ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​៖ ក្រសួង​ការងារ​ដាក់​ស្តង់​ផ្សព្វផ្សាយ​ឱកាស​​រៀន​ជំនាញ ឱកាស​ការងារ និង​អត្ថប្រយោជន៍ ប​.​ស​.​ស​ ដល់​ជនរួមជាតិ និង​ភ្ញៀវ​អន្តរជាតិ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រៀប​ចំ​​ស្តង់​នៅ​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ក្នុង​សួន​វត្ត​បុ​ទុម​វ​តី ដើម្បី​ឱ្យ​សាធារណជន​អាច​ស្វែង​យល់​ពី​ការ​សិក្សា​​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ឱកាស​ការងារ និង​អត្ថប្រយោជន៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.
​ស​)​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ​ថា ក្រៅពី​ការ​ចូលរួម​អបអរសាទរ​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​នៅ​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី បងប្អូន​ដែល​ចង់​រៀន​ជំនាញ ចង់រក​ការងារ ឬ​ចង់​ដឹង​ពី​អត្ថប្រយោជន៍ ប​.​ស​.​ស​ កាន់តែ​ច្បាស់ អាច​មក​សាកសួរ​ព័ត៌មាន​នៅ​ស្តង់​តែ​មួយ​នេះ​បាន​ ។ ពោល​គឺ​បាន​ទាំង​ចូលរួម​អប​អរសាទរ​មហា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ផង ហើយ​ក៏​បាន​ព័ត៌មាន​ពី​ក្រសួង​ផង​ដែរ និង​ព័ត៌មាន​ផ្សេង​ទៀត​ជា​ច្រើន​នៅ​ក្នុងភូមិ​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​បន្ថែម​ថា​ «​ក្រសួង​អបអរសាទរ​មហា​ព្រឹត្តិការណ៍​នៃ​កិច្ចប្រជុំ​លើក​ទី​២០​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ។ ក្នុង​ឱកាស​នោះ ក្រសួង​ក៏​បាន​ដាក់​តាំង​បង្ហាញ​នៃ​វិស័យ​របស់​ខ្លួន ដែល​ជា​ការ​ចូលរួម​បង្ហាញ​ពី​ភាព​រស់​​រវើក និង​ស្វាហាប់​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ឱ្យ​ជនរួមជាតិ និង​ភ្ញៀវ​អន្តរជាតិ​បាន​ទស្សនា និង​ស្វែង​យល់​ ។ ដូចនេះ ឱកាស​កម្រ​នឹង​មានបាន​មក​ដល់​​ហើយ​។ សូម​ពលរដ្ឋ កម្មករនិយោជិត យុវជន និង​ជនរួមជាតិ សូម​ចូលរួម​ទស្សនា និង​ចាប់​យក​ឱកាស​ពី​កិច្ចប្រជុំ​ដែល​មាន​ទាំង​ភាព​រីករាយ​ប្រកបដោយ​មោទនភាព និង​ឱកាស​​អភិវឌ្ឍ​ខ្លួន និង​គ្រួសារ»​។

ការ​ចូលរួម​បង្ហាញ​របស់​ក្រសួង​ការងារ​ ក៏​ជា​សក្ខីកម្ម​បន្ថែម​យ៉ាង​ច្បាស់​ពី​ភាពរឹងមាំ​នៃ​ជំនាញ​​របស់​យុវជន​ឱកាស​ការងារ និង​អត្ថប្រយោជន៍​គាំពារ​សង្គម ដែល​ជា​ចំណុច​គន្លឹះ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ពី​អ្នក​ធុរកិច្ច និង​ថ្នាក់ដឹកនាំ​នៃ​កិច្ចប្រជុំ​កំពូល​ឱ្យ​បាន​យល់​ពី​ស្ថានភាព​ជាក់ស្តែង និង​វឌ្ឍនភាព​នៃ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​កំពុង​សកម្ម និង​រស់​រវើក ​។ នេះ​បើ​តាម​លោក​ស៊ុន មេ​សា​ ដដែល​។

លើស​ពី​នេះ អ្នកនាំពាក្យ​រូប​នេះ​ ក៏​បាន​អំពាវនាវ​ឱ្យ​បងប្អូន​កម្មករនិយោជិត ប្រជាពលរដ្ឋ យុវជន និង​អតីត​ពលករ ដែល​បាន​ចូលរួម​ទស្សនា​ទស្សនីយភាព​ក្នុងភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី កុំ​ភ្លេច​មក​ទស្សនា​ស្តង់​របស់​ក្រសួង​ការងារ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​លើ​ការ​បណ្តុះបណ្តាល​ជំនាញ ឱកាស​ការងារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ អត្ថប្រយោជន៍​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​មានឱកាស​ភ្លក់​កាហ្វេ​ស្នាដៃ​និស្សិត​ធី​វេ​ត​ផង​ដែរ ​៕