៦ឆ្នាំ មានទីលំនៅក្នុងបុរី រិទ្ធីស័ក្ដិ ស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នាងបានទទួលមរណភាពកាលពីវេលាម៉ោង១៥រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយគ្លីនិក «ផេង សុវណ្ណារ័ត្ន» បញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា បានតែ១ថ្ងៃប៉ុណ្ណោះ ។
បើតាមស្ត្រីឈ្មោះ អាត លីដា ម្ដាយក្មេងស្រីរូបនោះបានបំភ្លឺប្រាប់នគរបាលដូច្នេះថា កាលពីវេលាម៉ោង១៩ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កូនស្រីនាងមានអាការៈក្ដៅខ្លួន ហើយនាងបានយកកូនស្រីទៅកាន់បន្ទប់ពិគ្រោះ ពិនិត្យ ព្យាបាលំជំងឺវេជ្ជបណ្ឌិត «ផេង សុវណ្ណារ័ត្ន» ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលនោះគ្រូពេទ្យបានផ្សំថ្នាំឲ្យលេបនៅផ្ទះរយៈពេល៣ថ្ងៃ ដោយក្នុង១ថ្ងៃលេប៣ដង លុះលេប១ថ្ងៃអត់ត្រជាក់ខ្លួន នៅវេលាម៉ោង១និង៤៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែវិច្ឆិ នាងក៏បានទូរស័ព្ទទៅសួរនាំវេជ្ជបណ្ឌិតនោះ ប៉ុន្តែបានជួបប្រពន្ធគាត់ ហើយប្រាប់នាងថា ឲ្យកូនស្រីលេបថ្នាំម្ដងទៀតទៅ ។
ស្ត្រីជាម្ដាយបាននិយាយបន្តទៀតថា ខណៈនោះនាងក៏បានឲ្យកូនស្រីលេបថ្នាំតាមការប្រាប់របស់ប្រពន្ធពេទ្យនោះ ប៉ុន្តែនៅតែមិនចុះកម្ដៅសោះ ទើបនាងខលទៅប្រាប់គ្រូពេទ្យនោះម្ដងទៀត ហើយប្រពន្ធគាត់ជាអ្នកលើកទូរស័ព្ទដដែល និងបានប្រាប់នាងថាឲ្យកូនស្រីលេបថ្នាំប៉ារ៉ាសិនទៅ បើមិនបាត់ក្ដៅយកកូនមកជួសឈាមមើល ។ លុះដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកាដដែល នាងក៏បានយកកូនស្រីទៅជួសឈាមនៅបន្ទប់ពិគ្រោះ ពិនិត្យនិងព្យាបាលំជំងឺវេជ្ជបណ្ឌិត «ផេង សុវណ្ណារ័ត្ន»នោះ ។ លទ្ធផលចេញមកគឺកូនស្រីនាងមានជំងឺគ្រុនឈាម រលាកថ្លើម និងមានជាតិពុលក្នុងថ្លើម បន្ទាប់មកគ្រូពេទ្យខាងលើ បានឲ្យសម្រាកព្យាបាលនៅក្នុងគ្លីនិកនោះ ។
ស្ត្រីជាម្ដាយខាងលើបាននិយាយប្រាប់នគរបាលទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃជំងឺកូនស្រីមិនបានធូរស្បើយនោះទេ ផ្ទុយទៅវិញអាការៈកាន់តែធ្ងន់ទៅៗ ប៉ុន្តែគ្រូពេទ្យខាងលើមិនបានបញ្ជូនកូនស្រីនាងបន្តទៅកាន់មន្ទីរពេទ្យធំៗ ដើម្បីសង្គ្រោះនោះទេ ដោយទុកនៅក្នុងគ្លីនិករបស់ខ្លួនដដែល ។ រហូតដល់វេលាម៉ោង២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ គ្រូពេទ្យដដែលបានប្រាប់នាងថា អាចចាក់ថ្នាំបំបាត់ការឈឺពោះសិនទៅ ចាំព្រឹកឡើងសឹមយកទៅមន្ទីរពេទ្យគន្ធបុប្ផា។ ប៉ុន្តែនាងនិងប្ដីបានសួរត្រលប់ទៅគ្រូពេទ្យនោះវិញថា តើអាចយកកូនខ្ញុំមន្ទីរពេទ្យរដ្ឋនៅវេលាយប់នេះបានអត់ ? ទើបគ្រូពេទ្យនោះឆ្លើយថាយកទៅបាន ។
នាងអាត លីដា បានបំភ្លឺប្រាប់នគរបានបន្ថែមថា បន្ទាប់មកនាងនិងប្ដីបានយករថយន្តដឹកកូនស្រីទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ចំណែកគ្រូពេទ្យនោះបានជិះរថយន្តផ្ទាល់ខ្លួនទៅដែរ ហើយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃដដែលនោះ ។ ប៉ុន្តែដោយសារតែជំងឺធ្ងន់ធ្ងរខ្លាំងណាស់ទៅហើយ ទើបគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា មិនអាចជួយសង្គ្រោះកូនស្រីនាងបានឡើយ ហើយនៅវេលាម៉ោង១៥រសៀលថ្ងៃទី១៣ ខែវិច្ឆិកា កូនស្រីនាងក៏បានទទួលមរណៈភាពបាត់ទៅ ។ បន្ទាប់មកនាងនិងប្ដីបានបញ្ជូនសពកូនស្រីត្រលប់មកផ្ទះវិញ ទាំងសោកសៅ និងបានដល់ផ្ទះវិញនាវេលាម៉ោង១៧និង៤០នាទីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ។ ក្រោយមករាយការណ៍ជូនអាជ្ញាធរនិងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង និងកម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យតែម្ដង ៕







ចែករំលែកព័តមាននេះ