ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី ​ជា​រចនាសម្ព័ន្ធ​ដ៏​សំខាន់​មួយ​ដែល​មាន​តួនាទី​រៀបចំ​ការងារ និង​ធានា​អនុវត្ត​សេចក្តីសម្រេច​របស់​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​នៅ​កម្ពុជា

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​ សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រីហ្វ្រ​ង់កូ​ហ្វូ​នី​គឺជា​រចនាសម្ព័ន្ធ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​រចនាសម្ព័ន្ធ​របស់​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​មាន​តួនាទី​រៀបចំ​ការងារ និង​ធានា​អនុវត្ត​សេចក្តីសម្រេចរបស់​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី ​។

ការ​បញ្ជាក់​របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រោយ​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៤៨​នៃ​សន្និសីទ រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​សណ្ឋាគារ​សុខា​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា សន្និសីទ​នេះ​ មាន​ភារកិច្ច​ត្រួតពិនិត្យ និង​រៀបចំ​សំណើ​សំខាន់​ៗ​សម្រាប់​ជូន​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ពិចារណា ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​សន្និសីទ​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី​នេះ​នឹង​ត្រូវ​យក​ទៅ​ដាក់​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​២០ ដែល​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃស្អែក និង​ថ្ងៃ​ខានស្អែក​ ។

ឯក​ឧ​ត្ក​ម​លើក​ឡើង​ថា របៀបវារៈ​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​នេះ​គឺ

ទី​១-​ការ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​កម្ម​វិធី​ការងារ​របស់​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ដែល​រដ្ឋមន្ត្រី​នឹង​ពិភាក្សា​អំពី​លទ្ធផល នៃ​កិច្ច​សហ​ប្រតិបត្តិ ការ​នៅ​ក្នុង​វិស័យ​ភាសា ការ​អប់រំ វប្បធម៌ អភិបាលកិច្ច និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។

​ទី​២-គឺ​ការ​រៀបចំ​ឯកសារ និង​សេចក្តីសម្រេច​សម្រាប់​កិច្ចប្រជុំ​កំពូល ជា​ពិសេស​ គឺ​ការ​ពិភាក្សា​​ទៅ​លើ​ទិស​ដៅ និង​កិច្ចការ​ប្តេជ្ញា​ចិត្ត​រួម​ដែល​នឹង​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​​ទីក្រុង​ភ្នំពេញ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា ក្រសួងការបរទេស​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​​ហើយ​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ខាង​មុខ​នេះ គឺ​នឹង​ត្រូវ​អនុម័ត​នូវ​ឯកសារ​ចំនួន​៣ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត និង​អាទិភាព​រួម​របស់​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី ​។

ទី​១-​គឺ​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ដែល​លើក​ពី​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​នៅ​ក្នុង​ការ​លើកកម្ពស់​គោលការណ៍​របស់​ហ្វ្រ​ង់​កូ​ហ្វូ​នី​ស្តី​ពី​សន្តិ​សហ​វិជ្ជមាន និង​កិច្ចសហការ ផ្នែក​សង្គម វប្បធម៌ សេដ្ឋកិច្ច ព្រមទាំង​ការ​អភិវឌ្ឍ​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​ ។

ទី​២-គឺ​សេចក្តីសម្រេច​ស្តី​ពី​ស្ថានភាព វិបត្តិ​ការ​ស្តារ​ឡើង​វិញ​ក្រោយ​វិបត្តិ និង​ការ​កសាង​សន្តិភាព​នៅ​ក្នុង​តំបន់​ហ្វ្រ​ង់​កូ​ហ្វូ​នី​ ។

និង​ទី​៣-គឺ​សេចក្តី​អំពាវនាវ​ទីក្រុង​ភ្នំពេញ ស្តី​ពី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ការ​លើកកម្ពស់​​ភាព​ចម្រុះ​នៃ​ប្ប​ធម៌ ​។

ឯកឧត្តម​បាន​បើក​កិច្ចប្រជុំ​នឹង​ពិភាក្សា​៖ ការ​ពិនិត្យ​សំណើ សុំ​ចូល​ជា​សមាជិក និង​ការ​ផ្លាស់​ប្តូរ​ឋានៈសមាជិក សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី នឹង​ផ្តល់​អនុសាសន៍​សម្រាប់​ការ​សម្រេចចិត្ត​របស់​កិច្ចប្រជុំ​កំពូល ​។ ការ​ពង្រឹង​ប្រសិទ្ធភាព និង​តួនាទី​របស់ អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី OIF ហើយ​ក្នុង​បរិបទ​ដែល​ប្រព័ន្ធ​ពហុភាគី​និយម កំពុង​ប្រឈម​នឹង​ការ​ផ្លាស់​ប្តូរ​សន្និ​សីទ​នេះ ​គឺជា​ឱកាស​សម្រាប់​ពិភាក្សា អំពី​ការ​ធ្វើ​អង្គការ​ធ្វើ​ឱ្យ​អង្គការ អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​នេះ​គឺ​មាន​ប្រសិទ្ធភាព និង​ឆ្លើយ​តប​កាន់តែ​ប្រសើរ​ទៅ​នឹង​តម្រូវការ​របស់​រដ្ឋ​សមាជិក​ ។ និង​ការ​រៀបចំ​របៀបវារៈ និង​ដំណើរ​កិច្ចប្រជុំ​កំពូល​លើក​ទី​២០ ហើយ​នេះ​មាន​ទាំង​ការ​រៀបចំ​កិច្ច​ពិភាក្សា​របស់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល និង​ការ​សម្របសម្រួល ដំណើរការ​សម្រេចចិត្ត​នានា​។

ដូច្នេះ​ សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នេះ​មិន​ត្រឹមតែ​ជា​កិច្ចប្រជុំ​ត្រៀមលក្ខណៈ​បច្ចេកទេស​នោះ​ទេ ប៉ុន្តែ​​ជា​រយៈកាល​ដ៏​សំខាន់​នៃ​ដំណើរការ​សម្រេចចិត្ត​របស់​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​។ ប្រសិនបើ​កិច្ចប្រជុំ​កំពូល​ជា​វេទិកា​សម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​នោះ​គឺ​សន្និសីទ​រដ្ឋមន្ត្រី​នេះ​ គឺជា​រដ្ឋការ​ដ៏​សំខាន់​សម្រាប់​រៀបចំ​ខ្លឹមសារ បង្កើត​ការ​ឯកភាព និង​ត្រួស​ស្ត្រា​យ​ផ្លូវ​ឆ្ពោះទៅ​រក​លទ្ធផល​ជាក់
ស្តែង ​៕